ខ្សែបម្រើ Victor Moses បានរកគ្រាប់បាល់ឈ្នះនៅពេលជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Chelsea បានយកឈ្នះលើក្រុម Burnleyក្នុងលទ្ធផល 2-1 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League 2លើកជាប់ៗគ្នាជាលើកទី1 នៅឆ្នាំនេះ ដើម្បីរក្សាក្តីសង្ឃឹមនៃការប្រជែងយកកៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
អតីតក្រុមម្ចាស់ជើងឯករបស់លោក Antonio Conte បានកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុមឈរលេខ4 Tottenham មកនៅត្រឹម 5ពិន្ទុ ខណៈដែលនៅសល់ការប្រកួត 4លើកទៀតនៅរដូវកាលនេះ។ គ្រាប់បាល់របស់ Moses បានជួយឱ្យក្រុម Chelsea កត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីក 2លើកជាប់ៗគ្នាជាលើកទី1 ចាប់តាំងពីចុងខែធ្នូ និងបានធ្វើឱ្យពួកគេមានការជឿជាក់ដ៏ធំមួយ នៅមុនពេលការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Southampton នៅថ្ងៃអាទិត្យនេះ។ Chelsea បានរកគ្រាប់បាល់នាំមុខមុនតាមរយៈការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Kevin Long មុននឹងកីឡាករ Ashley Barnes រកគ្រាប់បាល់តាមស្មើបានវិញ ខណៈដែលលោក Conte បាននិយាយទាំងខឹងសម្បាថា Moses បានរងនូវការប្រព្រឹត្តកំហុសថែមពីលើក្នុងពេលរកគ្រាប់បាល់នោះ។
ខ្សែប្រយុទ្ធ Alvaro Morata បានខ្ជះខ្ជាយឱកាសដ៏ល្អមួយក្នុងការរកគ្រាប់បាល់បញ្ចូលទី ហើយខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បានៅពេលដែលរូបគេត្រូវបានដកចេញបន្ទាប់ពីនោះ។ លោក Conte បានផ្លាស់ប្តូរកីឡាករដល់ទៅ 7នាក់ ដើម្បីទុកជើងល្អៗសម្រាប់ប្រកួតជាមួយក្រុម Southampton ហើយ Eden Hazard, Andreas Christensen, Cesc Fabregas និង Willian សុទ្ធសឹងស្ថិតជាកីឡាករបម្រុង៕
ប្រភពពី៖ Mirror