អាមេរិក៖ ថ្មីៗនេះ មានលេចឮនូវព័ត៌មានចចាមអារ៉ាមថ្មីមួយទាក់ទងនឹងទូរស័ព្ទដៃ iPhone របស់ក្រុមហ៊ុន Apple ដែលវាជាព័ត៌មានថ្មី និងរសើបបំផុតនៅក្នុងពិភពស្មាតហ្វូន។ យោងតាមអ្នកវិភាគដ៏ល្បី និងជំនាញទាក់ទងនឹង Apple លោក Ming-Chi Kuo បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញ iPhone ដែលអាចប្រើស៊ីមកាត 2 នៅក្នុងពេលឆាប់ៗខាងមុខនេះ។
គេហទំព័រ GSM Arena បានចុះផ្សាយដោយដកស្រង់សំដីលោក Ming-Chi Kuo ថា «យ៉ាងយូរបំផុតនៅចុងឆ្នាំ 2018 នេះ iPhone ប្រើស៊ីមកាត 2 នឹងបង្ហាញខ្លួន»។ ប្រភពដដែលបានបញ្ជាក់បន្តទៀតថា ក្រុមហ៊ុន Apple បានសម្រេចចិត្តបង្កើត iPhone ប្រើស៊ីមកាត2 នេះ ដោយសារតែមានការជំរុញពីក្រុមអ្នកវិនិយោគ។
បើទោះបីជាគេមិនទាន់ដឹងច្បាស់ថា iPhone ប្រើស៊ីមកាត 2 នោះមានឈ្មោះអ្វីក៏ដោយ ប៉ុន្តែបើតាមការបញ្ជាក់របស់អ្នកវិភាគខាងលើ បានឱ្យដឹងថា វាមានអេក្រង់ទំហំ 6.1អ៊ីង និងមានតម្លៃចន្លោះពី 650 ទៅ 750ដុល្លារអាមេរិក ដោយក្នុងនោះមានពីរជម្រើសសម្រាប់អតិថិជន គឺអាចជ្រើសរើសយកស៊ីមកាត 1 ក៏បាន និងស៊ីមកាត 2 ក៏បាន តែតម្លៃខុសគ្នា។
ក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា iPhone ប្រើស៊ីមកាត 2 នេះ នឹងជួយជំរុញទីផ្សារ iPhone ឱ្យកាន់តែខ្លាំងថែមទៀត បើទោះបីជាទូរស័ព្ទស៊ីមកាត 2 មិនពេញនិយមនៅសហរដ្ឋអាមេរិកក្ដី ប៉ុន្តែសម្រាប់នៅតំបន់អាមេរិកឡាទិន អឺរ៉ុប និងអាស៊ីគឺពេញនិយមខ្លាំងបំផុត ហើយបើតាមការវិភាគ Apple អាចនឹងចេញលក់ iPhone ប្រើស៊ីមកាត 2 នៅតំបន់ដែលមានការពេញនិយមប៉ុណ្ណោះ៕