ថ្លែងក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce Week)» ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ជាចលករជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោក ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអាចបង្ខិតឱ្យកាន់តែជិត និងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។
លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយនឹងជំរុញឱ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។ បើទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ លិខិតបទដ្ឋានគតិយុត្ត ដែលទាំងអស់នេះត្រូវតែដោះស្រាយឱ្យបានរួចរាល់មុននឹងអាចទាញយកផលប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យានេះបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍន៍នៃផ្លាតហ្វ៉មឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងឯកឧត្តម Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមមតិផងដែរ ដោយបានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាតហ្វ៉មឌីជីថល គឺបានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិបរមា។
សម្រាប់ផ្លាតហ្វ៉មឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិក ជាកម្លាំងចលករមួយដើម្បីជំរុញឱ្យមានការគិតគូរឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឱ្យបានច្បាស់លាស់អំពីផ្លាតហ្វ៉មឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាតហ្វ៉មឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាតហ្វ៉មឌីជីថលក្នុងស្រុកស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារពិភពលោក៕