ក្រុម Manchester United បានផ្តល់ការឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅកាន់ការរិះគន់របស់លោក Jose Mourinho ខណៈដែលពួកគេបានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញតាមរយៈការផ្តួលក្រុម Bournemouth ក្នុងលទ្ធផល 2-០ កាលពីថ្ងៃពុធ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែការពារ Chris Smalling និងខ្សែប្រយុទ្ធ Romelu Lukakuបានជួយឱ្យ Man Utd រកបាន 3ពិន្ទុពេញនៅកីឡដ្ឋាន Dean Court ក្រោយពីលោក Mourinhoបានធ្វើការផ្លាស់ប្តូរកីឡាករ 7នាក់បន្ទាប់ពីក្រុមរបស់លោកបានរងបរាជ័យយ៉ាងមិននឹកស្មានដល់ក្រោមស្នាដៃក្រុមបាតតារាងWest Bromwich Albion កាលពីថ្ងៃអាទិត្យ។ លទ្ធផលចាញ់នេះបានផ្តល់ពានក្របខ័ណ្ឌ Premier League ទៅឱ្យក្រុម Manchester City ដែលបណ្ដាលឱ្យលោក Mourinho ចោទប្រកាន់កីឡាកររបស់លោកថា មានមោទនភាពលើខ្លួនឯងខ្លាំងជ្រុលពេក។
ក្នុងកិច្ចខិតខំព្យាយាមក្នុងការតឿនរំឭកដល់តារាឆ្នើមៗដែលធ្លាក់ចុះទម្រង់លេងរបស់ខ្លួនអ្នកចាត់ការទូទៅរបស់ Man United រូបនេះបានសម្រេចធ្វើការផ្លាស់ប្តូរក្នុងក្រុមនៅពេលប្រកួតជាមួយនឹងBournemouth ខណៈដែល Lukaku, Alexis Sanchez និងJuan Mata សុទ្ធសឹងស្ថិតក្នុងតារាឆ្នើមៗដែលអវត្តមានក្នុងជម្រើសទាំង 11នាក់ដំបូងនៅមុនពេលការប្រកួតពានFA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham នៅថ្ងៃសៅរ៍នេះ។ នៅមុនពេលការប្រកួត លោក Mourinho បាននិយាយថា៖ «តើការជ្រើសរើសក្រុមផ្អែកទៅលើការប្រកួតកាលពីចុងសប្តាហ៍មុននេះ ឬនៅមុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ? វាផ្អែកទៅលើចំណុចទាំង2 បន្តិចបន្តួច»៕
ប្រភពពី៖ Channel News Asia