ប៉ុន្មានម៉ោងមុននេះបន្ដិច តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញឱ្យឃើញថា ស្ថានភាពជំងឺរបស់ឪពុកលោកហាក់ដូចជាកាន់តែធ្ងន់ធ្ងរខ្លាំងហើយ រហូតដល់រូបលោកត្រូវប្រកាសដាក់លក់ផ្ទះវីឡាប្រណីតមួយ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺឪពុករបស់លោកនៅប្រទេសក្រៅជាបន្ដទៀត។
លោក ករុណា ពេជ្រ បានរៀបរាប់ថា «កូនមកដល់ផ្ទះវិញហើយប៉ា…ផ្ទះធំពេក ហើយប៉ាឈឺទៀត…កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…។ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង…ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 ) ផ្លូវA…ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយនៅមុខផ្ទះ….ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើបAEON II។ ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m»។ លោកបានបញ្ជាក់ដែរថា ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងមកកាន់ Inbox ហ្វេសប៊ុករបស់លោកផ្ទាល់តែម្ដង។
គួរំឭកផងដែរថា កន្លងមកស្ថានភាពជំងឺរបស់ឪពុកលោកបានធូរស្បើយ និងបានដឹងខ្លួនមកវិញម្ដងហើយ អាចនិយាយបាន កម្រើកខ្លួនបានខ្លះហើយ ទើបបានជាតារាប្រុសរូបនេះនាំលោកឪពុកមកធ្វើលំហាត់ប្រាណនៅមុខផ្ទះជារៀងរាល់ព្រឹក តែមកដល់ពេលនេះវិញ ស្ថានភាពជំងឺហាក់ដូចជាមិនទាន់ធូរស្បើយនៅឡើយទេ ទើបធ្វើឱ្យតារាប្រុសរូបនេះ សម្រេចចិត្តនាំឪពុកទៅបន្ដព្យាបាលនៅឯបរទេសតែម្ដង៕