នៅថ្ងៃម្សិលមិញនេះ អ្នកនាង ទឹម រដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយសារខ្លះៗ ដែលបានប្រាប់ពីមូលហេតុពិតឱ្យមហាជនបានជ្រាបពីការដែលនាងមិនមានវត្តមានក្នុងការបង្ហាញជូននូវការសម្ដែងឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរបានទស្សនា បានជួប និងបានឃើញរូបនាងដោយផ្ទាល់នាឱកាសមហាសង្ក្រាន្ដឆ្នាំថ្មីនៅលើទឹកដីទីក្រុងអង្គរ ខេត្ត សៀមរាបនាពេលកន្លងមកនោះ។
បើទោះបីជាមានឱកាសមាស ឱកាសប្រាក់នៅក្នុងថ្ងៃប្រារព្ធពិធីអង្គរសង្ក្រាន្ដយ៉ាងណាក្ដី អ្នកនាងទឹម រដ្ឋា បានអះអាងប្រាប់ថា «ជារៀងរាល់ពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល 3ថ្ងៃ មានគេសួរខ្ញុំច្រើនណាស់នូវពាក្យដដែលៗថា ហេតុអឺអត់ឃើញខ្ញុំទៅចូលរួមមហាសង្រ្កាន្ត សម្ដែងរាំច្រៀងនៅខេត្តសៀមរាបនឹងគេអ៊ីចឹង? ខ្ញុំបានប្រាប់ទៅគេវិញថា អត់បានចូលរូមទេ ព្រោះខ្ញុំចង់ចំណាយពេលវេលា 3ថ្ងៃដ៏សែនពិសេសមួយនេះនៅជាមួយនឹងគ្រួសារដ៏សែនកក់ក្ដៅរបស់ខ្ញុំ ដូចជាបងប្អូនទាំងអស់គ្នាខ្លះក៏អ៊ីចឹងដែរ»។
ជាការពិតណាស់ តាមការបង្ហោះរូបភាពជាហូរហែមកត្រូវបានគេដឹងថា ក្នុងរយៈពេល 3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ តារាសម្តែងទឹម រដ្ឋា បាននាំអ្នកម្តាយ និងក្រុមគ្រួសារទៅដើរលេងសង្ក្រាន្តដល់ទៅ 2ខេត្តយ៉ាងសប្បាយរីករាយ គឺសង្រ្កាន្តព្រៃវែង និងបាត់ដំបង។ អ្នកនាងបន្ដថា «ព្រោះពេលវេលាធម្មតាយើងរវល់ធ្វើការរកស៊ីរៀងៗខ្លួន ហើយក៏មិនមានពេលបានផ្ដល់ឱ្យគ្នាជាញឹកញាប់ទេ អ៊ីចឹងឱកាសនេះជាឱកាសដ៏ល្អដែលយើងបានជូបជុំគ្នាដែលមិនអាចខ្វះបាន ហើយខ្ញុំក៏សុំទោសដល់បណ្ដាក្រុមការងារទាំងអស់ដែលតែងតែទាក់ទងមកខ្ញុំ ហើយខ្ញុំមិនបានទទួល តែឥឡូវពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានបញ្ចប់ហើយ ហើយខ្ញុំក៏មកទទួលការងារវិញដែរ»៕