កាលពីពេលថ្មីៗនេះ ក្រោយពីតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរិកា បានប្រកាសដើរចេញពីវិថីសិល្បៈ និងទៅតាំងជំហរលើអាជីពថ្មីមួយដែលមិនមានការរងសម្ពាធខាងផ្លូវចិត្តនោះ ប៉ុន្មានម៉ោងក្រោយមកទៀត ស្រាប់តែ ឌីជេ ក្ដឹប ជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាស បានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះ។
លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប បានរៀបរាប់រឿងរ៉ាវជីវិតផ្ទាល់ខ្លួននៅក្នុងឃ្លីបវីដេអូនោះថា លោកបានតស៊ូជាមួយអាជីពសិល្បៈជាអ្នកនិពន្ធបទចម្រៀងនេះអស់រយៈពេលជាង 9ឆ្នាំមកហើយ លោកពិតជានឿយហត់មែនទែន ដែលរូបលោកផ្ទាល់ត្រូវបោះជំហានពុះពារជម្នះគ្រប់ឧបសគ្គនៅលើវិថីមួយនេះតែម្នាក់ឯង។ ពោពេញទៅដោយអារម្មណ៍ក្ដុកក្ដួលអួលដើមក និងទប់ទឹកភ្នែកមិនបាន លោក សំណាង បានប្រាប់មហាជនថា «ខ្ញុំបានតាំងចិត្តបញ្ចប់អាជីពជាអ្នកនិពន្ធនេះ ចាប់តាំងពីប៉ារបស់ខ្ញុំ គាត់លួចទៅដើរលេងមានស្រីក្មេង ខ្ញុំបានតស៊ូម្នាក់ឯងអស់រយៈពេល 9ឆ្នាំហើយ តែវាគ្មានតម្លៃសម្រាប់ខ្ញុំទៀតទេ ខ្ញុំមិនចង់ឃើញគាត់ទៅចោលពួកខ្ញុំបែបនេះឡើយ ខ្ញុំសុខចិត្តទៅធ្វើការលក់ដូរជាមួយម៉ាក់ខ្ញុំធម្មតាវិញ ព្រោះអីខ្ញុំនៅសល់តែគាត់មួយទេ»។
ជាចុងក្រោយ អ្នកនិពន្ធ និងសម្រួលតន្ត្រីក្នុងបទ «រាំអីចេះ» រូបនេះបានបញ្ជាក់ប្រាប់អ្នកគាំទ្រទាំងអស់គ្នាថា «អរគុណបងប្អូនដែលបានស្រឡាញ់ និងគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក ហើយខ្ញុំរំពឹងទុកថា ខ្ញុំនឹងមានឱកាសត្រឡប់មកតែងនិពន្ធឡើងវិញ ប្រសិនបើខ្ញុំចង់.. »៕