
ក្រុមហ៊ុនដែលពោរពេញដោយភាពច្នៃប្រឌិត និងល្បីល្បាញលើពិភពលោក Walmart ឥឡូវនេះទើបនឹងទទួលបានប្រកាសនីយបត្រតក្កកម្ម (ប៉ាតង់) ដើម្បីផលិតសត្វឃ្មុំអេឡិចត្រូនិកសម្រាប់ជួយដល់វិស័យកសិកម្ម។ គ្រឿងយន្តថ្មីនេះ គឺមានរាង និងទំហំដូចជាសត្វឃ្មុំពិតប្រាកដ ដែលវាមានតួនាទីក្នុងការព្រោះគ្រាប់ស្រូវ និងជួយដល់ការងារថែទាំមួយចំនួន។
សត្វឃ្មុំយន្តនេះ គឺត្រូវបានដំណើរការឡើងដោយប្រើ សិនស័រ (sensors) និងកាមេរ៉ាដើម្បីជួយត្រួតពិនិត្យមើលលើគ្រាប់កសិផល។ គ្រឿងយន្តនេះត្រូវបានផលិតឡើងស្រដៀងនឹងដ្រូន ដែលវាអាចពង្រាយគ្រាប់ធញ្ញជាតិ ដូចជាលម្អងសត្វឃ្មុំពិតប្រាកដដែរ ហើយវាអាចជួយដល់ដំណាំខ្លាំងជាងការធ្វើដោយដៃរបស់មនុស្សទៀតផង។
ការទទួលបានប័ណ្ណប៉ាតង់ចុងក្រោយនេះ ជាប៉ាតង់ទី6 ហើយដែល Walmart ទទួលបានសម្រាប់ការបង្កើតជាប្រភេទនៃដ្រូនសម្រាប់វិស័យកសិកម្ម ដែលអាចធ្វើគ្រប់យ៉ាងពាក់ព័ន្ធនឹងការពិនិត្យមើលចន្លោះប្រហោងនៃគ្រាប់ដំណាំថាវាខូច ឬមានបញ្ហាដែលត្រូវជួសជុល ហើយវាក៏មានមុខងារក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិតផងដែរ។ ការបង្កើតគ្រឿងយន្តអេឡិចត្រូនិកសម្រាប់វិស័យសិកម្មនេះត្រូវបានអ្នកជំនាញបញ្ជាក់ថា វាជាចំណែកមួយក្នុងការកាត់បន្ថយចំណាយលើការធ្វើកសិកម្ម និងបង្កើនប្រសិទ្ធភាពក្នុងការផលិត។

ពាក់ព័ន្ធនឹងការងាកមកផលិតឧបករណ៍របស់ Walmart នេះត្រូវបានគេមើលឃើញថា វាជាវិធីសំខាន់មួយដែរដែល Walmart ខ្លួនឯងត្រូវធ្វើ ដើម្បីកាត់បន្ថយចំណាយក្នុងការទិញយកផលិតផលកសិកម្មពីគ្រប់ទីកន្លែងមកពង្រាយលក់ក្នុងម៉ាតរបស់ខ្លួនដែលមានគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក និងតំបន់ជាច្រើននៅលើពិភពលោក ព្រោះថា នៅពេលដែលគុណភាពនៃផលិតផលកសិកម្មនៅគ្រប់ទីកន្លែងមានលក្ខណៈល្អប្រសើរ ហើយកន្លែងណាក៏អាចផលិតបានល្អដែរនោះ ខ្លួនក៏នឹងអាចទទួលបានផលិតផលល្អសម្រាប់ចែកចាយបានលឿន និងចំណាយតិចផងដែរ៕





