ខ្សែប្រយុទ្ធ Thomas Mueller បានបង្ហាញថ្វីជើង ធ្វើឱ្យក្រុម Bayern Munich បានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 6-2 នៅលើទឹកដីក្រុម Bayer Leverkusen កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពាន German Cup និងដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឈ្នះពាន3 ក្នុងរដូវកាលតែមួយ។ ក្រុម Leverkusen កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាងក្របខ័ណ្ឌ Bundesliga ប៉ុន្តែដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Bayern ដល់ទៅ 24ពិន្ទុ ហើយគម្លាតនៅលើតារាងក្របខ័ណ្ឌលីកនេះ ក៏បានបង្ហាញពីភាពផ្សេងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយនេះផងដែរ។
Mueller ដែលបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ និងបានជួយឱ្យJavi Martinez រកបានគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ ក្រោយពីលេងបានរយៈពេលត្រឹមតែ 3នាទីប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ Robert Lewandowski បានបន្ថែមគ្រាប់បាល់ទី2 ដែលជាគ្រាប់បាល់ទី36 របស់គេក្នុងការប្រកួត 40លើកនៅរដូវកាលនេះ ខណៈដែលក្រុម Bayern បាននាំមុខដល់ទៅ 2-០ ក្រោយពីលេងបានរយៈពេលត្រឹមតែ 9នាទីនាកីឡដ្ឋាន BayArena ក្នុងទីក្រុង Leverkusen។ ខ្សែបម្រើ Lars Bender ដែលជាប្រធានក្រុម Leverkusen បានជួយឱ្យក្រុមម្ចាស់ផ្ទះវាយបកបាន 1គ្រាប់វិញនៅនាទីទី16 ស្របពេលដែលខ្សែការពារ Bayern បានធ្វើការតវ៉ាថា ជាបាល់ Offside តែទោះបីជាយ៉ាងណា Bayern បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងតង់ទី2 ដើម្បីកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅតែម្តង។ បច្ចុប្បន្ន ក្រុម Bayern នឹងត្រូវប៉ះជាមួយនឹងក្រុម Schalke ឬEintracht Frankfurt ដែលនឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះ ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង នាថ្ងៃទី19 ខែឧសភា៕
ប្រភពពី៖ Worldsoccertalk