មួយរយៈកន្លងទៅនេះ គេសង្កេតឃើញតារាស្រីសិចស៊ី ដេននី ក្វាន់ បានចូលរួមការងារសង្គមក្នុងការចែករំលែកសេចក្ដីក្ដីស្រឡាញ់ជាមួយទឹកចិត្តសប្បុរសធម៌ពាំនាំនូវអំណោយ និងថវិកាមួយចំនួនទៅជូនដល់បងប្អូនជនពិការ មនុស្សចាស់ជរា ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងឧបត្ថម្ភសម្ភារសិក្សាដល់កុមារា-កុមារីផងដែរ។ នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅថ្មីៗនេះ នាងក៏បានឆ្លៀតពេលវេលាផ្ទាល់ខ្លួន នាំយកអំណោយទៅជូនបងប្អូនក្រីក្រដែលកំពុងប្រឈមនឹងជីវិតដ៏លំបាកនៅឯស្រុកកំណើតរបស់នាងក្នុងខេត្តព្រះវិហារដោយផ្ទាល់ដៃទៀតផង។
ដោយឡែកប៉ុន្មានម៉ោងមុននេះបន្ដិច តារាស្រីដែលធ្លាប់ជាប់បម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពោលពាក្យចាក់ដោតអារម្មណ៍ប្រិយមិត្តឱ្យក្ដុកក្តួលរំជួលចិត្ត និងប្រកាសតាមរកលោកយាយចំណាស់ម្នាក់ដែលកំពុងតែមានជីវភាពតោកយ៉ាក ហើយរស់នៅតែម្នាក់ឯងដោយប្រកបរបររើសអេតចាយលក់ចិញ្ចឹមជីវិត។ អ្នកនាង ដេននី ក្វាន់ បានរៀបរាប់ថា៖ «មានប្អូនស្រីម្នាក់គាត់បានផ្ញើវីដេអូ និងរូបភាពនេះមកឱ្យខ្ញុំ គាត់ប្រាប់ថា លោកយាយម្នាក់នេះគាត់រស់នៅខេត្តកំពង់ធំ គឺលំបាកខ្លាំងណាស់ រាល់ថ្ងៃគាត់ដើររើសអេតចាយមួយថ្ងៃបាន 1000រៀល ឬ2000រៀល ជួនពេលខ្លះក៏អត់។ នាងខ្ញុំពិតជាអាណិតលោកយាយខ្លាំងណាស់ ជាពិសេសពេលឮលោកយាយហៅឈ្មោះខ្ញុំ និងសុំការជួយពីនាងខ្ញុំ គឺទឹកភ្នែកខ្ញុំមិនដឹងមកពីណាទេ គឺហូរមិនឈប់រាល់ពេលមើលវីដេអូលោកយាយហៅឈ្មោះខ្ញុំ។ ខ្ញុំនឹងនាំយកអំណោយនិងថវិកាមួយចំនួនទៅជូនលោកយាយ និងលោកយាយចំនួនពីរនាក់ទៀតដែលជួបការលំបាកដូចគ្នានៅសប្តាហ៍ក្រោយ ។ និយាយទៅខ្ញុំត្រូវទៅក្នុងថ្ងៃនេះ តែដោយសាររវល់ពេក ឆ្លៀតមិនរួចទើបលើកទៅសប្តាហ៍ក្រោយ»៕