កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរិកា ប្រកាសលាឈប់ និងលែងបន្ដដំណើរលើវិថីសិល្បៈខ្មែរទៀត ដោយនាងបានអះអាងថា នាងមានការនឿយហត់ ព្រមទាំងភ័យខ្លាចចំពោះវិស័យមួយនេះទៀតផង។
លើសពីទឹកចិត្តស្រឡាញ់ចំពោះវិស័យចម្រៀងដែលកញ្ញា ស៊ូ ស៊ីរិកា ធ្លាប់បានប្រកាស និងអះអាងខណៈដែលខ្លួនបានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី1នោះ នាងបានខំព្យាយាម និងតស៊ូពុះពារមកដល់ដំណាក់កាលចុងបញ្ចប់ រហូតទទួលបានអ្នកគាំទ្រស្រឡាញ់ពេញចិត្ត ហើយស្គាល់រូបនាងកាន់តែច្រើនឡើងៗ។ នៅទីបំផុតតារាចម្រៀងរូបនេះបានចូលច្រៀង និងក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន ក្រោយពីចប់ការប្រឡង។ តែគួរឱ្យចម្លែកខ្លាំងណាស់ នាងធ្វើឱ្យអ្នកគាំទ្ររន្ធត់អារម្មណ៍សឹងតែស្រក់ទឹកភ្នែកតាមរយៈពាក្យសម្ដីដែលបានបង្ហោះ និងរៀបរាប់យ៉ាងក្ដុកក្ដួលនៅលើហ្វេសប៊ុក។ នាងរៀបរាប់ថា ៖ «ឈប់ជាស្ថាពរ…ទីបំផុតខ្ញុំបានជីវិតរបស់ខ្ញុំមកវិញហើយ វិស័យដែលគួរឱ្យខ្លាច វិស័យតស៊ូគ្មានន័យ ហត់ណាស់! សង្ឃឹមថា ការងារថ្មីរបស់ខ្ញុំ បងប្អូននៅតែគាំទ្រហើយជួយទិញទាំងអស់គ្នាណា»។
បើតាមការបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តារាស្រីវ័យ 22 ឆ្នាំរូបនេះបានប្រាប់ថា ការងារនៅក្នុងផលិតកម្មថោននាពេលសព្វថ្ងៃនេះ នាងគ្មានកុងត្រាការងារទេ ពោលគឺ ប្រសិនបើនាងចង់ឈប់ ឬចង់បន្ដការងារទៅមុខទៀត នៅថ្ងៃណាក៏បានដែរ ក៏ប៉ុន្ដែនាងគ្មានគោលបំណងចង់ដើរចេញពីផលិតកម្មនេះ ទៅផលិតកម្មថ្មីនោះទេ នាងគ្រាន់តែចង់បានពេលវេលាដើម្បីសម្រាក និងឱ្យមានអារម្មណ៍ល្អ ដែលមិនមានការរងសម្ពាធពីការងារតែប៉ុណ្ណោះ ។ នាងគ្រោងនឹងចាប់ផ្ដើមអាជីពថ្មី ដែលនាងរំពឹងទុកថា បងប្អូននៅតែគាំទ្រនាងដដែល៕