នេះជាវគ្គបំប៉នដ៏សំខាន់មួយដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ដោយមានគ្រូឧទ្ទេសនាមគឺលោក Rubasinghe Kankawamge Indrasgna អ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិប្រទេសស្រីលង្កា ដែលគេស្គាល់ថាមានជំនាញខ្លាំងលំដាប់ផ្កាយ៣របស់អន្តរជាតិបានមកចែករំលែកបទពិសោធល្អៗមួយចំនួនដល់សិក្ខាកាមកម្ពុជាចំនួន២៥រូបដែលជាគ្រូប្រដាល់ អាជ្ញាកណ្ដាល ចៅក្រមមកពីបណ្ដាក្លិប សមាគមនានាចំណុះឲ្យសហព័ន្ធដែលបានមកចូលរួមក្នុងវគ្គសិក្សាដ៏សំខាន់នេះ ។
នេះជាវគ្គបណ្ដុះបណ្ដាលលើកដំបូងរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលទើបតែបំបែកខ្លួនចេញពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ។ វគ្គនេះនឹងមានការប្រឡងនៅពេលបញ្ចប់ការសិក្សា អ្នកដែលប្រឡងជាប់នឹងបានទទួលសញ្ញាបត្រកម្រិតផ្កាយ ១ ពីសហព័ន្ធប្រដាល់អន្តរជាតិ។
អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានថ្លែងថា៖ នេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡា ព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំ ហេតុនេះគ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។
ការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង។ គ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀននោះទេ ព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនថា តើខ្សោយពីអ្វីខ្លះ និងខ្លាំងអ្វីខ្លះ? បែបនេះទើបក្លាយជាគ្រូបង្វឹកដែលមានសមត្ថភាពខ្ពស់ ។
គួរបញ្ជាក់ផងដែរថា៖ វគ្គសិក្សានេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែឧសភា ទើបបញ្ចប់៕