មុនពេលផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត រៀបចំដាក់ឱ្យដំណើរការឡើងវិញ ប្រជាជនខ្មែរជាពិសេសយុវវ័យ ចូលចិត្តថតរូបដោយផ្តិតយកទេសភាពស្អាតៗលើផ្លូវរថភ្លើង ដើម្បីបង្ហាញលើបណ្តាញសង្គម ខណៈមានអ្នកខ្លះថែមទាំងថតរូបមុនពេលអាពាហ៍ពិពាហ៍ (Pre-Wedding) នៅទីនោះទៀតផង។
ក្រោយមកនៅចុងឆ្នាំ 2017 និងដើមឆ្នាំ 2018 នេះក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមរៀបចំស្ថាបនាឡើងវិញនូវខ្សែរថភ្លើងសំខាន់ៗ និងដាក់ឱ្យដំណើរការឡើងវិញ។ សម្រាប់ខេត្តបាត់ដំបងវិញ ដោយសារតែមើលឃើញពីសក្តានុពលនៃទេសចរណ៍លើផ្លូវរថភ្លើង តាមរយៈការដាក់ឱ្យដំណើរការ «ឡូរី» ដែលជាយានជំនិះសម្រាប់ដឹកអ្នកដំណើរខ្នាតតូចនៅលើផ្លូវរថភ្លើង។
ឡូរី នៅក្នុងខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ និងលើកទឹកចិត្តពីអាជ្ញាធរទេសចរណ៍ខេត្តបាត់ដំបងដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សហគមន៍ឡូរីនៅខេត្តបាត់ដំបងបានត្រៀមឡូរីចំនួន 10គ្រឿងបន្ថែមដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ។
ភ្ញៀវទេសចរជាតិដែលបានទៅលេងភ្នំបាណន់ បាននិយាយថា មូលហេតុដែលឆ្នាំនេះពួកគាត់ទៅលេងរមណីយដ្ឋានភ្នំបាណន់ព្រោះពួកគាត់ចាប់អារម្មណ៍លើការជិះឡូរីកម្សាន្តមើលទេសភាពជើងភ្នំ ហើយទីនោះមានកន្លែងកម្សាន្តច្រើន ដូចជាប្រាសាទភ្នំបាណន់ ចម្ការទំពាំងបាយជូ និងកន្លែងទេសចរណ៍ក្នុងតំបន់មួយចំនួនទៀត។ ចំពោះការជិះឡូរីវិញ ក្នុងម្នាក់ត្រូវចំណាយតែមួយម៉ឺនរៀលប៉ុណ្ណោះ តែអាចជិះបានដល់ទៅចម្ងាយ 8 គីឡូម៉ែត្រលើផ្លូវរថភ្លើងយ៉ាងស្រស់ស្អាត រលូន និងគ្មានបញ្ហាស្ទះចរាចរណ៍ឡើយ។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានឱ្យដឹងថា កន្លងមកកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម មានឡូរីដាក់ឱ្យដំណើរការដល់ទៅ 25ឡូរី តែមិនគ្រប់ទៅនឹងតម្រូវការអ្នកជិះនោះទេ ព្រោះមានអ្នករង់ចាំជិះច្រើនគ្នា ដោយពេលខ្លះដើម្បីបានជិះឡូរី ភ្ញៀវត្រូវរង់ចាំដល់ទៅ 3 ម៉ោងក៏មាន។ សម្រាប់ឆ្នាំនេះ យើងបានបន្ថែមឡូរីចំនួន 10ទៀត ឱ្យគ្រប់ចំនួន 35 និងសង្ឃឹមថាវានឹងអាចបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋដែលទៅលេងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរបាន។
សូមបញ្ជាក់ថា មុនពេលបង្កើតឡូរី រត់តាមជើងភ្នំបាណន់នេះ ការពិតឡូរីមានតាំងពីយូរមកហើយ គ្រាន់តែការធ្វើនៅពេលនោះប្រជាពលរដ្ឋរត់ឡូរីដើម្បីតែដឹកប្រជាជនដែលរស់នៅក្នុងតំបន់ ទៅទីរួមខេត្តតែប៉ុណ្ណោះ ហើយពេលខ្លះក៏មានការដង្ហែកឋិនតាមឡូរីម្តងម្កាលដែរ។ នៅរដូវបុណ្យទានម្តងៗ ភ្ញៀវទេសចរណ៍ ចាប់អារម្មណ៍មកជិះឡូរីច្រើន ទើបមានការចងក្រងគ្នាក្លាយជាសហគមន៍ទេសចរណ៍ និងមានមន្ទីរទេសចរណ៍ខេត្តជាអ្នកជ្រោមជ្រែង តែក្រោយមកដោយសារតែរដ្ឋាភិបាលស្តារផ្លូវដែកឡើងវិញ ទើបធ្វើឱ្យសហគមន៍ឡូរីខាងលើមិនអាចដំណើរការបានក៏សម្រេចចិត្តបង្កើតថ្មីនៅស្រុកបាណន់តែម្តង។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរមកលេងនៅក្នុងខេត្តប្រមាណ 78,809នាក់ កើនឡើង 94.35% បើធៀបនឹងចូលឆ្នាំចិនក្នុងឆ្នាំ 2017។ ក្នុងនោះរមណីយដ្ឋានដែលមានភ្ញៀវទៅកម្សាន្តលេងច្រើនជាងគេគឺប្រាសាទបាណន់ដែលមានឡូរីសម្រាប់ជិះកម្សាន្តលេងក្នុងមួយថ្ងៃមានភ្ញៀវដល់ទៅជាង 18,000នាក់ចូលកម្សាន្ត លេងបន្ទាប់ពីរមណីយដ្ឋានចម្ការស្វាយមួយថ្ងៃមានដល់ទៅជាង 2,000នាក់។ ក្រៅពីនោះមានភ្នំសំពៅ ប្រាសាទឯកភ្នំ បឹងកំពីងពួយ ជ្រលងបុព្វតា សេកសក ទឹកពុះកំរៀង ដែលមានភ្ញៀវទៅលេងក្នុងមួយថ្ងៃប្រមាណ 400នាក់ក្នុងមួយកន្លែង៕