តារាកីឡាបាល់ទាត់នារីដ៏ឆ្នើមម្នាក់ បានរងការពិន័យព្យួរជើងអស់មួយជីវិត ក្រោយពីបានដាល់ទៅលើគូប្រកួតរបស់ខ្លួនចំក្បាលយ៉ាងខ្លាំងក្លា។ កីឡាការិនី Silvija Sekacic មិនអាចលេងកីឡាបាល់ទាត់បានទៀតឡើយនៅក្នុងប្រទេសបូស្ន៊ីរបស់នាង ក្រោយពីបានវាយទៅលើកីឡាការិនីដែលជាគូប្រកួតរបស់ខ្លួនគឺ កីឡាការិនី Adnu Ljubanovic រហូតដល់ដួលទៅលើទីលានប្រកួត។
នាង Sekacic បានវាយកីឡាការិនីដែលជាគូប្រកួតរបស់ខ្លួនយ៉ាងសន្ធាប់ មុនពេលឡើងអង្គុយសង្កត់ពីលើដើម្បីដាល់ទៅលើក្បាលរបស់កីឡាការិនីម្នាក់នោះ រហូតទាល់តែពួកគេទាំងពីរត្រូវបានបំបែកចេញដោយកីឡាការិនីផ្សេងទៀត និងមន្ត្រីប្រចាំការប្រកួត។
សកម្មភាពនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងការប្រកួតរវាងក្រុម Zeljeznicar និង Mladost ក្នុងក្របខ័ណ្ឌលីកផ្នែកនារីរបស់ប្រទេសបូស្ន៊ី។
បើទោះបីស្ថានភាពផ្សេងៗមានភាពធូរស្រាល ហើយនាង Sekacic របស់ក្លិប Zelkenznicar បានរងពិន័យកាតក្រហមហើយក៏ដោយ ប៉ុន្តែកីឡាការិនីរូបនេះមិនបានបង្ហាញពីការសោកស្តាយណាមួយឡើយ ដោយនាងបាននិយាយថា៖ «ការរងពិន័យកាតក្រហមមិនមែនជាបញ្ហាអ្វីឡើយ ព្រោះយ៉ាងហោចណាស់ក៏ខ្ញុំបានវាយទៅលើរូបនាងនោះដែរ»។
ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីហេតុការណ៍នោះ ក្លិប Mladost បានឲ្យដឹងថា៖ «វាគ្មានពាក្យអ្វីត្រូវថ្លែងទៅលើបញ្ហានេះឡើយ។ វាអាចនិយាយបានថា ឥរិយាបថបែបនេះមិនមែនជាការប្រព្រឹត្តដោយមានការពិចារណាឡើយ។ មនុស្សដូចជា Silvija មិនស័ក្តិសមក្នុងការលេងបាល់ទាត់ឡើយ ហើយនាងពិតជាស័ក្តិសមហើយចំពោះការរងពិន័យព្យួរជើងអស់មួយជីវិតនោះ»៕
ប្រភពពី៖ The Sun