ក្រុម Real Madrid បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងឆ្នាំទី8 ជាប់ៗគ្នា បើទោះបីបានរងបរាជ័យក្នុងលទ្ធផល 3-1 ក្រោមស្នាដៃក្រុម Juventus ក្នុងការប្រកួតជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ កាលពីថ្ងៃពុធក៏ដោយ។
ក្រុម Real បានឈានចូលទៅកាន់ការប្រកួតនេះនៅកីឡដ្ឋាន Bernabeu ជាមួយនឹងការជឿជាក់ដ៏ធំមួយ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងការប្រកួតជើងទី1 ក្នុងលទ្ធផល 3-០ ក្នុងទីក្រុង Turin កាលពីសប្តាហ៍មុន។ ប៉ុន្តែ Juventus បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយដើម្បីតាមស្មើវិញ តាមរយៈការស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងតង់ទី1 របស់ខ្សែប្រយុទ្ធ Mario Mandzukic នៅមុនពេលខ្សែបម្រើ Blaise Matuidi បានបំពេញការរកគ្រាប់បាល់ទី3 សម្រាប់ក្រុមខ្លួន។
ទោះបីជាយ៉ាងណា ស្របពេលដែលការប្រកួតជើងទី2នេះ ហាក់ដូចជាត្រូវឈានចូលដល់នាទីបន្ថែម 15នាទី 2ដងទៅហើយ លោកអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេស Michael Oliver បានផ្តល់បាល់ប៉េណាល់ទី 1គ្រាប់ទៅឲ្យ Real នៅជិតបញ្ចប់ការប្រកួត។ ស្របពេលដែលការប្រកួតឈានដល់នាទីទី97 Ronaldo បានស៊ុតបាល់ពីចំណុច11ម៉ែត្រចូលទីយ៉ាងល្អ ដើម្បីធ្វើឱ្យក្រុមខ្លួនទទួលបាន 1គ្រាប់មកវិញ តែក៏នៅតែចាញ់ Juventus ក្នុងលទ្ធផល 3-1 ប៉ុន្តែសរុបទាំង 2ជើង Real Madrid នៅតែឈ្នះក្នុងលទ្ធផល 4-3។
អ្នកចាំទី Gianluigi Buffon ដែលបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី25 របស់គេ និងអាចជាលើកចុងក្រោយ មុននឹងចូលនិវត្តន៍នោះ បានរងពិន័យកាតក្រហមសម្រាប់ការតវ៉ារបស់គេ។ បន្ទាប់ពីការប្រកួតនេះ Ronaldo បានប្រាប់ទូរទស្សន៍ beIN Sports ថា៖ «ខ្ញុំមិនយល់សោះ ហេតុអ្វីបានជាពួកគេធ្វើការតវ៉ាទៅលើបាល់ប៉េណាល់ទី»៕
ប្រភពពី៖ The Guardian