ស្ត្រីដែលទើបចាប់ផ្ដើមតាំងគភ៌ថ្មីៗដឹងឬទេថា តើកូនតូចក្នុងផ្ទៃរបស់អ្នកមានវិវឌ្ឍនាការយ៉ាងណាខ្លះចាប់តាំងពីថ្ងៃចាប់បដិសន្ធិ? ថ្ងៃនេះ ឡារ៉ែន នឹងណែនាំឱ្យស្ត្រីមានគភ៌ទាំងអស់បានដឹងពីការប្រែប្រួល និងរឿងដែលនឹងកើតឡើងពេញមួយរយៈពេល9ខែនៃការតាំងគភ៌ដូចតទៅ។
ភាពប្រែប្រួលនៅពេលចាប់ផ្ដើមតាំងគភ៌ដែលអាចសង្កេតឃើញ
ក្នុងអំឡុងខែដំបូងនេះ ស្ត្រីមានគភ៌ថ្មោងថ្មីមួយចំនួនអាចមានអាការវដ្តរដូវមិនមកតាមកំណត់ អ្នកខ្លះមានធ្លាក់ឈាមមកត្រឹមតែបន្តិចបន្តួច ឆាប់ហត់ ងាយគេងលក់ បត់ជើងតូចញឹកញាប់ ក្អួតចង្អោរ អាហារមិនរំលាយធ្វើឱ្យណែនក្នុងពោះ លែងឃ្លានអាហារ ធំុក្លិនម្ហូបអាហារមិនបាន ដោះឡើងតឹងណែន និងមានអារម្មណ៍ឈឺនៅម្ដុំក្បាលដោះ អារម្មណ៍ឆាប់ប្រែប្រួល ជួនកាលយំដោយគ្មានហេតុផល និងឆាប់មួម៉ៅជាដើម។ តែសម្រាប់អ្នកខ្លះក៏អាចមិនកើតមានអាការទាំងនេះទាំងអស់ដែរ អាចកើតមានតែអាការមួយចំនួនប៉ុណ្ណោះ ដូច្នេះដើម្បីភាពប្រាកដច្បាស់ថា តើខ្លួនតាំងគភ៌ឬអត់នោះ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញទើបជាការប្រសើរបំផុត។
ចំណុចគួរប្រតិបត្តិក្នុងអំឡុងការតាំងគភ៌នាខែទី1
នៅពេលច្បាស់ក្នុងចិត្តថា ពេលនេះអ្នកចាប់ផ្ដើមមានគភ៌ហើយនោះ ស្ត្រីត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឱ្យបានខ្លាំងឡើង និងគួរសាងអារម្មណ៍ល្អៗដល់ខ្លួនឯង ហើយដែលសំខាន់គឺ ការសម្រាក និងគេងលក់ឱ្យបានគ្រប់គ្រាន់ ដោយសារតែស្ត្រីមានគភ៌គ្រប់រូបនឹងឆាប់នឿយល្វើយអស់កម្លាំង ព្រោះតែរាងកាយត្រូវធ្វើការច្រើនជាងប្រក្រតីទ្វេដង ដើម្បីសាងអវយវៈ សាច់ភ្នាសរបស់ទារកក្នុងគភ៌ ដែលកម្មវិធីការសាងសាច់ភ្នាសក្នុងអំឡុងខែទី1 ដល់ខែទី3នេះអាចរាប់បានថា ជាអំឡុងពេលសំខាន់បំផុត។ នៅពេលឆ្លងផុតអំឡុងពេល3ខែដំបូងទៅហើយ ប្រព័ន្ធការសាងសាច់ភ្នាស និងអវយវៈផ្សេងៗនឹងរួចស្រេចបរិបូរណ៍ រាងកាយរបស់ស្ត្រីមានគភ៌ក៏នឹងត្រឡប់មកមានកម្លាំងកំហែងជាថ្មីម្ដងទៀត។
ដូច្នេះក្នុងអំឡុងខែដំបូងៗនេះ ស្ត្រីមានគភ៌ត្រូវគេងសម្រាកឱ្យបានច្រើន បន្ថយការប្រើប្រាស់កម្លាំងកាយ។ អាចគេងសម្រាកនៅពេលថ្ងៃមួយស្រឡេតក៏នឹងជួយបានច្រើនដែរ។ ក្រៅពីនេះនៅត្រូវមើលលើរឿងអាហារការហូបចុកក្នុងពេលនីមួយៗ គួរបន្ថែមប្រូតេអុីន សារធាតុដែក និងកាល់ស្យូមឱ្យបានគ្រប់គ្រាន់ ឬចង់ឱ្យល្អបំផុតនោះគឺ ស្ត្រីមានគភ៌គួរតែបន្ថែមជាតិហ្វូលេតតាំងពីមុនពេលតាំងគភ៌ទៀតផង(នៅពេលតាំងចិត្តថានឹងយកកូន ក៏គួរតែបន្ថែមជាតិហ្វូលេតដល់រាងកាយជាមុនតែម្ដង) និងរឿងដែលសំខាន់មួយដែរនោះ គឺស្ត្រីមានគភ៌មិនគួរទទួលទានអាហារ ឬភេសជ្ជៈណាដែលគ្មានប្រយោជន៍ចំពោះរាងកាយឡើង ដូចជា ភេសជ្ជៈដែលមានជាតិអាល់កុល ញ៉ាំរបស់ផ្អែមៗច្រើនជ្រុលពេក ឬជក់បារី ជាដើម។
អាការចាញ់កូនដែលអាចនឹងកើតឡើង
ស្ត្រីដែលតាំងគភ៌ថ្មីៗ អាចនឹងកើតមានអាការចាញ់កូន ដែលរាប់បានថាជាអាការប្រក្រតីរបស់ការតាំងគភ៌ និងច្រើនតែមានអាការចាញ់កូនខ្លាំងទៀតផង បើជាការមានគភ៌លើកដំបូង។ ការចាញ់កូនមានមូលហេតុមកពីការប្រែប្រួលខាងរាងកាយ និងផ្លូវចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯង ដោយនឹងមានអាការចាញ់ខ្លាំង ឬតិចអាស្រ័យលើសមត្ថភាពក្នុងការសម្របខ្លួនរបស់រាងកាយ និងផ្លូវចិត្ត ការមើលថែទាំអារម្មណ៍មិនឱ្យវិតក្កកង្វល់ សៅហ្មង ភ័យខ្លាច ក៏នឹងជួយឱ្យអាការចាញ់កូនថយចុះបានដែរ។ ក្រៅពីនេះនៅមានវិធីដែលអាចជួយសម្រាលអាការចាញ់កូនបានដូចខាងក្រោម។
• ទទួលទានអាហារដែលមានកាបូហាយ
ដ្រេត និងប្រូតេអុីនខ្ពស់ តែគួរតែជាអាហារដែលងាយរំលាយដូចជា ទឹកដោះគោ ទឹកស៊ុប និងសាច់ត្រី ជាដើម។
• ទទួលទានទឹកឱ្យបានច្រើនឡើង។ ដោយសារតែរាងកាយរបស់ស្ត្រីដែលកំពុងតាំងគភ៌អាចត្រូវបាត់បង់ជាតិទឹកដោយសារតែការក្អួតចង្អោរនោះ ការទទួលទានទឹកស្អាត ឬទទួលទានអាហារ ឬផ្លែឈើដែលមានជាតិទឹកច្រើនក៏អាចជួយបានដែរ។ ការទទួលទានទឹក គួរញ៉ាំម្ដងបន្តិចៗ មិនគួរទទួលទានម្ដងច្រើនៗឡើយ។
• គួរទទួលទានវីតាមីនបន្ថែមតាមការណែនាំរបស់គ្រូពេទ្យ។ ដោយសារតែការក្អួតចង្អោរអាចធ្វើឱ្យរាងកាយមិនបានទទួលសារធាតុអាហារគ្រប់ចំនួន ទើបស្ត្រីមានគភ៌គួរទទួលទានវីតាមីនបន្ថែម។ សម្រាប់ករណីដែលចាំបាច់ត្រូវប្រើថ្នាំ ឬទទួលទានថ្នាំអ្វីក៏ដោយ មិនត្រូវទិញយកមកទទួលទានខ្លួនឯងដោយមិនបានប្រឹក្សា ជាមួយគ្រូពេទ្យជាដាច់ខាត ព្រោះថ្នាំមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន។
• ចៀសឱ្យឆ្ងាយពីក្លិន រសជាតិ ឬអាហារដែលមិនចូលចិត្ត អាហារដែលមានក្លិនឆួល ដូចជាមើមខ្ទឹមស ជាដើម ព្រោះវាអាចជំរុញឱ្យកើតអាការក្អួតចង្អោរបាន។
• ទទួលទានឱ្យបានញឹកញាប់ កុំបណ្ដោយឱ្យពោះនៅទំនេរយូរពេក ព្រោះក្រពះនឹងបញ្ចេញទឹករំលាយចេញមក ដែលអាចជំរុញឱ្យកើតអាការក្អួតចង្អោរបាន។ គួរបែងចែកពេលញ៉ាំអាហារជា 6 ពេលតូចៗជំនួសឱ្យ 3ពេលធំ។ អាហារពេលទំនេរដែលល្អសម្រាប់ស្ត្រីមានគភ៌ គួរតែជានំប៉័ងស្រួយៗ ឬផ្លែឈើផ្សេងៗជាដើម។
• ឧស្សាហ៍មើលថែទាំធ្មេញឱ្យបានស្អាតជាប់ជានិច្ច ព្រោះសុខភាពមាត់ និងធ្មេញមិនល្អក៏អាចធ្វើឱ្យកើតអាការក្អួតចង្អោរបានដែរ។ ខ្ពុរមាត់ដោយទឹកក្ដៅឧណ្ហៗជាប្រចាំ ដែលក្រៅពីជួយឱ្យក្នុងប្រអប់មាត់ស្អាតហើយ នៅជួយសម្លាប់មេរោគបានទៀតផង។
បើធ្វើតាមចំណុចដែលបានរៀបរាប់មកខាងលើហើយ អាការក្អួតចង្អោរ ឬអាការចាញ់កូននៅតែមិនល្អប្រសើរឡើង គួរទៅជួបគ្រូពេទ្យដើម្បីទទួលយកការណែនាំជាបន្ត និងសម្រាប់អ្នកខ្លះដែលមានអាការចាញ់កូនខ្លាំង អាចត្រូវឱ្យគ្រូពេទ្យតាមដានមើលថែទាំយ៉ាងដិតដល់នៅក្នុងមន្ទីរពេទ្យក៏បាន៕