ឆ្នាំជូត (ពងទេវតាប្រុស ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយបានគ្រប់ជ្រុងជ្រោយនោះផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រី ចូរកុំមាត់ឥតគម្រប ឬនិយាយមិនកោតក្រែងចំពោះគ្នា ព្រោះនោះនាំតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម៉្លោះហើយបើចង់ធ្វើអ្វីតោងតែសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាសោកស្តាយទៅរួច។ ក្រៅពីនេះបើមានការចេញរថយន្តធ្វើដំណើរ ឬធ្វើកិច្ចសន្យាអ្វីមួយក៏គប្បីពិនិត្យឱ្យបានលម្អិតផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទ្បើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល (ពង្សយក្ខិនី ធាតុឈើ)៖ រាសីល្អជាមធ្យម។ នៅខែនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមពិតមែន ប៉ុន្តែទោះធ្វើអ្វីមិនអាចប្រមាថបានទេ គប្បីមានការប្រយ័ត្នប្រយែង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញ មិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេ ពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះ ប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿន និងសម្រេចជោគជ័យត្រឡប់មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកកម្រៃបន្តិចហើយ ទាល់តែខិតខំខ្លាំងទើបរកផលកម្រៃគ្រប់គ្រាន់ចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ ការធ្វើដំណើរជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ពន្ធស្នេហាប្រុសស្រីមានដំណើរលូតលាស់និងមានការយល់ចិត្តគ្នាច្រើនឡើងវិញ៕
ឆ្នាំរោង (ពង្សទេវតាប្រុស ធាតុមាស)៖ រាសីល្អជាមធ្យម។ ឈានដល់ខែនេះដំណើរជីវិតរបស់លោកអ្នកនឹងល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខសន្សឹមៗ ផងដែរ។ ដោយឡែកចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងខែនេះវិញទាំងការជួញទីជិត ឬទីឆ្ងាយការរកផលចំណូលទោះមិនជួបការលំបាកដូចសព្វមួយដងពិតមែនក្តី តែចូរប្រយ័ត្នមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាដោយប្រការណាមួយ។ រីឯសម្ពន្ធស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នាណាស់ដែរ៕
ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំម្សាញ់ក្នុងខែនេះល្អប្រសើរ ឡើងវិញបន្តិចហើយ។ អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងខែនេះវិញមានការជឿនលឿនទៅមុខយឺតម៉្លោះហើយបើចង់បណ្តាក់ទុនអ្វីមួយត្រូវប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយត្រូវអស់ប្រាក់កាសនៅពេលក្រោយ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នា និងកើតភាពប្រទាំងប្រទើសច្រើន៕
ឆ្នាំមមី (ពង្សទេវតាស្រី ធាតុភ្លើង)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អក្នុងការសម្រេចចិត្ត ឬទំនាក់ទំនងចរចាការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងផ្តល់ផលមកវិញច្រើនផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ី ឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងត្រឡប់មកវិញ។ រីឯសម្ពន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមែ (ពង្សទេវតាស្រី ធាតុមាស)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះដោយសារដួងរាសីស្រុតចុះ ម៉្លោះហើយមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងឆ្លើយតបច្រើនជាងល្អជានិច្ច។ ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយហើយទម្លាក់កំហុសទុកឱ្យ ដែលត្រូវប្រឈមមុខជំនួសគេ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំវក (ពង្សយក្សប្រុស ធាុតដែក)៖ រាសីល្អជាមធ្យម។ អ្នកកើតឆ្នាំស្វាឆ្លងមកដល់ខែនេះល្អប្រសើរមួយកម្រិតឡើងវិញ។ សម្រាប់ខែនេះដែរលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលនាំពិបាកក្នុងការទប់ទល់។ ចំណែកបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅក្នុងខែនេះវិញកើតមានការប្រឆាំង និងមានរឿងរ៉ាវមិនល្អនោះក៏យាយីច្រើនដែរ៕
ឆ្នាំរកា (ពង្សមនុស្សប្រុស ធាតុដែក)៖ រាសីស្រុតចុះយ៉ាងខ្លាំង។ នៅខែនេះអ្នកកើតឆ្នាំមាន់ដំណើរជីវិតមិនល្អប្រសើរទេ ម៉្លោះហើយការចរចា ឬទំនាក់ទំនងការងារសំខាន់អ្វីមួយក៏តែងមិនសូវឆ្លើយតបដូចជាទីពេញចិត្តនោះដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកជួបប្រទះនូវចំណូលតិច តែការចំណាយវិញច្រើនធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានរាប់សិបជំពូក។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើស និងបញ្ហាច្រើនយាយី។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ ព្រោះតែការគិតប្រចែប្រចណ្ឌច្រើនម្នាក់ឯង៕
ឆ្នាំច (ពង្សយក្ខិនី ធាតុដី)៖ រាសីល្អជាមធ្យម។ ខែនេះលោកអ្នកត្រូវរែកពន់ផលលំបាក និងស្មុគស្មាញច្រើន តែបើលោកអ្នកអត់ធ្មត់តស៊ូរើមានៈនោះក៏តែងទទួលជោគជ័យដែរ។ អ្នកប្រកបរបររកស៊ីជួញដូរ មិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)៖ រាសីឡើងខ្ពស់ត្រដែត។ នៅខែនេះអារម្មណ៍ភ្លឺថ្លាហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខផងដែរ។ ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរ៉ាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយកាលពីមុនមក ពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់។ រីឯបញ្ហាសម្ពន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ និងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយ ព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕