ស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងគួរឱ្យកត់សម្គាល់។
ដូច្នេះគេសួរថា តើប្រព័ន្ធទូទាត់បែបនេះ អាចបង្កហានិភ័យដល់វិស័យធនាគារនៅកម្ពុជាដែរឬទេ?
លោក ជា សេរីវឌ្ឍ ជាអតីតប្រធានផ្នែក Business Process Automation នៃក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ឆ្លងកាត់បទពិសោធរបស់ក្រុមហ៊ុន Alipay ដែលជាប្រព័ន្ធទូទាត់សាច់ប្រាក់តាមអនឡាញនោះ ធ្លាប់បានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់វិស័យធនាគារនៅក្នុងប្រទេសចិនដោយសារតែប្រព័ន្ធថ្មីនេះបានផ្តល់ភាពងាយស្រួលទៅដល់អតិថិជនឱ្យអាចចាយប្រាក់តាមប្រព័ន្ធអនឡាញសម្រាប់ទិញទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងប្រទេសចិន ដោយមិនចាំបាច់យកសាច់ប្រាក់សុទ្ធទៅតាមខ្លួនឡើយ។
លោកបានបញ្ជាក់ថា ប្រព័ន្ធ នេះផ្តល់ភាពងាយស្រួលបំផុត ដោយគ្រាន់តែអតិថិជនយកប្រាក់ទៅដាក់ក្នុងបញ្ជរដាក់ប្រាក់របស់ក្រុមហ៊ុនAlipay ឬនៅធនាគារណាមួយដែលជាដៃគួ ហើយគ្រាន់តែដាក់កាតAlipayតាមខ្លួនប៉ុណ្ណោះ។ អតិថិជនមិនចាំបាច់ដាក់សាច់ប្រាក់សុទ្ធតាមខ្លួននោះទេ តែអាចទិញទំនិញគ្រប់ប្រភេទនៅលើទីផ្សារ មិនថាតែទំនិញដែលជាសម្ភារប្រើប្រាស់ ដូចជាគ្រឿងអេឡិចត្រូនិក រួមមានទូរស័ព្ទដៃ ឬកុំព្យូទ័រ ឬសូម្បីតែទិញផ្លែឈើ ថ្នាំពេទ្យ ឬជិះតាក់ស៊ី ក៏អាចប្រើកាត Alipay ដើម្បីទូទាត់ប្រាក់បានដែរ។
អ្វីដែលធ្វើឱ្យ Alipay មានការគាំទ្រខ្លាំងនៅលើទីផ្សារប្រទេសចិននោះ គឺដោយសារតែក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនជាច្រើននៅលើទីផ្សារដែលជាការផ្តល់ទំនុកចិត្ត ក៏ដូចជាភាពងាយស្រួលដល់អតិថិជនដែរ ហើយអតិថិជនដែលប្រើសេវា Alipay នេះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសនៅពេលទិញទំនិញផ្សេងៗតាមអនឡាញ នឹងទទួលបានការបញ្ចុះតម្លៃដែលធ្វើឱ្យអតិថិជនផ្លាស់ប្តូរទម្លាប់ពីការដាក់ប្រាក់ក្នុងធនាគារមកប្រើសេវាកម្ម Alipay នេះម្ដងវិញ។
លោកបន្តថា ងាកមកទីផ្សារប្រទេសកម្ពុជាវិញ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញ ក៏មានការកើនឡើងផងដែរតាមបណ្តាប្រតិបត្តិការរបស់ធនាគារមួយចំនួន និងប្រព័ន្ធទូទាត់ប្រាក់ផ្សេងៗ ដូចជាប្រព័ន្ធទូទាត់ Pay go និងប្រព័ន្ធទូទាត់ Pi Pay ដែលទើបចូលមកដល់ទីផ្សារកម្ពុជាថ្មីៗក៏អាចទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវាកម្មរបស់ខ្លួនបានដែរ ដោយសារវាបានផ្តល់នូវភាពងាយស្រួលក្នុងការទិញទំនិញផ្សេងៗ ហើយទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការបញ្ចុះតម្លៃលើការទូទាត់ទំនិញរហូតដល់ 50%ក៏មានដែរ។
នៅក្នុងទីផ្សារកម្ពុជា ធនាគារមួយចំនួនមិនទាន់បានដាក់ឱ្យប្រើប្រាស់សេវាកម្មរបស់ខ្លួនតាមប្រព័ន្ធអនឡាញបែបនេះនៅឡើយទេ ដោយភាគច្រើនមានតែការផ្តល់ប្រាក់កម្ចីទៅដល់អតិថិជន និងការដាក់ប្រាក់បញ្ញើតែប៉ុណ្ណោះ ក្រៅពីនេះមានធនាគារមួយចំនួនបានធ្វើPromotion លើការចាយតាម Visa Card និង Master Card ខ្លះៗដែរ តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ ប្រសិនបើធនាគារមិនមានការកែប្រែ និងអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះឱ្យបានទាន់ពេលវេលាទេនោះ ប្រព័ន្ធទូទាត់សាច់ប្រាក់តាមអនឡាញដែលកំពុងរីកចម្រើនខ្លាំងនៅលើទីផ្សារកម្ពុជា អាចនឹងបង្កហានិភ័យទៅដល់វិស័យធនាគារ ដូចនៅក្នុងប្រទេសចិនដែរ។
ជាមួយគ្នានេះដែរ លោកស្រី សូ ផនណារី អនុប្រធានប្រតិបតិ្តនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា សម្រាប់ធនាគារនៅក្នុងប្រទេសកម្ពុជា គួរតែធ្វើការកែលម្អសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលទៅដល់អតិថិជន កុំឱ្យអតិថិជនងាកទៅប្រើប្រាស់សេវាកម្មក្រុមហ៊ុនទូទាត់សាច់ប្រាក់ Online ដែលកំពុងមានវត្តមានកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ធនាគារអេស៊ីលីដា យើងបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីផ្តល់ភាពងាយស្រួលទៅដល់អតិថិជន តាមរយៈការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញ មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។ កាលពីដើមឆ្នាំ2017 ធនាគារអេស៊ីលីដាបានបង្កើតសេវាកម្មថ្មីមួយទៀត គឺសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត (Acleda Unity ToanChet) ដែលផ្តល់ភាពងាយស្រួលទៅដល់អតិថិជនសម្រាប់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញដែលមិនត្រឹមតែបង់ថ្លៃទឹក បង់ថ្លៃភ្លើង ទូទាត់វិក្កយបត្រអ៊ីនធើណិតផ្សេងៗប៉ុណ្ណោះទេ សូម្បីតែការទិញទំនិញផ្សេងៗនៅតាមផ្សារ ការជិះតាក់ស៊ី ជិះម៉ូតូកង់បី និងទូទាត់ទំនិញផ្សេងៗជាច្រើនមុខទៀត ក៏អាចទូទាត់តាមប្រព័ន្ធអេស៊ីលីដា យូនីធី ទាន់ចិត្តនេះបានដែរ មិនចាំបាច់ដាក់ប្រាក់សុទ្ធតាមខ្លួនឡើយ។
នៅប្រទេសកម្ពុជា គេសង្កេតឃើញថា មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅមិនទាន់បានកែប្រែសេវាកម្មរបស់ខ្លួនដើម្បីឱ្យអតិថិជនបានចាយប្រាក់តាមប្រព័ន្ធអនឡាញនៅឡើយទេភាគច្រើនមានតែការដាក់ប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី ឬបង្កើតទូ ATM ឱ្យអតិថិជនដកសាច់ប្រាក់នៅតាមទីប្រជុំជនប៉ុណ្ណោះ ហើយបើសិននៅតែមិនកែប្រែដូច្នេះ ពួកគេអាចនឹងរងហានិភ័យ ដោយអតិថិជននឹងងាកទៅប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ដែលកំពុងចូលមកដល់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងៗនេះមិនខាន៕