Mohamed Salah និងRoberto Firmino សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នា ខណៈដែលក្រុម Liverpool បានធ្វើការវាយបកពីការដេញតាមពីក្រោយ 1គ្រាប់ ដើម្បីផ្តួលក្រុម Manchester City ក្នុងលទ្ធផល 2-1ក្នុងការប្រកួតជើងទី2 នៃក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ កាលពីអង្គារ។
ក្រុម Liverpool បានឈានទៅកាន់ការប្រកួតនាកីឡដ្ឋាន Etihad នេះ ទាំងការជឿជាក់ ក្រោយពីពួកគេបាននាំមុខក្នុងលទ្ធផល 3-0 ពីការប្រកួតកាលពីជើងទី1 ប៉ុន្តែ ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើឱ្យក្រុមភ្ញៀវភិតភ័យភ្លាមៗ ក្រោយពីរកគ្រាប់បាល់បាន 1គ្រាប់ នៅនាទីទី2។
ប៉ុន្តែ ក្រុមម្ចាស់ផ្ទះមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយពីគ្រាប់បាល់របស់ខ្សែបម្រើស្លាបដ៏មានឥទ្ធិពល Leroy Sane មិនត្រូវបានយកជាផ្លូវការដោយចាត់ទុកថា ជាបាល់ Offside នៅមុនពេលបញ្ចប់តង់ទី1 ខណៈដែលពួកគេមិនអាចរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតឡើយ។ លទ្ធផលនេះ មានន័យថា ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ ក្នុងលទ្ធផលទាំង2ជើង 5-1។
លោក Guardiola ត្រូវបានបង្ខំឱ្យទៅអង្គុយទស្សនាការប្រកួតតង់ទី2 ពីកៅអីរបស់អ្នកទស្សនា ក្រោយពីត្រូវបានបណ្តេញចេញសម្រាប់ការតវ៉ារបស់លោកក្នុងពេលសម្រាកតង់ទី1 ខណៈដែលក្តីសុបិនរបស់ក្រុម Man City ក្នុងការឈ្នះពាន Champions League ជាលើកទី1 ត្រូវបានកម្ទេចក្នុងរដូវកាលមួយផ្សេងទៀត៕
ប្រភពពី៖ The Sun