ខ្សែការពារ Kostas Manolas បានជួយឱ្យក្រុម Roma ឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយពីដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល 3-០ លើក្រុម Barcelona នាកីឡដ្ឋាន StadioOlimpico កាលពីថ្ងៃអង្គារ។
លទ្ធផលក្នុងការប្រកួតជើងទី2នេះ បានធ្វើឱ្យក្រុម Roma ឈានទៅវគ្គបន្តដោយសារតែគ្រាប់បាល់ក្រៅទឹកដី ក្រោយបានរងបរាជ័យក្នុងលទ្ធផល 4-1 ក្នុងការប្រកួតកាលពីជើងទី1។ Manolas ដែលរួមជាមួយនឹងប្រធានក្រុម Daniele De Rossi ដែលបានធ្វើឱ្យបាល់ចូលទីខ្លួនឯង 2គ្រាប់នាកីឡដ្ឋាន Camp Nou កាលពីសប្តាហ៍មុននោះ បានទទួលនូវការសាទរយ៉ាងខ្លាំងពីមិត្តរួមក្រុមរបស់គេ ក្រោយពីបានរកគ្រាប់បាល់ឈ្នះនៅរយៈពេល 8នាទីចុងក្រោយ ដើម្បីធ្វើឱ្យអ្នកគាំទ្រ Roma អបអរយ៉ាងខ្លាំងក្លា និងបានធ្វើឱ្យក្រុម Barcelona ស្ទើរតែមិនជឿលើអ្វីដែលបានកើតឡើងចំពោះពួកគេ។
ក្រោយពីរាត្រីជាប្រវត្តិសាស្ត្រសម្រាប់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ ដែលបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ជាលើកទី1 ក្នុងរយៈពេល 3ទសវត្សរ៍នោះ Manolas បាននិយាយថា៖ «អ្វីដែលមិននឹកស្មានដល់នោះគឺថា យើងបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលប្រកួតជាមួយនឹងក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក។ យើងទាំងអស់គ្នាមានការជឿជាក់ យើងមិនបានគិតពីការប្រកួតកាលពីជើងទី1 និងការជួបសំណាងមិនល្អឡើយ»៕
ប្រភពពី៖ Sport24