កញ្ចក់ធ្វើឱ្យបន្ទប់ដែលតូចចង្អៀតមើលទៅធំស្រឡះឡើង ធ្វើឱ្យបន្ទប់ដែលងងឹតមើលទៅភ្លឺស្វាងឡើង តែប្រាកដណាស់ថាការចង់នាំយកឧបករណ៍ពិសេសបែបនេះមកព្យួរនៅក្នុងបន្ទប់ឱ្យស្អាតបាននោះ ត្រូវតែមានតិចនិក និងរឿងដែលគួរដឹងមួយចំនួន ទើបថ្ងៃនេះយើងបានជជែកជាមួយអ្នកជំនាញផ្នែកនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការព្យួរកញ្ចក់នេះ មិនថាតែទីតាំងដែលត្រូវព្យួរ ឬការព្យួរឱ្យបានល្អស្អាតបែបអ្នកតុបតែងផ្ទះអាជីពក៏ដោយ។
ត្រៀមខ្លួនមុនចាប់ផ្ដើមដាក់តាំង ឬព្យួរលោកអ្នកត្រូវដឹងជាមុនសិនថា មិនមែនកញ្ចក់គ្រប់ប្រភេទសុទ្ធតែស័ក្តិសមក្នុងការនាំយកមកព្យួរនោះទេ អ្នកគួរជ្រើសរើសប្រភេទរបស់កញ្ចក់ និងរូបរាងទ្រង់ទ្រាយកញ្ចក់ដែលស័ក្តិសម។ ក្រៅពីនោះនៅត្រូវមកមើលពីរឿងឧបករណ៍សម្រាប់ព្យួរទៀតផង ព្រោះលោកអ្នកមិនអាចប្រើត្រឹមតែខ្សែមួយសរសៃជាមួយនឹងដែកថ្ពក់ ឬដែកគោលមួយដើមក្នុងការព្យួរកញ្ចក់នោះទេ ព្រោះវានឹងគ្មានសុវត្ថិភាព។ ក្នុងការព្យួរកញ្ចក់នេះ លោកអ្នកត្រូវបំពាក់ទំពក់ ឬវាយដែកគោលជាប់នឹងជញ្ជាំងឱ្យមានចំនួនស្មើនឹងរន្ធថ្ពក់នៅផ្នែកខាងក្រោយនៃផ្ទាំងកញ្ចក់។ សម្រាប់រឿងទីតាំងនែការព្យួរវិញ យើងណែនាំថា គួរព្យួរកញ្ចក់នៅលើជញ្ជាំងឱ្យខ្ពស់បន្តិច ហើយសេរេឱ្យកញ្ចក់រាងងោកមកខាងមុខបន្តិច ដើម្បីឱ្យឆ្លុះឃើញទិដ្ឋភាពរបស់បន្ទប់បានធំទូលាយ។
ត្រូវព្យួរកញ្ចក់យ៉ាងណាល្អ?
ក្នុងបន្ទប់ទឹក: ជាធម្មតានៅក្នុងបន្ទប់ទឹក នៅខាងលើអាងឡាបូសម្រាប់លាងដៃ លុបមុខ តែងមានកញ្ចក់បែបគ្មានគែម ឬស៊ុមបំពាក់ជាប់នៅលើជញ្ជាំងស្រាប់ហើយ តែត្រង់នេះបើលោកអ្នកយកស៊ុមស្អាតៗទៅបំពាក់ជុំវិញកញ្ចក់នោះផង នឹងធ្វើឱ្យកាន់តែចង់សម្លឹងមើលខ្លាំងឡើងទៀត (វិធីនេះសន្សំសំចៃប្រាក់ជាងការដោះកញ្ចក់
ចាស់នោះចេញ ហើយទិញកញ្ចក់ថ្មីយកមកដាក់ជំនួស)។
នៅលើជញ្ជាំងដែលពិបាកចោះព្យួរ: រឿងសំខាន់ក្នុងចំណុចនេះគឺ ត្រូវជ្រើសរើសប្រើដែកស្វានឱ្យត្រូវប្រភេទដែលសម្រាប់ចោះកែវ ចោះឥដ្ឋការ៉ូ ឬចោះជញ្ជាំងស៊ីម៉ង់ត៍ បន្ទាប់ពីនោះក៏ប្រើឧបករណ៍ដែលស័ក្តិសមសម្រាប់ព្យួរកញ្ចក់នៅលើទីនោះដូចដែលព្យួរនៅលើជញ្ជាំងទូទៅដែរ។
នៅលើទ្វារ: ជ្រើសរើសប្រើកញ្ចក់បែបពេញមួយជំហរ និងរៀបចំទីតាំងឱ្យសមល្មមនឹងទ្វារឱ្យខ្លាំងបំផុត ហើយប្រើឧបករណ៍ព្យួរកញ្ចក់មកចាត់ការឱ្យរៀបរយ។ ផ្នែកសំខាន់ដែលលោកអ្នកត្រូវសង្កេតគឺ ទ្វារដែលនឹងព្យួរកញ្ចក់នោះ ត្រូវធ្វើពីវត្ថុដែលមានសាច់រឹង ទើបបំពាក់រួមជាមួយឧបករណ៍ព្យួរកញ្ចក់បានយ៉ាងមានប្រសិទ្ធភាព។
តើត្រូវព្យួរកញ្ចក់នៅក្នុងបន្ទប់ណាល្អ?
– កញ្ចក់បែបស្អាតទំនើបៗ គួរព្យួរនៅក្នុងបន្ទប់ទទួលទានបាយទើបស័ក្តិសមបំផុត ជាពិសេសបើលោកអ្នកមានចង្កៀងគោមរំយោលនៅលើពិដានចំកណ្ដាលបន្ទប់ផងនោះ វានឹងចាំងជះពន្លឺធ្វើឱ្យភ្លឺស្រស់ស្អាតទ្វេឡើង តែគួរប្រយ័ត្ន បើចង្កៀងគោមរំយោលនោះមានអំពូលភ្លើង កញ្ចក់អាចនឹងជះពន្លឺពីអំពូលភ្លើងធ្វើឱ្យចាំងភ្នែកបាន។
– ទីកន្លែងនៅក្នុងផ្ទះដែលស័ក្តិសមនឹងការមានកញ្ចក់ខ្លាំងបំផុតគឺ បរិវេណបន្ទប់ធំផ្លូវចូលផ្ទះ ព្រោះវាមិនមែនត្រឹមតែធ្វើឱ្យស្អាតប៉ុណ្ណោះទេ តែនៅធ្វើឱ្យបន្ទប់នេះមើលទៅធំស្រឡះ និងមានពន្លឺភ្លឺល្អទៀតផង។
គន្លឹះល្អៗ
– បន្ទប់ដែលមានពិដានខ្ពស់ ស័ក្តិសមសម្រាប់កញ្ចក់បែបបញ្ឈរ ខណៈដែលបន្ទប់ដែលរាងទ្រវែង ស័ក្តិសមនឹងផ្ទាំងកញ្ចក់បែបផ្ដេក។
– គិតឱ្យច្បាស់ជាមុនសិន បើចង់ព្យួរកញ្ចក់នៅក្នុងកន្លែងដែលមានការរើរុះជាប់ជានិច្ច និងបើចង់ព្យួរកញ្ចក់នៅលើក្បាលដំណេក លោកអ្នកគួរហៅអ្នកជំនាញមកបំពាក់ឱ្យ ព្រោះវានឹងមានសុវត្ថិភាពជាងលោកអ្នកបំពាក់ដោយខ្លួនឯង៕