ភ្នំពេញៈ នាពេលថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងនឹកស្រណោះសម្តីរបស់តារាចម្រៀងស្រីសាច់សខ្ចី រាងតូចល្អិត តែសំឡេងពីរោះរណ្តំចិត្តអ្នកស្តាប់ ជាកូនកាត់ចិនកញ្ញា លី អ៉ីវ៉ាធីណា ដែលសរសេរក្នុងសារមួយឃ្លាថា «រៀបការពិតជាមិនសំខាន់អ្វីបន្តិចសោះឡើយសម្រាប់រូបនាង!» ដែលបានបង្ហោះតាមគណនីហ្វេសប៊ុកនាង។
សាររបស់តារាចម្រៀងស្រីកញ្ញា លី អ៉ីវ៉ាធីណា ដែលទើបតែចេញ Official Audio បទថ្មីបំផុតរបស់ខ្លួននៅលើទ្រនំផលិតកម្មថោនដែលមានចំណងជើងថា «អប្សរាសក់ខ្មៅ» ជាបទចម្រៀងតាមលំនាំដើមបកស្រាយដោយម្ចាស់សំនៀងដើមគឺអ្នកស្រី សុង សេងហ៊ន ដែលត្រូវបានផលិតកម្មថោនលើកយកមកធ្វើបទភ្លេងថ្មី និងច្រៀងសាជាថ្មីនោះ បានផ្ទុះជាពាក្យចោទសួរដេញដោលគ្នាបែកផ្សែងពេញបណ្តាញសង្គមតែម្តង ដោយពួកគេបានលើកឡើងថា បើរៀបការមិនសំខាន់សម្រាប់កញ្ញា លី អ៉ីវ៉ាធីណា មែននោះ អ៊ីចឹងមានន័យថា នាងធ្លាប់បានរៀបការរូចហើយ មែនទេ? អ្នកខ្លះលើកឡើងថា ឬមួយក៏នាងចូលចិត្តវិធីផ្លូវកាត់ៗ ដោយគ្រាន់តែស្រឡាញ់គ្នាហើយនាំគ្នាទៅចុះអេតាស៊ីវិលជាការស្រេចតែម្តង? ខណៈដែលអ្នកខ្លះទៀតនិយាយថា សារនោះប្រហែលជានាងគ្រាន់តែនិយាយលេងទេដឹង?។
តែពេលបកស្រាយប្រាប់ឡារ៉ែន តារាចម្រៀងស្រីដែលបច្ចុប្បន្នមានវ័យ៣២ឆ្នាំ ដែលមហាជនក៏ធ្លាប់បានស្គាល់ និងល្បីផងដែរជាមួយទឹកដមសំនៀងដ៏ពីរោះពេលច្រៀងជាភាសាចិនដ្បិតតែនាងជាកូនកាត់ខ្មែរ-ចិននោះបានបកស្រាយលម្អិតមកវិញថា៖ «ចា៎ស ខ្ញុំពិតជានិយាយបែបនោះមែន! ខ្ញុំនិយាយថាដូច្នោះ គឺមើលឃើញថាស្រ្តីភាគច្រើនមានការខ្វល់ខ្វាយខ្លាំងទៅនឹងពិធីរៀបការ ខណៈនាងខ្ញុំវិញគិតថា រៀបការមិនសំខាន់នោះទេ ហើយអ្វីដែលសំខាន់គឺការរកបានគូស្នេហ៍ណាដែលចេះយល់ចិត្តគ្នា និងឲ្យតម្លៃគ្នាទៅវិញទេ»។
ទោះជាយ៉ាងណា មើលទៅតារាចម្រៀងស្រីរូបនេះពិតជាមិនចង់មានន័យថា នាងពិតជាចង់រំលងពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីជាតិបែបកូនកាត់ខ្មែរ-ចិននោះឡើយ ដោយកញ្ញា លី អ៉ីវ៉ាធីណា តារាស្រីជាថៅកែលើជំនួញផ្នែកសេវាកម្មរៀបចំតុបតែងផ្កាស្រស់ក្នុងពិធីមង្គលការ ឬជប់លៀងដែលមានយីហោថា «B florist» នោះបានបន្ថែមថា៖ «ប្រសិនបើរៀបការ នាងខ្ញុំក៏មិនចោលពិធីប្រពៃណីខ្មែរបែបល្បាយកាត់ប្រពៃណីចិនដែរ ព្រោះនាងខ្ញុំជាកូនចៅកាត់ចិន។ តែពេលនេះ រឿងគូគាប់ហ្នឹងសុំលាក់សិនហើយ មិនទាន់ចង់ជម្រាបប្រាប់នោះទេ»៕