Skip to content

ឯកឧត្ដម ថោង ខុន៖ Lion Air នឹង​ហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ក្រោយ​ចូលឆ្នាំ​ខ្មែរ

កម្ពុជា​នឹង​ទទួលបាន​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ថ្មី​មួយទៀត ពី​ប្រទេស​ធំ​បំផុត​របស់​អាស៊ាន នៅក្រោយពេល​ចូលឆ្នាំ​ខ្មែរ ដែល​បង្ហាញឱ្យឃើញថា កម្ពុជា​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ជិត​គ្រប់​អស់ហើយ នៅសល់តែ​ប្រទេស​ប្រ៊ុយណេ​មួយទៀត​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​អះអាង​យ៉ាង​ច្បាស់លាស់​ថា ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​អ៊ិ​ស្លាម​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ាន និង​ក្នុង​ពិភពលោក​បានសម្រេច​ចិត្ត​ភ្ជាប់​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​ដោយ​ជើងហោះហើរ​ត្រង់​តែម្ដង នៅក្រោយពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រួច។

ជាមួយគ្នានេះ​ឯកឧត្តម បាន​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ខឹ​ត​ខំ​ពង្រឹងគុណភាព​សេវាកម្ម ដើម្បី​ត្រៀម​ទទួល​ទេសចរ​មកពី​ប្រទេសថ្មីៗទៀត ដែល​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត និង​ល្អូកល្អិន​កាលពីមុន​ឆ្នាំ1970។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា៖ «នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​យើង​នេះ Lion Air នឹង​ហោះ​ភ្ជាប់​ឥណ្ឌូនេស៊ី​មក​កម្ពុជា។ នេះ​ជា​ដំណឹង​ថ្មី​មួយទៀត និង​ជា​ដំណឹង​ល្អ​សម្រាប់​យើង។ យើង​ត្រូវខិតខំ​ប្រឹង​បន្ថែមទៀត»។

ឯកឧត្តម បាន​អះអាងថា កម្ពុជា​ត្រូវតែ​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​របស់​អាស៊ាន ដោយ​មិនត្រូវ​ឈរ​នៅតែ​ម្នាក់ឯង​នោះទេ។ នៅក្នុង​តំបន់​អាស៊ាន ប្រទេស​ថៃ​បាន​ឈរ​នៅ​ខ្ពស់​ជាងគេ​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​មកពី​គ្រប់​តំបន់។

លោក ស៊ិន ចាន់​សិរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​អះអាងថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​សម្រួល​កិច្ចការ​អស់ហើយ​សម្រាប់​បើក​ការហោះហើរ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​នេះ ប៉ុន្តែ​អាកាសចរណ៍​ស៊ីវិល​មិនទាន់​ទទួលបាន​លិខិតផ្លូវការ​សម្រាប់​ការហោះហើរ​នោះ​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ។

លោក ស៊ិន ចាន់​សិរី​វុត្ថា មានប្រសាសន៍ថា៖ «កិច្ចការងារ​រដ្ឋបាល​សម្រាប់​ការបើក​ការហោះហើរ​នេះ គឺ​យើង​បានធ្វើ​ចប់សព្វគ្រប់​អស់ហើយ ដោយ​រង់ចាំតែ​កិច្ចការ​បច្ចេកទេស​ដាក់​លិខិត​ជា​ផ្លូវការ ថា​ពេលណា​គាត់​ហោះ​តែប៉ុណ្ណោះ»។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមការងារ​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូនេស៊ី បានមក​ជួបពិភាក្សា​ប៉ុន្មាន​លើក​រួច​មួយ​មកហើយ​ជាមួយ​មន្ត្រី​នៃ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ហើយ​បានបង្ហាញ​ពី​បំណង​ភ្ជាប់​ការហោះហើរ​រវាង​ប្រទេស​ទាំងពីរ។

លោក បន្ថែមថា ក្រុមការងារ​ក៏​នឹង​ជួបពិភាក្សា​បន្ថែមទៀត​នៅក្រោយពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដែល​ព័ត៌មាន​ផ្លូវការ​ស្តីពី​កាលបរិច្ឆេទ​ហោះហើរ អាច​នឹងត្រូវ​បានដឹង​ច្បាស់​តាមរយៈ​កិច្ចប្រជុំ​នោះ។

លោក ស៊ិន ចាន់​សិរី​វុត្ថា បញ្ជាក់ថា៖ «មុន​ការហោះហើរ ក្រុមហ៊ុន Lion Air គ្រាន់តែ​ធ្វើលិខិត​ទៅ​អាជ្ញាធរ​គាត់​ថា គាត់​នឹង​ហោះ​មក​កម្ពុជា គឺ​ចប់ ហើយ​យើង​គ្រាន់តែ​ពិនិត្យ អនុម័ត​យល់ព្រម គឺ​ចប់សព្វគ្រប់»។

បើទោះបីជា​ព័ត៌មាន​នៃ​ការហោះហើរ​ត្រង់​ហាក់​ឈានទៅរក​ការពិត​ក៏ដោយ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា តើ​ក្រុមហ៊ុន Lion Air នឹងត្រូវ​ហោះហើរ​ចេញពី​ផ្នែក​ណា ឬ​កោះ​ណាមួយ​របស់​ឥណ្ឌូនេស៊ី ឬក៏​ពី​ទីក្រុង​ហ្សា​ការ​តា មកកាន់​កម្ពុជា និង​ហោះហើរ​ប្រចាំថ្ងៃ ឬក៏​ប្រចាំ​សប្តាហ៍​យ៉ាងណា​នៅឡើយ​ទេ។

យោងតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​វិញ ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី ប្រមាណ 5ម៉ឺន​នាក់ បាន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ2017 ដោយមាន​កំណើន​ជាង2,3% ធៀប​នឹង​ឆ្នាំ2016៕

Leave a Reply

Your email address will not be published. Required fields are marked *