Dirk Kuyt បានរងនូវការសើចចំអកឲ្យ នៅពេលដែលរូបគេបានវិលទៅកាន់ក្លិបដើមរបស់គេវិញគឺ Feyenoord កាលពី២ឆ្នាំមុន និងបាននិយាយនៅកាលនោះថា ពួកគេអាចនឹងឈ្នះពានក្របខ័ណ្ឌកំពូលរបស់ហូឡង់ ប៉ុន្តែទីបំផុត ខ្សែប្រយុទ្ធជើងចាស់រូបនេះ ដែលនឹងឈានចូលវ័យ៣៧ឆ្នាំនៅខែកក្កដាខាងមុខ បានជួបនូវការរីករាយកាលពីថ្ងៃអាទិត្យ នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ធ្វើឱ្យក្រុមរបស់គេទទួលជ័យជម្នះ ៣-១ លើក្រុម Heracles Almelo ដើម្បីឈ្នះពានរបស់ហូឡង់នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។
ក្នុងអាជីពដ៏ជោគជ័យរបស់គេ Kuyt បាននិយាយថា ពាននេះគឺជាពានសំខាន់ជាងគេ។ ស្របពេលដែលក្រុម Feyenoord បានធ្វើការអបអរការឈ្នះពានជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៩៩មក។ Kuyt ដែលធ្លាប់ជាអតីតកីឡាកររបស់ Liverpool បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំបានដឹងនៅពេលដែលខ្ញុំបានវិលមកក្លិបចាស់វិញកាលពី២ឆ្នាំមុនថា យើងអាចឈ្នះពានជើងឯកនេះ។ គ្រប់គ្នាសើចចំអកឲ្យខ្ញុំ នៅពេលដែលខ្ញុំបាននិយាយបែបនេះ»។
Kuyt ដែលបានចាប់ផ្តើមអាជីពជាលើកដំបូងរបស់គេជាមួយនឹងក្លិប Feyenoord មុននឹងផ្ទេរទៅកាន់ក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០០៦ និងក៏បានលេងឲ្យក្លិប Fenerbahce ផងដែរនោះបានបន្ថែមទៀតថា៖ «ខ្ញុំបានលេងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រមួយលើក និងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រមួយលើក ក៏ដូចជាក្នុងក្លិបដ៏មានប្រជាប្រិយភាពជាច្រើន។ ប៉ុន្តែនេះគឺជាពេលវេលាដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ»៕
ប្រភពព័ត៌មាន៖ BBC