ខ្សែប្រយុទ្ធ Fernando Torres របស់ Atletico Madrid គ្រោងនឹងចាកចេញពីក្លិបនេះ នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងរដូវកាលនេះ ដើម្បីស្វែងរកកន្លែងដែលរូបគេអាចមានឱកាសលេងបានច្រើនជាងនេះ។
Torres វ័យ 34ឆ្នាំ បានចូលលេងក្នុងជម្រើស 11នាក់ដំបូងនៃក្របខ័ណ្ឌ La Liga ត្រឹមតែ 3ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ និងបានបង្ហាញខ្លួន 17លើកក្នុងនាមជាកីឡាករបម្រុង ដោយបានស៊ុតបាល់បញ្ចូលទី 2គ្រាប់។ Torres បានឱ្យដឹងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំចង់ឆក់យកឱកាសនេះដើម្បីនិយាយថា នៅទីនេះនឹងក្លាយជារដូវកាលចុងក្រោយរបស់ខ្ញុំជាមួយនឹងក្លិបនេះ»។
ខ្សែប្រយុទ្ធរូបនេះបានប្រាប់បន្តថា៖ «វាមិនមែនជាការសម្រេចចិត្តដែលងាយស្រួលឡើយ តែការស្វែងរកភាពជាក់លាក់ និងស្ថានភាពមួយផ្សេងទៀត ប្រហែលជារឿងដ៏ល្អបំផុត។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនសូវមានតួនាទីច្រើនឡើយ ដូច្នេះឥឡូវនេះគឺ ដល់ពេលវេលាក្នុងការចាកចេញហើយ»។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ កំពុងតែស្ថិតក្នុងពេលវេលាទី2 របស់គេនៅក្នុងក្លិបនេះ ដែលរូបគេបានចាកចេញកាលពីឆ្នាំ2007ដើម្បីផ្ទេរទៅកាន់ក្លិប Liverpool ហើយរូបគេក៏ធ្លាប់បានចំណាយពេលនៅជាមួយនឹងក្លិប Chelsea និង AC Milan ផងដែរ នៅមុនពេលវិលទៅកាន់អេស្ប៉ាញវិញនៅឆ្នាំ2015។ Torres បានបន្ថែមទៀតថា៖ «វាពិតជាលំបាកណាស់ក្នុងការនិយាយថា លាហើយជាលើកទី2 ពីព្រោះខ្ញុំចង់លេងនៅទីនេះរហូតដល់ចូលនិវត្តន៍ ប៉ុន្តែ អ្វីៗមិនមែនដំណើរការទៅដូចអ្វីដែលអ្នកចង់បាននោះឡើយ»៕
ប្រភពពី៖ Channel News Asia