លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានជំរុញឱ្យក្រុមរបស់លោកជឿជាក់ទៅលើ «អភិនីហារ» មួយក្នុងការលុបចោលលទ្ធផលដេញតាមពីក្រោយ 4-1 នៅពេលប្រកួតជាមួយនឹងក្រុម Barcelona និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។ លោក Di Francesco បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតថា៖ «យើងត្រូវតែជឿជាក់លើចំណុចសំខាន់ផ្សេងៗ និងការប្រជែងដោយការស្រេកឃ្លានដ៏អស្ចារ្យ។
ពួកគេនឹងលេងក្នុងទម្រង់ដ៏ល្អបំផុតមួយរបស់ពួកគេដើម្បីយកលទ្ធផល ប៉ុន្តែយើងក៏អាចបង្កើតឱ្យមានអភិនីហារមួយដែរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជាលំបាក ប៉ុន្តែយើងត្រូវតែជឿជាក់។ យើងបានធ្វើការរារាំង Lionel Messi កាលពីជើងទី1 ហើយយើងត្រូវតែព្យាយាមធ្វើឱ្យបានម្តងទៀតនៅរាត្រីនេះ»។
ខ្សែប្រយុទ្ធ EdinDzeko បានរកគ្រាប់បាល់ក្រៅទឹកដីដ៏សំខាន់មួយគ្រាប់ ក្រោយពីការធ្វើឱ្យបាល់ចូលទីខ្លួនឯងពីសំណាក់ Daniele De Rossi និង Kostas Manolas នាកីឡដ្ឋាន Camp Nou ប៉ុន្តែ ក្រុមរបស់អ៊ីតាលី ចាំបាច់ត្រូវតែធ្វើការវាយបកដ៏មិននឹកស្មានដល់មួយនាកីឡដ្ឋាន StadioOlimpico ដើម្បីឈានទៅវគ្គ 4ក្រុមចុងក្រោយជាលើកទី1 ចាប់តាំងពីឆ្នាំ1989។
ស្របពេលជាមួយគ្នានេះ លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទផងដែរថា លោករំពឹងទុកថា នឹងមានការវាយសម្រុកខ្លាំងក្លាពីក្រុម Roma ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 8ក្រុមចុងក្រោយ ជើងទី2 របស់ពួកគេនៅកីឡដ្ឋាន StadioOlimpico នារាត្រីនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24