ខ្សែបម្រើ Cesc Fabregas បានរកគ្រាប់បាល់ឈ្នះឱ្យ Chelsea ក្នុងពេលដែលក្រុមតោខៀវនេះ ដណ្តើមបានជ័យជម្នះដ៏សែនរំភើបក្នុងលទ្ធផល ៤-៣ លើក្រុម Watford កាលពីថ្ងៃចន្ទ មុននឹងពួកគេបំពេញការអបអរសម្រាប់ការឈ្នះពានក្របខ័ណ្ឌ Premier League នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ ដោយត្រូវប៉ះជាមួយក្រុម Sunderland នៅថ្ងៃអាទិត្យខាងមុខនេះ។
ខ្សែការពារ John Terry រកបានគ្រាប់បាល់បើកឆាកក្នុងការបង្ហាញខ្លួនជាលើកដំបូងនៃការប្រកួត២លើកចុងក្រោយរបស់គេសម្រាប់ក្រុមម្ចាស់ជើងឯក Chelsea នេះ។ ប្រធានក្រុមរបស់ក្រុមតោខៀវមួយនេះនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ក្រោយពីបានចំណាយពេលអស់ ២២ឆ្នាំនៅជាមួយក្រុមនេះបានធ្វេសប្រហែសនៅរយៈពេលប៉ុន្មាននាទីក្រោយមក ខណៈដែល Watford បានធ្វើការវាយបកវិញដោយរកបានគ្រាប់បាល់តាមស្មើ តែរយៈពេល១០នាទីមុនពេលសម្រាកតង់ទី១ ខ្សែការពារ Cesar Azpilicueta បានស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អដើម្បីជួយឲ្យក្រុម Chelsea មានគ្រាប់បាល់នាំមុខវិញ មុនពេលខ្សែប្រយុទ្ធ Michy Batshuayi បានបន្ថែមការនាំមុខរបស់ក្រុមខ្លាំងមួយនេះនៅនាទីទី៤២។
កីឡាករ Daryl Janmaat និង Stefano Okaka បានធ្វើការវាយបកដើម្បីជួយឲ្យក្រុម Watford រកបានគ្រាប់បាល់តាមស្មើវិញ ប៉ុន្តែ Fabregas បានរក្សានិងការពារជាប់ធ្វើឲ្យក្រុមរបស់លោក Antonio Conte ស្ថិតនៅលើដំណើរផ្លូវឆ្ពោះទៅកាន់ការក្លាយជាក្រុមដំបូងគេក្នុងការឈ្នះ ៣០ប្រកួតក្នុងចំណោមការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេសចំនួន៣៨ប្រកួតនាពេលនេះតែម្តង។
លោក Conte គ្រូបង្វឹករបស់ Chelsea បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «វាជារាត្រីដ៏សំខាន់មួយ ពីព្រោះយើងបានឈ្នះពាន។
ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរកីឡាករ៩នាក់ទៅលើជម្រើសទាំង១១នាក់ដំបូង និងបានផ្តល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើន។ ខ្ញុំត្រូវតែរីករាយពីព្រោះការឆ្លើយតបពិតជាល្អណាស់»៕
ប្រភពពី៖ The Sun