ស្តាប់​ប្រវត្តិ​របស់​អគ្គនាយក​ក្រុមហ៊ុន Forte Insurance និង​ដំណើរ​ការបង្កើត​ក្រុមហ៊ុន​ដំបូង

ជា​បុរស​សញ្ជាតិ​ខ្មែរ​ម្នាក់​ដែលមាន​បទពិសោធ​ច្រើន​លើ​វិស័យ​ធានារ៉ាប់រង ព្រោះ​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នៅក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​ដ៏​ធំ​មួយ ដែលអាចនិយាយបាន​ថា​លោក​ធ្លាប់​ប្រឡូក​ក្នុង​វិស័យនេះ​យ៉ាង​ឆ្អិន និង​ស្គាល់​យ៉ាងច្បាស់​អំពី​ធុរកិច្ច​លើ​វិស័យ​ធានារ៉ាប់រង​នេះ។ បុរស​ម្នាក់​នោះ​គឺ លោក យក់ ចំរើន​ឫទ្ធិ ដែល​សព្វ​ថ្ងៃជា​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។

បន្ត​ទៅនេះ សារព័ត៌មាន ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​មក​ស្គាល់​រូបលោក​ជាមួយនឹង​ជីវប្រវត្តិ​ការសិក្សា ការតស៊ូ បទពិសោធ​ទាក់ទង​នឹង​ជីវិត និង​ធុរកិច្ច​ក្នុង​វិស័យ​ធានារ៉ាប់រង​ដូចខាងក្រោម។

លោក យក់ ចំរើន​ឫទ្ធិ កើត​នៅ​អំឡុង​ឆ្នាំ1966 ក្នុងភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ព្រៃវែង ខេត្តព្រៃវែង។ ក្នុងចំណោម​បងប្អូន4នាក់។ លោក​គឺជា​កូន​ទី2 ដែលមាន​ឪពុក​ជា​គ្រូបង្រៀន និង​មាន​ម្តាយ​ជា​អាជីវករ​ដែលមាន​ជីវភាព​ធូរធារ​នៅក្នុង​ភូមិ។ ក្រោយពី​ចាប់កំណើត​មិនទាន់​ដឹងក្តី​ស្រួលបួល​ផង នៅ​ឆ្នាំ1970 រដ្ឋប្រហារ លន់ នល់ បាន​កើតឡើង​ធ្វើឱ្យ​កុមារ​ទាំងឡាយ​នៅក្នុង​ភូមិ​រួមទាំង​រូបលោកមិនបាន​ចូលរៀន ព្រោះ​ពេលនោះ​ប្រទេសជាតិ​ត្រូវ​ស្ថិតក្រោម​ភ្លើងសង្គ្រាម ហើយ​ឪពុក​របស់លោក​ត្រូវ​បែក​ចេញពី​គ្រួសារ​ដោយសារ​ត្រូវ​ខាង​រដ្ឋការ​ផ្លាស់​ឱ្យមក​បង្រៀន​នៅ​ទីក្រុង​ភ្នំពេញ​ធ្វើឱ្យគ្រួសារ​របស់លោក​ជួប​ការលំបាក​យ៉ាងខ្លាំង។

លោក​រៀបរាប់ថា កាល​នៅ​ក្មេង លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​ឪពុក​ច្រើនជាង​ម្តាយ ឪពុក​របស់លោក​តែង​បង្ហាត់បង្រៀន​លោក​ក្រោយ​ទំនេរ​ពី​ការងារ ដូច្នេះ​ពេល​លោក​បែក​ពី​ឪពុក លោក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត និង​ពិបាកចិត្ត។ រៀងរាល់​ល្ងាច ពេល​សម្លឹង​ឃើញ​ស្លឹកឈើ​ត្រូវ​ខ្យល់​បក់រវិចៗ លោក​មាន​អារម្មណ៍​ថា ហាក់បីដូចជា​ឪពុក​កំពុង​បក់ដៃ​ហៅ ពេលខ្លះ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹងខ្លួន​ដោយសារ​នឹក​ឪពុក​ពេក និង​នៅពេលនោះ​ហើយ​ដែល​ម្ដាយ​របស់លោក​បានសម្រេច​ចិត្ត​នាំ​កូនចៅ​ចាក​ចេញពី​ស្រុកកំណើត​ទាំង​ប្រថុយប្រថាន​ជីវិត ដើម្បី​មក​ភ្នំពេញ​ស្វែងរក​ឪពុក។

«ពេលធ្វើ​ដំណើរ​មក​ភ្នំពេញ​នោះ គ្រួសារ​ខ្ញុំ​បាន​ជួល​កង់​គេ​ជិះ ហើយ​ត្រូវ​ទាហាន​អាមេរិកកាំង​ឃើញ​ពួកគេ​ក៏​ទម្លាក់​គ្រាប់បែក​កាត់មុខ​ដំណើរ​របស់​យើង ធ្វើឱ្យ​ឆេះ​សម្ពាយ​ទ្រព្យសម្បត្តិ និង​ខោអាវអស់រលីង និង​ត្រូវគេ​ចាប់បាន​ទៀត។ ពួកគេ​ប្រុង​យក​ពួកយើង​ទៅ​សម្លាប់ចោល តែ​សំណាងល្អ​ណាស់​ដែល​នៅពេលនោះ​ម្តាយ​ខ្ញុំ​គាត់​បានដាក់​លុយ​តាម​ខ្លួន​ខ្លះ​ដែរ នៅពេល​គេ​ឆែក​ឃើញ​លុយ យើង​បានឱ្យ​លុយ​នោះ​ទៅ​គេ​ទាំងអស់ ហើយ​អង្វរ​សុំ​តែ​រស់​ជីវិត ទើប​គេ​ព្រម​ដោះលែង​មកវិញ កុំ​អី​ពេលនោះ​ពួកយើង​ស្លាប់​បាត់ទៅហើយ»។

បន្ទាប់ពី​មកដល់​ទីក្រុង​ភ្នំពេញ លោក និង​គ្រួសារ​ក៏បាន​ជួប​ឪពុក​វិញ​ក្នុងអំឡុង​ឆ្នាំ1972 ហើយ​បន្ទាប់ពី​នោះមក លោក​ក៏បាន​ចូលរៀន​ថ្នាក់​ទី10 (ស្មើនឹង​ថ្នាក់​ទី3បច្ចុប្បន្ន)ដោយសារតែ​ចេះ​អាន​អក្សរ​តាំងពី​តូច​មក​តាមរយៈ​ឪពុក​បង្រៀនខ្លះៗហើយ​ហ្នឹងឯង។ តែ​ក្រោយពី​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ចៅ​ពញាយ៉ាត​នៅ​ម្តុំ​ផ្សារ​តូច (ទួល​សង្កែ)បានត្រឹមតែ4ខែ ស្រាប់តែ​ត្រូវ​ពួក​ទាហាន​ខ្មែរក្រហម​វាយឆ្មក់​រំខាន​នៅ​តំបន់​នោះ ធ្វើឱ្យ​ក្រុមគ្រួសារ​លោក​ត្រូវ​ផ្លាស់​ទីលំនៅ​ពី​ផ្សារ​តូច​មក​នៅ​ជិត​ផ្សារ​ដើម​គរ​វិញ​ម្ដង ហើយ​រូបលោក​ក៏បាន​ផ្ទេរ​មក​រៀន​នៅសាលាបឋមសិក្សា​ឃ្លាំង​រំសេវ (ទល់មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​បច្ចុប្បន្ន)វិញ​ម្ដង។

ក្រោយពី​រៀន​បាន​មួយឆ្នាំ ឪពុក​លោក​ក៏​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​ខេត្តបាត់ដំបង ពេលនោះ​លោក​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​គោក​ឃ្មុំ តែ​ក្រោយពី​រៀន​បានត្រឹមតែ​មួយឆ្នាំ​ក៏ត្រូវ​ផ្អាក​រហូត ដោយសារតែ​ពួក​ខ្មែរក្រហម​បានឈ្នះ​សង្គ្រាម និង​ចូល​កាន់កាប់​ទូទាំងប្រទេស​កម្ពុជា​នៅ​ឆ្នាំ1975។

ក្នុងសម័យ​ប៉ុលពត លោក​ត្រូវបាន​គេ​ចាត់​ឱ្យ​ចូលទៅ​នៅក្នុង​កងចល័ត​កុមារ នៅ​ភូមិ​គ្រួស ឃុំ​គោក​ឃ្មុំ និង​បាន​ចូលរួម​លើក​ទំនប់​អាងទឹក​បាន​ពីរ គឺ​អាង​ក្នុងភូមិ​គ្រួស និង​អាងទឹក​កំពីងពួយ។

ជំនាន់​នោះ បើ​និយាយ​ពី​រឿង​លំបាក​វិញ គឺ​លំបាក​ណាស់​ក្នុងនាម​ជា​យុវជន 3ទៅ4ខែ​ទើបបាន​ជួប​ក្រុមគ្រួសារ​ម្តង ហើយ​ត្រូវគេ​បង្ខំ​ឱ្យធ្វើ​ការ 17 ទៅ18ម៉ោង​ក្នុង​មួយថ្ងៃ ពេលខ្លះ​អស់កម្លាំង​ខ្លាំងសូម្បីតែ​ពេល​ដើរ​ក៏​ស្ទើរតែ​ដេកលក់​ដែរ ហើយ10ថ្ងៃ​ទើបបាន​ងូតទឹក​ម្តង ដោយសារតែ​បាន​ជិះរទេះ​ដឹក​ទឹក​ទៅ​ជួយ​ដងទឹក​គេ ទើបបាន​ងូតទឹក​តែម្តងទៅ។ សម័យ​នោះ​ហូប​តែ​សម្ល​ដើម​ចេក​ដែល​គេតែង​ហៅថា (សម្ល​អំពូល​ម៉ែត្រ) ហើយ​សម្ល​នោះ​ទៀតសោត ជួន​ក៏មាន​អំ​បឹ​ល​ដាក់ ជួន​ក៏​អត់​មាន​ទៅទៀត។ ជួន​គេ​ចែក​ត្រី​ឱ្យ​តិចតួច ជួន​អត់​មាន ហូប​តែ​ដើម​ចេក និង​ទឹក ឯ​បបរ​វិញ គេ​ដួស​ឱ្យតែ2-3វែក​ប៉ុណ្ណោះ ហើយ​រា​វក​ក្លូ​កទៀត។ សរុបទៅ​ការរស់នៅ​ពេលនោះ​ពិបាក​វេទនា​ខ្លាំងណាស់។

ធ្មេចបើកៗរហូតដល់​ឆ្នាំ1979 របប​ខ្មែ​ក្រហម​បាន​ដួល​រំលំ​រលាយ គ្រួសារ​ជាច្រើន​គេ​នាំគ្នារ​ត់ទៅ​ជំរំ តែ​គ្រួសារ​របស់លោក​ត្រឡប់មក​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​វិញ។ ដល់​ឆ្នាំ1980 លោក​ក៏បាន​ចូលរៀន​ថ្នាក់​ទី4 នៅ​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង ហើយ​ពេល​រៀន​ចប់​ថ្នាក់​ទី5 មួយឆ្នាំ​បន្ទាប់មក លោក​ក៏​ឡើងមក​នៅ​ភ្នំពេញ​រៀន​នៅ​សាលា​បឹងត្របែក ដោយបាន​ទិញ​ផ្ទះ​តូច​មួយ​នៅ​ជាន់​លើតម្លៃ 3ជី​មាស ស្នាក់នៅ​តែម្នាក់ឯង​ដែលអ្វីៗត្រូវ​តស៊ូ​ដោយ​ខ្លួនឯង។ ក្នុង​មួយខែ​ម្តាយ​ផ្ញើ​ប្រាក់ 150រៀល និង​អង្ករ 15គីឡូក្រាម​មកឱ្យ។ សម័យ​នោះ ញ៉ាំ​បាយ​ស្រូប​មួយ​ចាន​តម្លៃ 5រៀល ដូច្នេះ​អត់​ហ៊ាន​ញ៉ាំ​បាយ​ស្រូប​ទេ គឺ​ដាំបាយ​ទុក​ហូប​ពី​ព្រឹក​ដល់​ល្ងាច​តែម្ដង និង​ឆ្លៀតពេល​បង្រៀន​គេ​បន្ថែម ក្នុង​មួយខែ​រកបាន100 – 200រៀល​បន្ថែមទៀត។ រហូតដល់​ឆ្នាំ1986ប្រឡង​ជាប់​បាក់​ឌុប ក៏បាន​ចូលរៀន​បន្ត​ផ្នែក​សេដ្ឋកិច្ច​ផែនការ​នៅ​វិទ្យាស្ថាន​ជាតិ​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន​ជា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM)។

លុះ​ឆ្នាំ1991 លោក​ក៏បាន​ចូលធ្វើការ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅពេលនោះ ប្រទេស​បាន​ផ្លាស់ប្តូរ​ទម្រង់​ពី​សេដ្ឋកិច្ច​ផែនការ​មកជា​សេដ្ឋកិច្ច​ទីផ្សារសេរី ដែលមាន​ភាពខុសគ្នា​ដាច់​រវាង​ចំណេះដឹង និង​ការងារ ដូច្នេះ​លោក​ចាំបាច់​ត្រូវតែ​ខំប្រឹង​រៀនសូត្រ​បន្ថែម​ពី​ការងារ​បន្តទៀត។ សម្រាប់​ការងារ​នៅក្នុង​ក្រសួង​លោក​ទទួលបន្ទុក​នៅក្នុង​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង ហើយ​ជាម​នុស្ស​ទី1 ដែល​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន​នានា​នៅ​សម័យ​នោះ។ ក្នុង​ឆ្នាំ1991នោះដែរ លោក យក់ ចំរើន​ឬ​ទ្ឋិ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​ឈ្មោះ អុំ សុគ​ន្ឋា ជា​កូនក្រមុំ​អ្នក​ខេត្តព្រៃវែង​ដូចគ្នា ហើយ​បច្ចុប្បន្ន​លោក​មានកូន 3នាក់ កូនច្បង​រៀបចំ​រកស៊ី​ដោយ​ខ្លួនឯង កូន​ទី2កំពុង​រៀន​នៅ​មហាវិទ្យាល័យ និង​កូនស្រី​ពៅ​កំពុង​រៀន​អនុវិទ្យាល័យ​នៅឡើយ។

រហូតដល់​ឆ្នាំ1996 លោក​បាន​សុំ​ឈប់​ធ្វើការ​ពី​ក្រសួង​សេដ្ឋកិច្ច ដោយ​ងាក​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាស៊ី (Asia Insurance) ក្នុងតួនាទី​ជា​អ្នកកាន់ការ​ងារ​ប្រតិបត្តិការ​ទូទៅ​រហូតដល់​ឆ្នាំ 1999 ទើប​លោក​ផ្លាស់​មក​ចូលរួម​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ក្នុងតួនាទី​ជា​អ្នកចាត់ការ​ទូទៅ ដែល​ពេលនោះ​ក្រុមហ៊ុន Forte Insurance (កម្ពុជា) ភីអិលស៊ី ទើប​តែមាន​បុគ្គលិក 4នាក់​ដំបូង​ប៉ុណ្ណោះ។

លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូ​ស្រា្ត​លី និង​បច្ចុប្បន្ន​លោក​នៅតែ​រៀន​បន្តទៀត​នៅឡើយ​ដោយនៅ​ពេលខាងមុខឆាប់ៗនេះ លោក​នឹង​ទៅប្រឡង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បញ្ចប់​យក​សញ្ញាបត្រ Fellowship ផ្នែក​ធានារ៉ាប់រង ដែល​ស្មើនឹង​ថ្នាក់បណ្ឌិត ហើយ​សញ្ញាបត្រ​នេះ​ទំនង​ជាមាន​តែមួយ​ប៉ុណ្ណោះ​នៅ​កម្ពុជា​យើង។

ដំណើរ​ការបង្កើត​ក្រុមហ៊ុន Forte Insurance ដំបូង និង​ការរីកចម្រើន “ការផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន គឺជា​កត្តា​សំខាន់បំផុត​សម្រាប់​ក្រុមហ៊ុននីមួយៗដើម្បី​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​របស់​ក្រុមហ៊ុន” នេះ​ជាការ​លើកឡើង​របស់លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី។

ដើម្បី​ដឹងថា តើ​ការផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន​ជួយ​ឱ្យ​ក្រុមហ៊ុន​ជោគជ័យ​នៅលើ​ទីផ្សារ​យ៉ាងណាខ្លះ​នោះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកយកព័ត៌មាន​កាសែត​ឡា​រ៉ែ​ន​ជាមួយ​លោក យក់ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង Forte Insurance (កម្ពុជា) ភីអិលស៊ី ដែលមាន​សំណួរ-ចម្លើយ​ដូចខាងក្រោម៖

1.សំណួរ​ជាដំបូង​ខ្ញុំ​សូម​អនុញ្ញាត​សួរថា តើ​ក្រុមហ៊ុន Forte Insurance ចាប់ផ្តើម​ដំណើរការ​នៅលើ​ទីផ្សារ​កម្ពុជា​ចាប់ពី​ពេលណា​មក? និយាយ​ពី​ប្រវត្តិ​ក្រុមហ៊ុន Forte Insurance គឺយើង​ចាប់ផ្តើម​នៅ​ថ្ងៃទី26 ខែកក្កដា ឆ្នាំ1997 គឺជា​ថ្ងៃ​ដែល​យើង​បាន​ចុះបញ្ជី ប៉ុន្តែ​កាលៈទេសៈ​នោះ កម្ពុជា​នៅ​មិនទាន់មាន​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុនធានារ៉ាប់រង​ពេញសិទ្ធិ​នៅឡើយ​ទេ គឺ​គ្រាន់តែ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ធ្វើ​អាជីវកម្ម​ក្រោម​ស្លាក​របស់​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កម្ពុជា Caminco កា​មិន​កូ។ ដំណាក់​កាលនោះ ជា​ដំណាក់​កាលដែល​យើង​គ្រាន់តែ​រៀបចំ​ការងារ​ប៉ុណ្ណោះ រហូតដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2003 ទើប​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ។

2.តើ​យើង​ត្រូវធ្វើ​ដូចម្តេចខ្លះ​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ដូច្នេះ? កាលណោះ​ក្រុមហ៊ុន​ក៏មាន​ភាព​ប្រទាំង​ប្រទើស​ផងដែរ ដោយសារ​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះ​នៅ​ប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​គ្រប់គ្រង​ក្រុមហ៊ុន​ធានារ៉ាប់រង​នៅឡើយ​ទេ ដូច្នេះហើយ​បានជា​យើង​ត្រូវ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ជាតិ​ជាមុនសិន រង់ចាំ​ការផ្តល់ឱ្យ​ពី​រដ្ឋាភិបាល​ចេញ​តាម​ក្រោយ ព្រោះថា វិជ្ជាជីវៈ ឬ​មុខរបរ​ធានារ៉ាប់រង​នេះ វា​ជា​មុខរបរ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ដូច​ធនាគារ​ដែរ បើ​យើង​ធ្វើ​មិនបាន​ច្បាស់លាស់​ទេ វា​នឹង​បង្ក​ការលំបាក ដូចជា​ក្រុមហ៊ុន​មួយចំនួន​បើក​ដំណើរការ​មួយរយៈ​ហើយ​ដួលរលំ​ទៅវិញ​ដែល​ដូចជា​ការបង្ក​ជា​ហានិភ័យ​ទៅដល់​អតិថិជន​ដូច្នោះ​ដែរ។

3. រហូត​ពេល​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​តើ​មាន​អតិថិជន​ទទួលយក​សេវា​ពី Forte Insurance ដែរឬទេ? បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ2003រួចមក ក្រុមហ៊ុន​បាន​ចំណាយពេល​ពេញ​មួយឆ្នាំ​ទៀត គឺ​ឆ្នាំ2004 ទើប​ក្រុមហ៊ុន​បាន​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នាំមុខគេ​នៅលើ​ទីផ្សារ​កម្ពុជា​រហូតដល់​ពេលបច្ចុប្បន្ន។ នៅពេលនោះ​ក្រុមហ៊ុន​នៅ​មិនទាន់មាន​បុព្វលាភ​ធានារ៉ាប់រង​ច្រើន​នៅឡើយ​ទេ មាន​ប្រហែល​តែ​ជាង 2លាន​ដុល្លារ​ប៉ុណ្ណោះ តែ​រហូតមកដល់​ឆ្នាំ2017នេះ ទើប​ក្រុមហ៊ុន​បាន​ពង្រីក​បុព្វលាភ​រហូតដល់36លាន​ដុល្លារ។

4. តើ​កាលណោះ​ក្រុមហ៊ុន​មាន​ផលិតផល​អ្វីខ្លះ​សម្រាប់​លក់​នៅលើ​ទីផ្សារ? មុន​ចូលដល់​សំណួរ​នេះ​ខ្ញុំ​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អាជ្ញាប័ណ្ណ​ធានារ៉ាប់រង 4ប្រភេទផ្សេងៗគ្នា ក្នុងនោះ​មាន៖

  • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ទូទៅ មានដូចជា​ធានា​ទៅលើ​យានយន្ត ទ្រព្យ​សម្ភារ សំណង់ និង​សុខភាព​ជាដើម
  • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​អាយុជីវិត ដែល​ធានា​ទៅលើ​អាយុជីវិត​មនុស្ស ដូចជា​ការស្លាប់​ជាដើម។
  • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​បន្ត (Re Insurance) ជា​ក្រុមហ៊ុន​ដែល​មិនមាន​ផលិតផល​ធានារ៉ាប់រង​ខ្លួនឯង​ទេ។ ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​នេះ​បាន​ផ្ទេរ​ហានិភ័យ​បន្ត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​ផ្សេង។
  • អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ខ្នាតតូច Micro Insurance។

ងាក​មក​សំណួរ​ខាងលើ​វិញ Forte Insurance មាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ2003 គឺ​អាជ្ញាប័ណ្ណ​ធានារ៉ាប់រង​ទូទៅ​ដែល​ផ្តោត​សំខាន់​ទៅលើ​ធានារ៉ាប់រង​យានយន្ត ធានារ៉ាប់រង​ទ្រព្យ​សម្ភារ ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​ផ្សេង។ នៅ​សម័យ​នោះ​ក្រុមហ៊ុន​ផ្តោត​ខ្លាំង​ទៅលើ​ទ្រព្យ​សម្ភារ ដោយសារតែ​កាលនោះ​យើង​មានតែ​ក្រុមហ៊ុន​បរទេស​ទេ​ដែល​គាត់​យល់​ពី​សារៈប្រយោជន៍​នៃ​ការធ្វើ​ធានារ៉ាប់រង​ទទួលយក​សេវា​ពី​ក្រុមហ៊ុន​ទៅ​ធានា​លើ​ទ្រព្យ​សម្ភារ និង​ការដ្ឋាន​សំណង់​ពួកគេ។

5.នៅ​សម័យ​នោះ​ប្រជាពលរដ្ឋ​នៅ​មិនទាន់​យល់​អំពី​សារៈសំខាន់​នៃ​វិស័យ​ធានារ៉ាប់រង​នៅឡើយ​ទេ ដូច្នេះ​ការលក់​ផលិតផល​នៅលើ​ទីផ្សារ​មាន​ជួប​ការលំបាក​ដែរឬទេ? ការលំបាក​មាន​ច្រើនណាស់ និង​មាន​លក្ខណៈពិសេស និង​ដាច់ដោយឡែក​ពីគ្នា។ ការលំបាក​ទី1 គឺ​អតិថិជន​ដែលជា​ពលរដ្ឋ​ខ្មែរ​នៅ​មិនទាន់​យល់ថា តើ​អ្វី​ទៅជា​ការធានារ៉ាប់រង? ព្រោះថា​វិស័យធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​បាន​បាត់បង់​តាំងពី​ឆ្នាំ1975 រហូតមកដល់​ឆ្នាំ2003 គឺ​បាត់​មនុស្ស​អស់​មួយ​ជំនាន់​ទៅហើយ ដែលជា​ការលំបាក​សម្រាប់​ធ្វើឱ្យ​ពលរដ្ឋ​យល់​ពី​វិស័យ​ធានារ៉ាប់រង​នេះ​ឡើងវិញ ម្យ៉ាងទៀត​កាលណោះ​ប្រជាពលរដ្ឋ​មាន​ចំណូល​ទាប​គឺមាន​ចំណូល​ត្រឹមតែ​គ្រប់គ្រាន់​ហូបចុក​ស្លៀកពាក់ ប​ញ្ជួ​ន​កូន​ទៅ​សាលារៀន និង​រស់នៅ​សមរម្យ​ប៉ុណ្ណោះ មិនមាន​នៅសល់​សម្រាប់​ទិញ​ធានារ៉ាប់រង​នោះទេ។ ការលំបាក​មួយទៀត គឺ​ហេដ្ឋារចនាសម្ព័ន្ធ កាលណោះ​នៅ​មិនទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ ព្រោះថា ធានារ៉ាប់រង​ធ្វើ​ឡើងទៅ​តាមតែ​កិច្ចសន្យា​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​ប្រជាពលរដ្ឋ​គឺ​មិនទាន់​យល់ ហើយ​តុលាការ​ក៏​នៅ​មិនទាន់​យល់​ដែរ​ដូច្នេះ​ពេល​មាន​បញ្ហា​រវាង​អ្នកធានា និង​អ្នកទិញ​សេវា និង​ពេល​ប្តឹង​ឡើង​តុលាការ គេ​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​នោះទេ ដែល​នេះ​គឺជា​ការលំបាក​ធំ។

6.បើ​លំបាក​ដូច្នេះ តើ​ក្រុមហ៊ុន​ត្រូវធ្វើ​ដូចម្តេច​ទើប​ទទួលជោគជ័យ​នៅលើ​ទីផ្សារ​នេះ? កសាង​ទំនុកចិត្ត​ជូន​អតិថិជន គឺជា​រឿង​សំខាន់​ជាងគេ​បំផុត នៅពេលដែល​យើង​ចាប់ផ្តើម​នៅ​ឆ្នាំ 1996 ក្រុមហ៊ុន​រកស៊ី​ផ្តោតទៅលើ​ការផ្តល់​សំណង​ឱ្យបាន​សមរម្យ សម​ហេតុ​សម​ផល ធ្វើយ៉ាងណា​ផ្តល់​ទំនុកចិត្ត​ទៅដល់​អតិថិជន ហើយ​ពេល​គាត់​ទិញ​ធានារ៉ាប់រង គាត់​សង្ឃឹមថា នឹង​បាន​បុព្វលាភ​ត្រឡប់​ទៅវិញ ពេល​គាត់​ជួប​ហេតុការណ៍​ចៃដន្យ​ណាមួយ យើង​នឹង​ផ្តល់​សំណង​ទៅតាម​ការសន្យា​ពិតប្រាកដ ដោយ​មិន​លេងល្បិច​ជាមួយ​អតិថិជន​នោះទេ គឺ​យើង​កសាង​ទំនុកចិត្ត​ទាំង​វិនិយោគិន​បរទេស ទាំង​វិនិយោគិន​ក្នុងស្រុក និង​ទាំង​ប្រជាជន​ទូទៅ​ដែល​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​ធ្វើឱ្យ​អតិថិជន​យល់ថា យើង​ជា​ក្រុមហ៊ុន​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ ព្រោះ​សម័យ​នោះ​ក្រុមហ៊ុន​ខ្លះ​បើក​បាន2 ឬ3ឆ្នាំ​ក៏​បិទ​ទៅវិញ ដែល​ធ្វើឱ្យ​អតិថិជន​មិន​យល់ថា តើ​ពេល​បង់លុយ​ហើយ មិនដឹងថា ក្រុមហ៊ុន​នឹង​សង​ត្រឡប់​វិញ​មែន ឬ​អត់?។ ការកសាង​ទំនុកចិត្ត​នេះ គឺ​ក្រុមហ៊ុន​យើង​តែង​ប្រកាន់ខ្ជាប់​រហូតមកទល់​បច្ចុប្បន្ន។

7.តើ​អតិថិជន​ដំបូង​ជា​ប្រជាជន​ខ្មែរ ឬ​ជនបរទេស? អតិថិជន​ដំបូង​ដែល​យើង​ទទួលបាន​គឺ 95% ជា​ជនបរទេស និង​មានតែ5% ប៉ុណ្ណោះ​ជា​ជនជាតិខ្មែរ ដោយសារតែ​ពួកគាត់​ធ្វើការ​ជាមួយ​ជនបរទេស ហើយ​ក្រុមហ៊ុន​បរទេស​នោះ​ជា​អ្នកទិញ​ធានារ៉ាប់រង​ឱ្យ​គាត់​ប្រើ។ រហូតដល់ 5ឆ្នាំ​ចុង​ក្រោយនេះ​ទើប​ប្រជាពលរដ្ឋ​យល់​ជ្រួតជ្រាប​បាន​ច្រើន ពិសេស​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុងធំៗ ដោយសារ​មាន​វត្តមាន​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិធំៗចូលមកក្នុង​ទីផ្សារ​កម្ពុជា ហើយ​និង​ការផ្សព្វផ្សាយ​ដែលមាន​ច្រើនទៅៗ ទើប​ធ្វើឱ្យ​ពលរដ្ឋ​បាន​យល់ដឹង។ ខ្ញុំ​ចង់​បញ្ជាក់ថា ល្បឿន​នៃ​ការយល់ដឹង​នេះ​មិនមែន​លឿន​ពេក​ទេ យើង​អាច​បង្កើនល្បឿន​ឱ្យ​លឿន​ជាង​នេះ​បាន​ប៉ុន្តែ​ល្បឿន​នេះ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កត្តានយោបាយ សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ។

8.មកទល់​បច្ចុប្បន្ន តើ​ក្រុមហ៊ុន​មាន​អតិថិជន​ប៉ុន្មាន​ហើយ និង​មាន​ខ្មែរ​ប៉ុន្មាន​ភាគរយ? សម្រាប់​អតិថិជន​យើង​មិនអាច​រាប់​បានទេ ដោយសារ​អតិថិជន​ខ្លះ​ធានា​ជា​ឯកជន ខ្លះ​ធានា​ជា​ក្រុម ប៉ុន្តែ​គ្រាន់តែ​ដឹងថា ក្រុមហ៊ុន​ទទួលបាន​ចំណែក​ទីផ្សារ​ប្រមាណ​ជា46.7% ក្នុងចំណោម11 ក្រុមហ៊ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា។ នៅពេល​ចាប់ផ្តើម យើង​មាន​អតិថិជន​ខ្មែរ​តែ5% ប៉ុន្តែ​បច្ចុប្បន្នអតិថិជន​ខ្មែរ​កើន​ដល់30% ហើយ​កំណើន​នេះ​អាច​កើនឡើង​កាន់តែច្រើន​ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​អតិថិជនធំៗមាននៅ​ភ្នំពេញ ខេត្តកណ្តាល​សៀមរាប​ដែលជា​ខេត្ត​ទេសចរណ៍ និង​អតិថិជន​នៅ​ខេត្តបាត់ដំបង ក្រុងព្រះសីហនុ និង​កំពង់ចាម​ផងដែរ។

9.តើ​អតិថិជន​ដែល​ទទួលយក​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​សុទ្ធតែជា​អ្នកមាន​ជីវភាព​ល្អប្រសើរ​ឬ​យ៉ាងណាដែរ? មិនមែន​ដូច្នោះ​ទេ អតិថិជន​ខ្លះ​ក៏មាន​ចំណូល​ទាប​ដែរ ហើយ​ពួកគាត់​ភាគច្រើន​ប្រើ​ធានារ៉ាប់រង​ខ្នាតតូច ដូច្នេះ​មនុស្ស​ទូទៅ​គាត់​ត្រូវការ​ការធានារ៉ាប់រងគ្រប់ៗគ្នា​សម្រាប់​សុវត្ថិភាព​ហិរញ្ញវត្ថុ ឬ​សម្រាប់​ធានា​លើ​សុខភាព​របស់​ពួកគាត់ ដូច្នេះ​យើង​អាច​ច្នៃ​ផលិតផល​របស់​យើង​ទៅតាម​តម្រូវការ​អតិថិជន។ បើ​និយាយ​ពី​ធានារ៉ាប់រង​ទូទៅ​វិញ ភាគច្រើន​ពួកគាត់​មាន​ចំណូល​មធ្យម​ឡើងទៅ តែ​ធានារ៉ាប់រង​ខ្នាតតូច​គឺ​សម្រាប់​ពលរដ្ឋ​ជនបទ។ ហើយ​Forte Insurance មាន​ផលិតផល​ធានារ៉ាប់រង​ទូទៅ​ចំនួន​ដល់​ទៅ 200ប្រភេទ  ហើយ​ផលិតផល​ពេញនិយម គឺ​ទ្រព្យ​សម្ភារ សុខភាព យានយន្ត និង​ធានារ៉ាប់រង​ការដ្ឋាន​សំណង់។

10. តើ​បច្ចុប្បន្ន​ក្រុមហ៊ុន Forte Insurance មាន​បុគ្គលិក​សរុប​ទាំងអស់​ចំនួន​ប៉ុន្មាន​ដែរ? បើ​រាប់​ទូទាំងប្រទេស​មាន​ចំនួន​ប្រហែល 170នាក់ នៅ​ប្រទេស​ឡាវ​មាន​បុគ្គលិក 35នាក់ ព្រោះ​ប្រទេស​ឡាវ​ស្ថិតក្នុង​ដំណាក់កាល​ក្រោយ​យើង។ កាល​បើក​ដំបូង​យើង​មាន​បុគ្គលិក​តែ 4នាក់​ប៉ុណ្ណោះ​ក្នុងដំណាក់កាល​នោះ​ខ្ញុំ​ចំណាយពេល​ច្រើនណាស់ ធ្វើការ 15ម៉ោង​ក្នុង​មួយថ្ងៃ និង​ធ្វើការ 6ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ថ្ងៃ​សៅរ៍-អាទិត្យ​ឆ្លៀត​ទៅ​រៀន​ទៀត។ ធ្វើការ​ពេលខ្លះ​ជាន់គ្នា​ជាមួយ​ការរៀនសូត្រ ជា​មធ្យម​សរុបទៅ ខ្ញុំ​ធ្វើការ​ប្រហែល 90ម៉ោង​ក្នុង1សប្តាហ៍។

11.កត្តា​អ្វីដែល​ធ្វើឱ្យ​លោក​ធ្វើការ​ច្រើន​រហូតដល់ 90ម៉ោង​ក្នុង​មួយ​សប្តាហ៍? ការបើក​ក្រុមហ៊ុន​ដំបូង​ទាមទារ​ឱ្យ​មានការ​ខំប្រឹងប្រែង ទាំង​ការបណ្តុះបណ្តាល​បុគ្គលិក និង​ពិនិត្យ​ការងារ​កុំឱ្យ​មាន​ខ្វះចន្លោះផ្សេងៗ ពិសេស​មើល​អំពី​ការប្រកួតប្រជែង​ថា តើ​ដំណើរការ​ដល់​កម្រិតណា​ដែរ ហើយ​ធានារ៉ាប់រង​ត្រូវតែមាន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ ធ្វើ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុនធំៗទាំង​ក្នុង​តំបន់ និង​នៅ​អឺរ៉ុប។ ដំបូង​យើង​ប្រឹងប្រែង​ធ្វើ​ការរកចំណូល បន្ទាប់មក ក្រោយពី​បណ្តុះបណ្តាល​បុគ្គលិក​ហើយ ត្រូវ​ត្រួត​ពិនិត្យមើល​ការងារ​ប្រចាំថ្ងៃ។ ដូចនេះ​ការចាប់​ផ្តើមដំបូង គឺជា​ការលះបង់ពេលវេលា​សម្រាប់​ការងារ​របស់​យើង។

12.ក្រុមហ៊ុន​Forte Insurance នេះ តើ​លោក​ជា​ស្ថាបនិក​តែម្តង ឬ​បរទេស​ជា​អ្នកបង្កើត? តាមពិតទៅ​ក្រុមហ៊ុន​នេះ​មាន​ភាគហ៊ុន​ជាមួយ​បរទេស ប៉ុន្តែ​ខ្ញុំ​ដើរតួ​ជា​អ្នកបង្កើត ដោយសារ​ខ្ញុំ​ជាអ្នកធ្វើការងារ​ហ្នឹង​ផ្ទាល់ ហើយ​ខ្ញុំ​ជា​អ្នក​រត់ការ​ឯកសារ​ច្បាប់ ចុះបញ្ជីផ្សេងៗ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​តែម្តង។ ម្ចាស់​ភាគហ៊ុន​គេ​ដាក់​គោលដៅ​ឱ្យ​ខ្ញុំ ដោយ​ចែក​ភាគហ៊ុន​ឱ្យទៅ​តាម Target ដែល​ខ្ញុំ​សម្រេចបាន។ ដូច្នេះ​រហូតមក​ដល់ពេលនេះ អ្វីដែល​ខ្ញុំ​ទទួល​បានជា​ញើស​ឈាម​របស់ខ្ញុំ​ផ្ទាល់​តែម្តង។

13. សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​ខាងមុខ តើ​ក្រុមហ៊ុន​គិត​នឹង​ពង្រីក​ទីផ្សារ​បន្ថែមទៀត​ដូចម្តេច? ទីផ្សារ គឺ​វិ​វ​ឌ្ឍ​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច មានន័យថា ពេល​ប្រជាពលរដ្ឋ​ធូរធារ​គាត់​នឹង​ប្រើប្រាស់សេវា​ផលិតផល​របស់​យើង​កាន់តែ​ច្រើនឡើង។ យើង​ឃើញថា ចំណូល​ផ្នែក​ខាង​ធានារ៉ាប់រង​នៅ​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុ​ជាមាន​ចំនួន​ប្រហែល 0.5% នៃ​GDP ចំណែក​ប្រទេសជិតខាង ដូចជា​វៀតណាម​ឡើងដល់ 2% និង​ប្រទេស​ថៃ​កើនឡើង 3-4% នៃ​GDPរបស់គេ ដូច្នេះ​ខ្ញុំ​គិតថា ទីផ្សារ​កម្ពុជា​នៅតែមាន​សក្តានុពល​ទៅមុខ។ និរន្តរភាព​នៃ​ក្រុមហ៊ុន គឺ​ទីផ្សារ​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ពង្រីក​ក្នុង​តំបន់​បន្ថែមទៀត ដែល​កាលពីខែកុម្ភៈ 2017 កន្លងមក យើង​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ក្នុងការ​ប្រតិបត្តិការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ យើង​កំពុងតែ​មើល​ទីផ្សារ​ថ្មី​ថែមទៀត ដូចជា​មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ​ជាដើម។ ហើយ​យើង​ជឿជាក់​ទៅលើ​ផលិតផល​របស់​យើង​ថា​មាន​ចំណុច​ពិសេស​ដែលមាន​សក្តានុពល​ក្នុងការ​ជ្រៀតចូល​ទៅក្នុង​ប្រទេសជិតខាង។ ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​ផ្សេង​មិន​ហ៊ាន​ធានារ៉ាប់រង​មនុស្ស​ឈឺ ឬ​មនុស្ស​ចាស់ជរា ជាដើម តែ​យើង​ហ៊ាន! ដូច្នេះ​មានតែ​យើង​ទេ​ដែលមាន​ផលិតផល​សុខភាព​នេះ ជួនកាល​នៅលើ​ពិភពលោក​មិនទាន់មាន​ផង ព្រោះ​គេ​គិតថា វា​ដូច​លេង​អាប៉ោង​បើកគ្រប​ហើយ​ទើប​ចាក់​អ៊ីចឹង ប៉ុន្តែ​យើង​មាន!។ ហើយ​ផលិតផល​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ទៀតផង។

14.សម្រាប់​ផលិតផល​សុខភាព​ធានា​ទៅលើ​មនុស្ស​ចាស់ ឬ​អ្នកជំងឺ​ឈឺ​ស្រាប់ ដូច​ជាមាន​ហានិភ័យ​ច្រើន ហេតុ​អី​ក្រុមហ៊ុន​ហ៊ាន​ទទួលយក? អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​លក្ខណៈពិសេស​ផលិតផល​នេះ​មិន​សំដៅ​មនុស្ស​ម្នាក់​ទេ តែ​យើង​ធ្វើ​សម្រាប់​គ្រួសារ​គាត់​ទាំងមូល ទោះជា2នាក់ 4នាក់ ឬ6នាក់​ក៏ ដោយ​យើង​មិន​គិតថា​ឈឺ​ឬ​មិន​ឈឺ​ទេ។

15.ក្រុមហ៊ុន​មាន​បុគ្គលិក​តាំងពី 4នាក់ រហូតមកដល់​បច្ចុប្បន្ន​មាន​ដល់ 170នាក់ តើ​ក្រុមហ៊ុន​មាន​វិធីសាស្ត្រ​គ្រប់គ្រង​បុគ្គលិក​បែបណា​ដែរ? ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា ការរីកចម្រើន​របស់​ក្រុមហ៊ុន គឺ​មិនអាច​កាត់ផ្តាច់​ពី​ធនធានមនុស្ស​បានទេ។ ធនធានមនុស្ស​ជា​កត្តា​សំខាន់បំផុត ខ្ញុំ​តែង​ឱ្យ​តម្លៃ​ទៅលើ​ធនធានមនុស្ស ខ្ពស់ជាង​ធនធាន​ទ្រព្យសម្បត្តិ​ប្រាក់​កាក់។ ការឱ្យ​តម្លៃ​លើ​ធនធានមនុស្ស គឺ​យើង​ចំណាយពេល​ច្រើនណាស់​សម្រាប់​បណ្តុះបណ្តាល ទាំង​ជំនាញ និង​អត្តចរិត យើង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​របស់គាត់ កុំឱ្យ​គាត់​គិតថា​ជា​របស់​ថៅកែ។ ហើយ​ក្រុមហ៊ុន​យើង​ក៏​កំពុង​រៀបចំ​ការបែងចែក​ភាគហ៊ុន​ទៅដល់​បុគ្គលិក​ទៀតផង។ បុគ្គលិកចាស់ៗដែល​នៅ​ជាមួយ​យើង ខ្លះ​ធ្វើការ​រយៈពេល 20ឆ្នាំ​មកហើយ ហើយ​យើង​ក៏មាន​ជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​អ្នកធ្វើការ​លើសពី10ឆ្នាំ​ឡើងទៅ​ដែរ ដូចជា​ការផ្តល់​កាដូ​ប្រចាំឆ្នាំ ដូចជា​កាក់​មាស​ជាដើម។

16. ជា​ចុងក្រោយ តើ​លោក​មាន​អនុសាសន៍​អ្វី ដើម្បី​ជាការ​ផ្តល់ជូន ក៏ដូចជា​ការចែករំលែក​ដល់ អ្នកអាន​របស់​ឡា​រ៉ែ​ន​ដែរ​ទេ? ខ្ញុំ​យល់ថា ជិវិត​សម័យ​នោះ​ចាប់​អ្វី​ចេះតែ​ខុស​កើត​ខុស​ជំនាន់ កើត​ខុស​កាលៈទេសៈ ដល់​អាយុ​ចូលរៀន អត់​បាន​រៀន ជួបតែ​សង្គ្រាម លុះ​ខំរៀន​ចប់ ប្រទេសជាតិ​ប្តូរ​របប​សេដ្ឋកិច្ច​ទៀត ពី​សេដ្ឋកិច្ច​ផែនការ មក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​យើង​មិន​បន្ទោស​ព្រហ្ម​លិខិត ឬ​សង្គម​ទេ ជាទូទៅ​ខ្ញុំ​មិន​បន្ទោស​អ្នកណា​ទេ ខ្ញុំ​នៅតែ​ខំប្រឹង​បន្តទៀត។ ត្រង់នេះ​ខ្ញុំ​សូមឱ្យ​យុវជន​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ តស៊ូ​ក្នុង​ការងារ​ដើម្បី​ចាប់យក​ឱកាសថ្មីៗ ជាពិសេស​ត្រូវ​ចេះ​តាមដាន​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោក ការវិវឌ្ឍ​របស់​សង្គម ព្រោះ​វា​អាច​នឹង​ជួយ​ឱ្យ​យើង​បត់បែន​បាន​ទាន់ពេល និង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ហើយ​កុំ​បន្ទោស​សង្គម គឺ​ត្រូវ​ខំប្រឹងប្រែង​ដោយ​ខ្លួនឯង​សម្រាប់​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ និង​សង្គម​របស់​យើង៕

លោកយក់ ចំរើនឫទ្ធិ និងក្រុមគ្រួសារ

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា