Skip to content

ធនាគារ PPCBank និង Wing បង្កើត​សេវា​ផ្ទេរប្រាក់​ពី​កូរ៉េ​ទៅដល់​ទីជនបទ

ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេលថ្មីៗនេះ ដោយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​សំខាន់​ទាំងពីរ​នេះ​បាន​ចាត់ទុកថា វា​នឹង​រួមចំណែក​ផ្តល់នូវ​ជម្រើស​ថ្មី​មួយ​សម្រាប់​ការផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​មកកាន់​ប្រទេស​កម្ពុជា​ដោយ​ផ្តល់ជូន​នូវ​សេរីភាព​ហិរញ្ញវត្ថុ និង​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ពលករ និង​ជនអន្តោប្រវេសន៍​កម្ពុជា​ជាង 4ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​និយាយថា ជាមួយ​កិច្ចសហការ​ថ្មី​នេះ អតិថិជន​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ឡើង សម្រាប់​ការសម្រេចចិត្ត​ផ្ទេរប្រាក់​ទៅឱ្យ​សាច់ញាតិ​របស់ខ្លួន​ដែល​នៅ​ទីជនបទ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ តែងតែ​ផ្ទេរប្រាក់​យ៉ាងច្រើន​មកឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន។

លោក​និយាយថា៖ “ភាពជា​ដៃគូ​នេះ​បាន​ផ្តល់ឱ្យ​យើង​នូវ​ឱកាស​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ភាពងាយស្រួល​ក្នុង​ការផ្ញើ​ប្រាក់​ចាប់ពី​ថ្ងៃទី2 ខែមេសា​នេះ​តទៅ ទៅឱ្យ​មនុស្ស​ជាទី​ស្រឡាញ់របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា។

លោក Ruan Swanepoel នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ធនាគារ​ឯកទេស Wing បាន​លើកឡើងថា ថ្នាក់ដឹកនាំ​របស់​ធនា​គារ​ឯកទេស​វី​ង​តែងតែ​ស្វែងរក​វិធី​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​លំហូរ​មូលនិធិ​សម្រាប់​អតិថិជន​របស់ខ្លួន និង​តែងតែ​រិះរក និង​ផ្តល់​ដំណោះស្រាយ​ទូទាត់ថ្មីៗជានិច្ច។

យោងតាម​ការផ្សព្វផ្សាយ​របស់​ធនាគារ​ទាំងពី​រ​ប្រជាជន​កម្ពុជា​នៅ​កូរ៉េខាងត្បូង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ដោយ​ប្រើ​កម្មវិធី​ធនាគារ​ចល័ត​របស់​ធនាគារ PPCBank បានភ្លាមៗ ដោយ​នេះ​ជា​មធ្យោបាយ​ផ្ទេរប្រាក់​យ៉ាង​លឿន​រវាង​ប្រទេស​ទាំងពីរ ហើយ​អ្នកទទួល អាច​ទទួលបាន​សាច់ប្រាក់​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​វេរ​លុយ ឬ​តាម​បណ្តាញ​របស់​វី​ង​ចំនួន 5ពាន់​កន្លែង​នៅ​ទូទាំងប្រទេស។

អតិថិជន​ក៏​អាច​ផ្ទេរប្រាក់​ពី​គណនី ធនាគារ PPCBank របស់​ពួកគេ​ទៅ​គណនី​វី​ង​បានដែរ។ នេះ​ជាការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​រួម​សម្រាប់​ប្រជាពលរដ្ឋ ដែលជា​គោលបំណង​រួម​គា្ន​ទៅវិញទៅមក​របស់​ធនាគារ PPCBank និង​វី​ង។ ភាពជា​ដៃគូ​នេះ​មាន​ចំណុចសំខាន់ៗ ដូចជា​ឆាប់រហ័ស និង​មាន​សុវត្ថិភាព ងាយស្រួល និង​មានតម្លៃ​សមរម្យ។ សាច់ប្រាក់​អាច​ផ្ទេរ​ដោយផ្ទាល់​ទៅ​គណនី​វី​ង ឬ​ប្រមូល​នៅ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង 5ពាន់​កន្លែង​នៅ​ទូទាំងប្រទេស​តាមរយៈ​លេខ​កូដ​សម្ងាត់ 8ខ្ទង់។

ទិន្នន័យ​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េ​តាមរយៈ​ធនាគារ​អេស៊ីលីដា បាន​បង្ហាញថា ការផ្ទេរ​ប្រាក់​ពី​សាធារណរដ្ឋ​កូរ៉េខាងត្បូង មាន​ចំនួន​ជិត 235លាន​ដុល្លារ​ដោយមាន​កំណើន​ប្រមាណ13% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន​ទឹកប្រាក់​ជិត 208លាន​ដុល្លារ។

ទិន្នន័យ​ដដែល​នេះ​បង្ហាញថា តាមរយៈ​ចំនួន​ទឹកប្រាក់​ខាងលើនេះ ចំនួន​នៃ​ការផ្ទេរ​ប្រាក់​បាន​កើនឡើង​ប្រមាណ15% រហូតដល់​ចំនួន 84,057ដង​ក្នុង​ឆ្នាំ2017 ធៀប​នឹង​ឆ្នាំ2016 ដែល​ចំនួន​នៃ​ការផ្ញើ​ប្រាក់​មាន​ចំនួន 73,146ដង។

ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ​មាន​ជាង 4ម៉ឺន​នាក់ ដោយ​ផ្ទេរប្រាក់​មក​ប្រទេស​កម្ពុជា​វិញ ប្រមាណ 300លាន​ដុល្លារ ក្នុង1ឆ្នាំ។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៕

Leave a Reply

Your email address will not be published. Required fields are marked *