ការអប់រំ ជាកូនសោមិនអាចខ្វះបានដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅលើពិភពលោក។ គ្រប់ប្រទេសអភិវឌ្ឍន៍ទាំងអស់សុទ្ធតែត្រូវការធនធានមនុស្ស ព្រោះធនធានមនុស្សជាបេះដូងនៃរបកគំហើញថ្មីៗទាំងអស់ ដែលពួកគេជាចំណែកមិនអាចខ្វះបានសម្រាប់សង្គម និងអភិវឌ្ឍន៍ប្រទេស។
ដោយមើលឃើញពីចរន្តនេះ ប្រទេសជាច្រើនលើពិភពលោកបានចាប់ផ្តើមវិនិយោគលើការអប់រំកម្រិតឧត្តម និងក្រោយឧត្តម ហើយប្រទេសមួយចំនួនក៏ជំរុញឱ្យប្រជាជនរបស់ខ្លួនធ្វើការស្រាវជ្រាវរហូតដល់បញ្ចប់ថ្នាក់បណ្ឌិតផងដែរ។ ខាងក្រោមនេះជាទិន្នន័យចុងក្រោយ បំផុតទាក់ទងនឹងចំនួនបណ្ឌិត (PhD) ក្នុងប្រទេសដែលមានអ្នកបញ្ចប់ថ្នាក់បណ្ឌិតច្រើនបំផុតលើពិភពលោក។
យោងតាមរបាយការណ៍របស់ OECD បានសហរដ្ឋអាមេរិកជាអ្នកនាំមុខគេដែលមានប្រជាជនបញ្ចប់ថ្នាក់ PhD ដល់ទៅ 67,449នាក់នៅក្នុងឆ្នាំ2014។ បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ ដែលមានអ្នកចប់ PhD ចំនួន 28,147 និងបន្ទាប់មកទៀតគឺប្រទេសអង់គ្លេសដែលល្បីល្បាញខាងផ្នែកអប់រំលើពិភពលោក និងមានអ្នកចប់ PhD ប្រមាណ 25,020នាក់។
ងាកមកបណ្ដាប្រទេសនៅក្នុងអាស៊ីវិញ ឥណ្ឌា បានឈរក្នុងចំណាត់ថ្នាក់លេខ4 ដែលមានប្រជាជនជាប់ PhD ចំនួន 24,300នាក់។ ចំនួននេះ គឺតាមពីក្រោយដោយប្រទេសល្បីល្បាញផ្នែកបច្ចេកវិទ្យាគឺ ជប៉ុន ខណៈប្រទេសនេះមានអ្នកជាប់ PhD ចំនួន 16,039នាក់។
យោងតាមរបាយការណ៍របស់ OECD ក៏បានបង្ហាញផងដែរពីចំនួនបណ្ឌិតដែលបានកើនឡើងយ៉ាងឆាប់រហ័សនៅលើពិភពលោកក្នុងរយៈពេល 2ទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងពិភពលោកដែលពោរពេញដោយលំហូរនៃសេដ្ឋកិច្ចយ៉ាងលឿននេះ ការបណ្តុះបណ្តាលធនធានមនុស្សត្រូវបានគេយកចិត្តទុកដាក់ខ្លាំង។ ក្នុងនោះចំនួន 40% នៃបណ្ឌិតដែលបានបញ្ចប់ការសិក្សាគឺជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ចំណែកឯជំនាញទាក់ទងនឹងសុខភាព និងជំនាញពាក់ព័ន្ធដទៃទៀតគឺ 58%៕