បណ្ដាញទំនាក់ទំនងសង្គមធំបំផុតរបស់ពិភពលោក Facebook បានសារភាពថា ខ្លួនពិតជាបានបំពានលើសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់មែន ប៉ុន្តែការបំពាននោះគឺធ្វើឡើងក្នុងគោលបំណងល្អ ដែលផ្ទុយស្រឡះពីការចោទប្រកាន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail។
បើតាមសម្តីរបស់ លោក Mike Schroepfer ដែលជានាយកផ្នែកបច្ចេកវិទ្យា (CTO) របស់ Facebook បានឱ្យដឹងថា Facebook បានធ្វើការស្គែនទៅលើសារ រូបភាព និង Link ដែលអ្នកប្រើប្រាស់បានផ្ញើឱ្យគ្នាទៅវិញទៅមកតាមរយៈ Facebook Messenger ប៉ុន្តែការដែលខ្លួនធ្វើបែបនេះគឺទី1 ត្រួតពិនិត្យទៅលើរូបភាពដែលបានផ្ញើនោះ តើវាជាការផ្សព្វផ្សាយពាណិជ្ជកម្មដែរឬទេ? និងមួយទៀតខ្លាចរូបភាពដែលផ្ញើនោះប៉ះពាល់ដល់ក្មេង និងជាពិសេសគឺ Link ដែលបានផ្ញើខ្លាចមានមេរោគបង្កប់ទៅជាមួយ ព្រោះថា មួយរយៈមុននេះមានមេរោគជាច្រើនបានឆ្លងតាមរយៈការផ្ញើ Link។
លោក Mike Schroepfer ក៏បានឱ្យដឹងទៀតដែរថា មានភាគីទី3 ទំនងជាបានកេងចំណេញ និងលួចទិន្នន័យរបស់អ្នកប្រើប្រាស់ តាមរយៈការប្រើឧបករណ៍ស្វែងរក (Search Tool) ក្លែងក្លាយក្នុងការប្រមែប្រមូលទិន្នន័យផ្ទាល់ឯកជនរបស់អ្នកប្រើប្រាស់ Facebook នៅជុំវិញពិភពលោកប៉ុន្តែករណីនេះ Facebook កំពុងធ្វើការស៊ើបអង្កេត។
នាពេលថ្មីៗនេះផងដែរ រដ្ឋមន្ត្រីទូរគមនាគមន៍ និងទំនាក់ទំនងឥណ្ឌូនេស៊ី លោក Rudiantara បានគំរាមបិទបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook នេះចោល បើសិនទិន្នន័យ ឬព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានរំលោភបំពាន និងបែកធ្លាយ។
គួរបញ្ជាក់ផងដែរថា លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook នឹងចូលផ្តល់សក្ខីកម្មនៅចំពោះមុខសភាសហរដ្ឋអាមេរិក នាថ្ងៃទី11 ខែមេសា ខាងមុខនេះ ជុំវិញរឿងអាស្រូវបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់នេះ៕