Skip to content

ស្អែក​នេះ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​បាន​ហើយ

បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​រួចមក នៅ​ព្រឹកស្អែក​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ដែរ​ហើយ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ស៊ុន ចាន់ថុល នឹង​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន​គម្រោង​រថ​ភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ-ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ ទី10 ខែមេសា ឆ្នាំ2018 វេលា​ម៉ោង06:30នាទី​ព្រឹក​នៅ​ស្ថានីយ​រថភ្លើង​ភ្នំពេញ។

សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​ក្បួន​រថភ្លើង​នេះ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី10 ខែមេសា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018។

រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​នឹង​ចំណាយពេល​ប្រមាណ30នាទី​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ100នាក់(រួមទាំង​អ្នក​អង្គុយ និង​អ្នក​ឈរ)៕

Leave a Reply

Your email address will not be published. Required fields are marked *