Skip to content

សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ជាង 5%

តាម​ការវាយតម្លៃ​រប​ស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា​ការិយាល័យ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន+3 បានឱ្យដឹងថា នៅ​ឆ្នាំ2018 សេដ្ឋកិច្ច​អាស៊ាន​នឹង​បន្ត​រក្សាបាន​កំណើន​រឹងមាំ​ប្រមាណ5,2% ដែល​គាំទ្រ​ដោយ​ភាពល្អប្រសើរ​នៃ​សេដ្ឋកិច្ចពិភពលោក និង​កំណើន​តម្រូវការ​ក្នុងស្រុក ក្រោម​បរិការណ៍​ដែល​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​មាន​ភាព​សមាហរណកម្ម​កាន់តែ​កើនឡើង។

ការ​ព្យាករ​ក៏ដូចជា​ការវាយតម្លៃ​ខាងលើ​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ2018នេះ។ ក្នុងនោះ​ប្រទេស​សិង្ហបូរី​បាន​បន្ត​កំណត់​គោលដៅ​ជា​អាទិភាព​សម្រាប់​តំបន់​ចំនួន2 គឺ​ការពង្រឹង​ភាព​ធន់ (resilience) និង​លើកកម្ពស់​នវានុវត្តន៍ (Innovation)។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​គាំទ្រ​ការកំណត់​អាទិភាព​សម្រាប់​ឆ្នាំ2018 របស់​ប្រទេស​សិង្ហ​បុរី ដោយសារ​ក្នុងស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន ការពង្រឹង​ភាព​ធន់ និង​លើកកម្ពស់​នវានុវត្តន៍​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​ប្រទេស​នានា​រក្សាបាន​នូវ​ស្ថិរភាព​ទាំង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទាញយក​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​បច្ចេកវិទ្យា និង​បង្កើត​ផលិតផល​ហិរញ្ញវត្ថុថ្មីៗស្របតាម​តម្រូវការ​ទីផ្សារ និង​សម្រាប់​ប្រជាជន​ក្រីក្រ សំដៅ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​រក្សា​ចីរភាព​កំណើន។

ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ការងារ​នានា​របស់​អាស៊ាន ដែល​ទទួលបាន​ក្នុង​ឆ្នាំ2017 កន្លងទៅ និង​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​តាម​គោលដៅ​នានា ដែល​បានដាក់​ក្នុង​ផែនការ 2016-2025។ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បង្ហាញ​ជំហរ​គាំទ្រ និង​ចូល​រួមជាមួយ​គណៈកម្មាធិកា​រ​ការងារ​នានា​អាស៊ាន​ដើម្បី​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​នានា ដែល​ជួយ​ពង្រឹង​សមាហរណកម្ម​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន។

គួរ​បញ្ជាក់ថា តាម​ការវាយតម្លៃ​រប​ស់​ស្ថាប័ន​អន្តរជាតិ​នានា រួម​នឹង​ក្រសួង​សេដ្ឋកិច្ចកម្ពុជា បានឱ្យដឹងថា កម្ពុជា​នៅតែ​រក្សា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រង្វង់ 6.9% ឬ7.0% ដែលជា​កំណើន​មាន​ស្ថិរភាព​អូសបន្លាយ​ប្រមាណ​ជាង 2ទសវត្សរ៍​មកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *