កសិកម្មជាវិស័យមួយយ៉ាងសំខាន់នៅប្រទេសកម្ពុជា ហើយពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមគ្រប់លទ្ធភាពដើម្បីជំរុញដល់កសិករឱ្យផលិតស្រូវដើម្បីនាំចេញឱ្យបាន 1លានតោនក្នុងមួយឆ្នាំ។
ខេត្ត តាកែវ ត្រូវបានគេមើលឃើញថា ជាខេត្តដែលមានសក្តានុពលមួយក្នុងចំណោមខេត្តសំខាន់ៗដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ធំជាដើម។
នៅឆ្នាំនេះ បើយោងតាមការឱ្យដឹងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ញ៉ិប ស្រ៊ន បានលើកឡើងថា ការបង្កើតផលស្រូវរដូវវស្សាឆ្នាំ 2017-2018នេះ កសិករនៅខេត្ត តាកែវបានបង្កបង្កើនផលស្រូវលើផ្ទៃដីចំនួន 198,438 ហិកតា ស្មើនឹង 116.72 ភាគរយនៃផែនការ ក្នុងទិន្នផលមធ្យមជាង 3តោនក្នុងមួយហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន 662,778តោន។
ងាកមកទិន្នផលស្រូវប្រាំងវិញប្រជាជនខេត្តតាកែវអនុវត្តបាន 98,580ហិកតា ស្មើនឹង 131.44ភាគរយនៃផែនការក្នុងទិន្នផលមធ្យមប្រមាណជិត 5តោនក្នុងមួយហិកតា ដែលទទួលបានបរិមាណផលសរុបចំនួន 484,062តោន។
សម្រាប់ឆ្នាំ2018នេះ លោកប្រធានមន្ទីរបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តតាកែវមានចំនួន 1,003,927នាក់ ខណៈម្នាក់ៗមានតម្រូវការស្បៀងប្រមាណ 143គីឡូក្រាមក្នុងមួយឆ្នាំ ហេតុនេះប្រជាជនទូទាំងខេត្តអាចនឹងត្រូវការស្បៀងប្រមាណ 143,562តោនក្នុងមួយឆ្នាំ។
តាមការប៉ាន់ប្រមាណលើតុល្យភាពស្បៀង ដោយដកចេញស្រូវសម្រាប់ការហូបចុកក្នុងមួយឆ្នាំ ការទុកពូជ ទុកជាចំណីសត្វ និងការបាត់បង់ស្រូវខ្លះពេលប្រមូលផល យើងឃើញថា នៅទូទាំងខេត្តតាកែវ អាចនៅសល់ស្រូវប្រមាណ 773,436តោន និងគិតជាអង្ករប្រមាណ 494,999តោន សម្រាប់ធ្វើការនាំចេញទៅបណ្តាខេត្តនានា និងក្រៅប្រទេស៕