ក្រុម Bayern Munich បានឈ្នះពានក្របខ័ណ្ឌ Bundesliga សម្រាប់រយៈពេល 6រដូវកាលជាប់ៗគ្នា ក្រោយពីបានវាយបកដើម្បីផ្តួលក្រុម Augsburg ក្នុងលទ្ធផល 4-1 កាលពីថ្ងៃសៅរ៍។ លោក JuppHeynckes ដែលបានចូលកាន់តំណែងកាលពីខែតុលា ក្រោយពីលោក Carlo Ancelotti ត្រូវបានបណ្តេញចេញនោះ បានដឹកនាំឱ្យក្រុមរបស់លោក ជួបលទ្ធផលដ៏ជឿជាក់មួយ ដោយចាញ់ត្រឹមតែ 2លើកគត់ក្នុងចំណោមការប្រកួតទាំង 31លើករបស់លោក។
Bayern បានរបូតឱ្យមានគ្រាប់បាល់ 1គ្រាប់នាំមុខនៅលើទឹកដីក្រុម Augsburg ក្រោយពីខ្សែការពារ NicklasSule បានធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅមុនពេលកីឡាករ CorentinTolisso, James Rodriguez និង Arjen Robben រកបានគ្រាប់បាល់មកវិញដើម្បីជួយឱ្យក្រុម Bayern ឈ្នះពានមួយនេះតែម្តង។
ខ្សែប្រយុទ្ធចំណូលថ្មី Sandro Wagner បានរកគ្រាប់បាល់ទី4នៅជិតបញ្ចប់ការប្រកួតសម្រាប់ក្រុម Bayern Munich ដែលក៏កំពុងតែស្ថិតក្នុងទីតាំងដ៏ល្អនៃការប្រកួតជាមួយនឹងក្រុម Sevilla ក្នុងក្របខ័ណ្ឌ Champions League ផងដែរ។ ការឈ្នះពាន 6លើកជាប់ៗគ្នា គឺជាការគ្រប់គ្រងដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រប្រកបដោយផ្លែផ្ការបស់ក្លិបនេះ។ បច្ចុប្បន្ន Bayern បានឈ្នះពានក្របខ័ណ្ឌអាល្លឺម៉ង់សរុបចំនួន 28លើក។
លទ្ធផលនេះ ធ្វើឱ្យក្រុម Bayern នាំមុខ 20ពិន្ទុដាច់ ខណៈដែលនៅសល់ការប្រកួតលីក 5លើកទៀតនៅរដូវកាលនេះ និងបានបង្ហាញពីសមត្ថភាពដ៏ខ្លាំងរបស់ពួកគេក្នុងការគ្រប់គ្រងក្របខ័ណ្ឌ Bundesliga ទាំងស្រុង។ តារាជើងចាស់ Robben ដែលបច្ចុប្បន្ន បានឈ្នះពានក្របខ័ណ្ឌ Bundesliga 7លើក ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Bayern ក្នុងឆ្នាំ2009នោះ បានឱ្យដឹងថា៖ «វាតែងតែជារឿងដ៏ល្អក្នុងការឈ្នះពានមួយ។ យើងបានដឹងថា វានឹងកើតឡើង ប៉ុន្តែ យើងនៅតែត្រូវឈ្នះជាផ្លូវការ។ គ្មានអ្វីដែលកើតឡើងដោយងាយៗឡើយនៅក្នុង Bundesliga»៕
ប្រភពពី៖ The Sun