Skip to content

លោក Conte រិះគន់​តារាឆ្នើមៗ Chelsea ខណៈ​ឱកាស​បញ្ចប់​ត្រឹម​លេខ4កាន់តែ​ស្តួចស្តើង

លោក Antonio Conte បានធ្វើការ​រិះគន់​ទៅលើ​តារាឆ្នើមៗរបស់​ក្រុម Chelsea ខណៈដែល​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ4 របស់​ពួកគេ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League បាន​ជួបនឹង​ការខកចិត្ត​មួយ​ផ្សេងទៀត នៅពេល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម West Ham កាលពី​ថ្ងៃអាទិត្យ។

ក្រុម​របស់លោក Antonio Conte បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែការពារ Cesar Azpilicueta នៅ​តង់​ទី1 នា​កីឡដ្ឋាន Stamford Bridge។ ប៉ុន្តែ ក្រុម Chelsea បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើនលើក​ដើម្បី​បន្ថែម​ការនាំ​មុខ​របស់​ពួកគេ និង​បាន​ជួប​ការខកចិត្ត​នៅពេលដែល​ខ្សែប្រយុទ្ធ Javier Hernandez បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ហើយ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ​នៅ​រយៈពេល 17នាទីចុងក្រោយ។

ស្រប​ពេលដែល​ក្រុម​ឈរ​លេខ5 Chelsea ដេញតាម​ពីក្រោយ​ក្រុម​ឈរ​លេខ4 Tottenham ដល់​ទៅ 10ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត​ត្រឹមតែ 6លើក​ទៀត ហើយ​លទ្ធផល​ដ៏​សែន​ខកចិត្ត​នេះ ប្រហែលជា​នឹង​បញ្ចប់​ការ​ប្រជែង​របស់​ពួកគេ​ដើម្បី​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នេះហើយ។ Chelsea បាន​រង​នូវ​ការស្រែក​ចំអក​ឱ្យ​ក្នុងពេល​បញ្ចប់​ការប្រកួត ហើយ​នៅពេល​ត្រូវបាន​ចោទសួរ​ថា តើ​ពួកគេ​នៅតែ​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4 ឬ​យ៉ាងណា​នោះ លោក Conte បានឱ្យដឹងថា៖ «ខ្ញុំ​មិនដឹង​ទេ តែ​យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​រប​ស់​យើង ខ្ញុំ​មិនដឹង​ពីអ្វី​ដែល​យើង​អាច​ផ្លាស់ប្តូរ​បាន​នោះឡើយ»។

ទាក់ទង​នឹង​កំហឹង​របស់លោក​ចំពោះ​ការ​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​របស់ ក្រុម Chelsea លោក Conte បាន​និយាយថា៖ «យើង​ប្រាកដជា​ខកចិត្ត​មិន​ខាន យើង​កំពុង​ស្ថិតក្នុង​ទីតាំង​នេះ ពីព្រោះ​យើង​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ក្នុងការ​ដណ្តើម​ឱ្យបាន 3ពិន្ទុ។ យើង​មិនមាន​ភាព​មុត​ស្រួច​សោះ។ វា​ពិតជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ ពីព្រោះ​យើង​បាន​គ្រប់គ្រង​ការប្រកួត​នេះ​ស្ទើរតែ​ទាំងស្រុង»៕

Leave a Reply

Your email address will not be published. Required fields are marked *