កាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 ដែលបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស បានរកឃើញម្ចាស់ជយលាភីលេខ1 និងជាម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើបេក្ខជន គ្រី ថៃពៅ ដែលទទួលបានសំឡេងសារបោះឆ្នោតគាំទ្រច្រើនជាងគេ។ ដូចដែលយើងបានដឹងហើយថា បេក្ខភាពចំនួន 4 រូបចុងក្រោយដែលមានសមត្ថភាពអាចបន្ដមកដល់វគ្គចុងក្រោយនេះរួមមាន កញ្ញា ឈាង សុវណ្ណាវី កញ្ញា ចែម ស្រីល័ក្ខ លោក សៀក ញញឹម និងលោក គ្រី ថៃពៅ ។
ការបង្ហាញសមត្ថភាពរបស់លោក គ្រី ថៃពៅ នាយប់ម្សិលមិញនេះ បានសម្ដែងឱ្យឃើញពីកម្លាំង និងតិចនិកនៃការប្រើសំឡេងដែលអាចធ្វើបានទៅតាមវិញ្ញាសារបស់កម្មវិធី ព្រមទាំងទាក់ទាញចិត្តមហាជនអ្នកបោះឆ្នោតឱ្យងាកមកគាំទ្ររូបគេបានយ៉ាងច្រើនទៀតផង។ តែដោយឡែក ការមិនពេញចិត្តក៏នៅតែមានដែរ ព្រោះថា កាលពីសប្ដាហ៍ទី 7 បេក្ខភាពរូបនេះ បានបង្ហាញឱ្យឃើញពីភាពភ្លាត់ស្នៀត និងមានភាពថ្លោះធ្លោយចំពោះការច្រៀង។ ជាការពិតណាស់ តាមសភាពជាក់ស្ដែង បេក្ខជន គ្រី ថៃពៅ បានភ្លេចទំនុកច្រៀង (ប៉ារ៉ូល) សឹងតែទាំងស្រុង ព្រមទាំងធ្វើឱ្យមហាជនមានការស្រងាកចិត្ត និងបង្កឱ្យមានការរិះគន់កើតឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្ដបន្ទាប់ ដោយសារតែលោក នៅតែអាចបន្ដជាប់ទៅវគ្គបន្ដទៀតបាន។
ក្រោយពេលលើកពាននេះហើយ មហាជនមួយចំនួនបានចូលទៅបញ្ចេញមតិនៅពីក្រោមរូបភាពរបស់លោក គ្រី ថៃពៅ ថា «គាត់ច្រៀងខុសប៉ារ៉ូលកាលសប្ដាហ៍ទី7ពិតមែន តែកុំនិយាយច្រើនអី សំខាន់គឺគាត់បានពានហើយ ទើសក៏គ្មានន័យដែរ។»។ ខ្លះទៀតនិយាយថា «គ្មានអីគួរឱ្យទាក់ទាញបន្ដិចផង ប្រជាប្រិយភាពចាញ់ សោម៉ា ដាច់ បើតាមមើលទៅ ញញឹម ច្រៀងពិរោះជាង គ្រាន់តែថា ហង្សមាសឱ្យតែអ្នកខ្ពស់ស្អាតដឹងតែជាប់ហើយ។ សមតែធ្លាក់តាំងពីច្រៀងភ្លេចប៉ារ៉ូលមកម្លេះ ឱ្យតែស្អាត ច្រៀងមិនពីរោះក៏ហង្សមាសយកដែរ ព្រោះត្រូវប្លង់ថតរឿងផង»។ កាន់តែខ្លាំងជាងនេះទៀតនោះ អ្នករិះគន់បានលើកឡើងទៀតថា «លើកក្រោយមិនបាច់បោះឆ្នោតនាំតែខាតលុយទេ ព្រោះអីគេរៀបចំអស់ហើយ»។
គួរបញ្ជាក់ផងដែរថា ការមិនពេញចិត្តចំពោះការភ្លាត់ស្នៀតច្រៀងខុសប៉ារ៉ូលនេះ បានធ្វើឱ្យមហាជននៅតែបន្ដងឿងឆ្ងល់ថា តើកម្មវិធីមានការរៀបចំពិតមែនឬទេ? រហូតដល់ថ្នាក់ចង់ឱ្យកម្មវិធីបង្ហាញសារជាក់ស្ដែង។ តើប្រិយមិត្តទាំងអស់គិតបែបណាវិញចំពោះករណីរិះគន់បែបនេះ តែសម្រាប់អ្វីដែលជាការពិតនាពេលបច្ចុប្បន្ននេះគឺ គ្រី ថៃពៅ មានសមត្ថភាពលើកពាន និងក្លាយជាម្ចាស់ជយលាភីបាត់ទៅហើយ៕