បច្ចុប្បន្នយើងសង្កេតឃើញថា ការងារជាអ្នកគ្រប់គ្រងកំពុងតែមានតម្រូវការខ្លាំង ខណៈក្រុមហ៊ុនជាច្រើនបានកើត និងរីកដុះដាលឡើងដូចផ្សិតក្នុងអំឡុង4-5ឆ្នាំចុងក្រោយនេះ។ អ្នកគ្រប់គ្រងពូកែ គឺទាមទារឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ និងមានបទពិសោធច្រើនលើផ្នែកគ្រប់គ្រង ជាពិសេសគឺត្រូវមានចិត្តសាស្ត្រក្នុងការចរចា និងចេះបត់បែនគ្រប់កាលៈទេសៈ។
លោក ជួប រតនា ប្រធានផ្នែកស្តង់ដារ និងវាយតម្លៃគ្រូបង្គោលអាស៊ាន នៃក្រសួងទេសចរណ៍ បានលើកឡើងថា សម្រាប់វិស័យទេសចរណ៍ និស្សិតឬអ្នកដែលមិនប្រកាន់ខ្លួន ហើយចាប់ផ្តើមធ្វើពីការងារតូចៗនៅពេលដែលខ្លួនកំពុងសិក្សានៅមហាវិទ្យាល័យ ភាគច្រើនជាអ្នកអភិវឌ្ឍន៍ខ្លួនបានលឿនជាងអ្នកដែលចប់ភ្លាមស្វែងរកការងារធ្វើភ្លាម។ លោកបានបញ្ជាក់ផងដែរថា អ្នកដែលធ្វើការងារក្នុងវិស័យទេសចរណ៍នៅឆ្នាំទី1 ឬឆ្នាំទី2ឡើងទៅ ភាគច្រើនចាប់ផ្តើមអាជីពជាអ្នកបម្រើសេវាកម្មតូចៗ (waiter, waitress) តែប៉ុន្មានឆ្នាំក្រោយមក គាត់នឹងអាចអភិវឌ្ឍខ្លួនបានកាន់តែល្អឡើងៗក្រោយពេលដែលគាត់មានបទពិសោធច្រើនពីកន្លែងធ្វើការងារនោះ។
លោក ជួប រតនា បាននិយាយថា ៖ «យើងអាចសាកល្បងសួរទៅអ្នកគ្រប់គ្រងសំខាន់ៗក្នុងស្ថាប័ន ឬអាចសួរអ្នកដែលមានតួនាទីសំខាន់ៗនៅក្នុងវិស័យទេសចរណ៍ ឬបដិសណ្ឋារកិច្ច យើងនឹងឃើញថា អ្នកទាំងអស់នោះសុទ្ធតែធ្លាប់ឆ្លងកាត់ការងារជា Waiter, Waitress ដូចគ្នា»។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថាប្រសិនបើយើងមិនប្រកាន់ការងារតូចៗ ហើយចាប់ផ្តើមធ្វើវា យើងនឹងអាចក្លាយជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់នៅថ្ងៃអនាគត ព្រោះយើងបានស្គាល់ និងដឹងពីរសជាតិគ្រប់សព្វបែបយ៉ាងនៃការងារតូចតាចទាំងនោះ។ នៅពេលដែលយើងធ្លាប់ធ្វើការងារតូចៗយើងនឹងអាចដឹងពីអារម្មណ៍ហើយស្គាល់ពីទុក្ខលំបាករបស់បុគ្គលិកទាំងអស់ក្នុងស្ថាប័ន ដែលអាចធ្វើឱ្យយើងក្លាយជាអ្នកគ្រប់គ្រងដែលអាចទទួលបានការគោរពកោតខ្លាចពីបុគ្គលិកព្រោះយើងបានបំពេញនូវតម្រូវការសំខាន់ៗមួយចំនួនដែលពួកគេចង់បាន។ លោកបានបន្ថែមផងដែរថា ការធ្វើការងារគឺត្រូវមានការតាំងចិត្ត ឬដាក់គោលដៅឱ្យបានច្បាស់លាស់ សូមចាប់ផ្តើមពីចំណុចតូចៗ តែត្រូវព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកភាពថ្កុំថ្កើងនៃអាជីពនៅថ្ងៃអនាគត។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នករៀបចំព្រឹត្តិការណ៍ (Event) សំខាន់ៗដែលមានឈ្មោះថា Daily Plus លោក ពេជ្រ ពិសាល បានលើកឡើងថា អ្នកណាក៏ចង់ធ្វើការងារសំខាន់ៗដែរ ហើយមនុស្សគ្រប់រូបខិតខំប្រឹងប្រែងធ្វើការងារ គឺដើម្បីក្លាយជាមនុស្សសំខាន់ក្នុងស្ថាប័ន តែអ្វីដែលធ្វើឱ្យមនុស្សស្ថិតក្នុងស្ថានភាព និងតួនាទីខុសគ្នានោះ គឺវិធីដើម្បីសម្រេចគោលដៅទាំងអស់នោះ។ ដើម្បីសម្រេចជោគជ័យលើដំណើរឆ្ពោះទៅរកភាពខ្លាំងនៃអាជីពបាន គឺមិនអាចមើលរំលងការចាប់ផ្តើមដ៏សាមញ្ញបាននោះទេ។
លោក ពេជ្រ ពិសាល បាននិយាយថា ៖ មនុស្សម្នាក់ៗមិនអាចធ្វើការងារបានល្អដោយគ្មានការរៀនសូត្រនោះទេ ហេតុនេះការចាប់ផ្តើមធ្វើការងារតូចៗដែលមានប្រាក់ខែតិចៗ អាចជាជម្រើសល្អបំផុតសម្រាប់រៀនសូត្រធ្វើការ ហើយថែមទាំងមានចំណូលទៀតផង។
លោកពិសាល បានលើកឡើងទៀតថា ការចាប់ផ្តើមការងារដំបូង មិនគួរមើលតែលើប្រាក់ខែ ឬប្រាក់ចំណូលខ្លាំងពេកនោះទេ តែអ្វីដែលយើងត្រូវមើលគឺ តើឱកាសដែលយើងកំពុងមាននោះ អាចជួយយើងឱ្យសម្រេចគោលដៅបានច្រើនប៉ុនណានៅថ្ងៃខាងមុខ។ ក្រៅពីនេះ ការធ្វើការងារដោយចាប់ផ្តើមពីបុគ្គលមិនសូវសំខាន់ ហើយអាចអភិវឌ្ឍខ្លួនជាប់រហូតនោះ គឺជាចំណុចពិសេសមួយដែលបង្ហាញពីការដាក់ចិត្ត ដាក់កាយរៀនសូត្រពីការងារដោយមិនប្រកាន់ខ្លួន ហើយវាក៏ជាចំណុចល្អមួយដែលអាចនឹងធ្វើឱ្យយើងក្លាយជាអ្នកដឹកនាំម្នាក់ប្រកបដោយគុណប្រយោជន៍ គុណធម៌ និងគុណតម្លៃផងដែរនៅថ្ងៃខាងមុខ៕