ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំងគឺកញ្ញា ឆុំ វត្តី បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ ដែលគេមើលឃើញថា នាងកាន់តែបង្ហាញពីភាពស្និទស្នាលនិងផ្អែមល្ហែមជាងស្ករតាំម៉ែជាមួយគូស្នេហ៍ហើយលើនេះ បើចាប់តាំងពីថ្ងៃខួបកំណើតរបស់នាងមកម្លេះ។
តារាស្រីរូបនេះ បានបង្ហាញរូបបុរសជាគូសេ្នហ៍ បំពាក់ខ្សែជើងឱ្យរូបនាង ហើយថែមទាំងរៀបរាប់ថា «ស្រីៗគឺយ៉ាងនេះហើយ.. ពេលខ្លះធ្វើមុខខឹងគេព្រោះចង់ឲ្យគេលួង- ប្រកែកនឹងគេ ព្រោះចង់ឲ្យគេចេះធ្វើចាញ់ទើបសុខចិត្ត
-មិនចង់ឲ្យសួរច្រើន ចង់ឲ្យគេរៀនឈ្វេងយល់ដោយខ្លួនឯង – មិនចូលចិត្តនិយាយត្រង់ៗ តែចូលចិត្តប្រើទឹកមុខ – ឆាប់ខឹង ហើយក៏ឆាប់បាត់ (ស្រួលលួងណាស់) – ធ្វើអីក៏ចង់បានឲ្យគេសរសើរដែរ តែបើបង្អាប់ក៏មិនអី គ្រាន់តែអន់ចិត្ត – មិនចូលចិត្តឲ្យគេសួរ តែចូលចិត្តសួរគេ ហើយពេលគេធុញក៏តាំងអន់ចិត្ត – គិតច្រើនណាស់ ពេលខ្លះរឿងតូចមួយសោះ គិតបែកអូរហូរស្ទឹង ហើយមានពេលខ្លះ គេមិនរវល់ក៏លួចអន់ចិត្ត..យំ »។
មិនតែប៉ុនណោះ តួស្រីនៅក្នុងរឿង « ភូមគ្រិះ 100 ល្បិច » រូបនេះ បានបន្ថែមទៀតថា « ត្រូវទេស្រីៗ? ពេលស្រីៗធ្វើដូចកូនក្មេងគឺពិតជាគួរឲ្យស្រលាញ់ ងង៉ក់ច្រើន យំច្រើន សើចច្រើន ឆាប់ខឹង ឆាប់បាត់ ខ្លួនឯងខុសហើយចង់ឲ្យគេនិយាយសុំទោសទៀត តែយ៉ាងណាក៏នៅតែគួរឲ្យស្រលាញ់ដដែល។ បើគ្មានស្រីៗ ក៏ប្រហែលគ្មានប្រុសចេះប្រចណ្ឌដែរ »។ វ៉ាវ!! កាន់តែផ្អែមជាងទឹកឃ្មុំទៅហើយ តើអ្នកគាំទ្រណាមួយមិនរំភើប និងត្រេកអរជំនួសគូស្នេហ៍នាងនោះ៕