ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ការរីកចម្រើននៃបច្ចេកវិទ្យាបានជំរុញឱ្យវិស័យជាច្រើនលើពិភពលោក មានការផ្លាស់ប្តូរកាន់តែប្រសើរឡើង ក្នុងនោះវិស័យដឹកជញ្ជូនក៏បានវិវដ្តយ៉ាងលឿនផងដែរ។ ការហៅតាក់ស៊ីតាមបច្ចេកវិទ្យាបានរីកសាយភាយលើពិភពលោកយ៉ាងឆាប់រហ័ស ដោយកម្ពុជាក៏កំពុងមានការប្រកួតប្រជែងលើអាជីវកម្មមួយនេះផងដែរ។
ថ្មីៗនេះ បណ្តាញបច្ចេកវិទ្យាប្រទេសមួយចំនួនដែលធ្លាប់អនុវត្តបានជោគជ័យនៅទ្វីបអឺរ៉ុប បានហូរចូលមកក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍។
Uber ជាបណ្តាញដែលលេចធ្លោមួយដែលទើបនឹងចូលមកក្នុងប្រទេសកម្ពុជាបានប្រមាណជិត 2 ឆ្នាំ ត្រូវបានគេមើលឃើញថាបានអភិវឌ្ឍយ៉ាងលឿន តាមរយៈការផ្សព្វផ្សាយ និងការគាំទ្ររបស់ប្រជាជនខ្មែរ តែអ្វីដែលឱ្យគួរឱ្យចាប់អារម្មណ៍ បណ្តាញយ៉ាងមានប្រជាប្រិយភាពមួយនេះ បានប្រកាសដល់អតិថិជនពីការបញ្ឈប់ដំណើរការរបស់ខ្លួនទៅវិញនៅថ្ងៃទី 08 ខែមេសា ឆ្នាំ2018 ស្អែកនេះ។ អតិថិជនដែលបានប្រើប្រាស់ Mobile Apps របស់ Uber ទាំងអស់អាចនឹងឃើញសារនៅក្នុងទូរស័ព្ទដៃរបស់ខ្លួនពីព័ត៌មាននេះ។
ប្រហែលជា 2សប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុនតាក់ស៊ី Uber បានលក់ចំណែកទីផ្សាររបស់ខ្លួនទាំងអស់នៅតំបន់អាស៊ី អាគ្នេយ៍ រួមមានកម្ពុជាផងដែរនោះ ឱ្យគូប្រជែង គឺក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយការទិញ-លក់រវាងក្រុមហ៊ុនទាំងពីរនេះ បានធ្វើឱ្យគណៈកម្មការប្រកួតប្រជែងរបស់សិង្ហបុរី ដាក់ការសង្ស័យ និងកំពុងស៊ើបអង្កេត ព្រោះអាចមានករណីរំលោភលើច្បាប់ទិញ-លក់៕