ភ្នំពេញៈ ពិតជានឹកស្មានមិនដល់សោះថា តួឯកស្រីក្នុងខ្សែភាពយន្តរឿង«អ្នកខូចចិត្តអាជីព» អ្នកមេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី មានចិត្តជ្រួលច្របល់ខ្លាំង ខណៈភាពយន្តដែលខ្លួនសម្តែងជាមួយនឹងបុរសសង្ហាវ័យក្មេងជាកីឡាករបាល់ទាត់ឈ្មោះ លី វ៉ាហេទ បានសម្ពោធចាក់បញ្ចាំងហើយនៅតាមរោងកុននានាកាលពីចុងសប្តាហ៍នេះ។ សុខៗស្រាប់តែគេឃើញមានសារបែបអន្ទះសាអផ្សុកក្នុងចិត្តរបស់អ្នកនាង សុខ សុម៉ាវត្តី បង្ហោះថា៖ «Bro Ly Vahed ជូន sis ទៅមើលកុនបានទេ? អផ្សុកពេក ដុតក្មេងមួយលេង»។
គេក៏បានឃើញតារាឯកប្រុសជាកីឡាករបាល់ទាត់រូបសង្ហាលោក លី វ៉ាវេដ បង្ហោះសារដែរថា៖ «Good morning ម្សិលមិញអ្នកណាខ្លះបានទៅមើលរឿង “អ្នកខូចចិត្តអាជីព” ជួយប្រាប់ផង ល្អមើលដែរឬទេ?»។
រំពេចនោះក៏មានអ្នកលេងបណ្តាញសង្គមបានបង្ហោះសារកោតសរសើរពីទេពកោសល្យសម្តែងរបស់អ្នកនាង សុខ សោម៉ាវត្តី និងខ្លឹមសារសាច់រឿងរបស់នាងតាមTrailler ដែរថា៖ «ចង់ប្រាប់ថារឿងនេះល្អមើលខ្លាំងណាស់ អ្នកដែលអត់បានមើលប្រាកដជាស្ដាយក្រោយ មើលហើយចង់មើលទៀត ទោះបីមើលដប់ដងទៀតក៏មិនស្ដាយលុយដែរ។ ល្អមើលតាំងពីដើមដល់ចប់ កំប្លែង រំភើប ស៊ីអារម្មណ៍ រ៉ូមែនទិក អ្នកមើលច្រណែនតួប្រុស និងតួស្រី គឺថាស្វ៊ីតខ្លាំងឆ្ងាញ់ តែ Idolខ្ញុំ សុខ សោម៉ាវត្តី លេងម៉ាក្បាច់ចុងក្រោយធ្វើឲ្យតួប្រុសស្រក់ទឹកភ្នែក បាក់ទឹកចិត្តយ៉ាងខ្លាំង។ កុនខ្មែរដែលខ្ញុំធ្លាប់មើលកន្លងមកគឺរឿងនេះល្អមើលដាច់គេ អ្នកដែលមិនទាន់បានទៅមើល សុំទៅមើលឲ្យហើយទៅ កុំឲ្យស្ដាយក្រោយណា!» ។
ភាពយន្តរឿង «អ្នកខូចចិត្តអាជីព» ដែលមានតួឯកស្រីជាអ្នកនាង សុខ សោម៉ាវត្តី ជាតួស្រីសម្តែងមានទេពកោសល្យបែបក្រមិចក្រមើម ម្ញិកម្ញ៉ក់គួរឲ្យក្នាញ់ និងជាតារាសម្តែងស្រីរលកក្រោយលេចធ្លោដាច់គេប្រចាំឆ្នាំ២០១៦ ប៉ះនឹងតួប្រុសជាកីឡាករបាល់ទាត់វ័យក្មេងរូបសង្ហារបស់ក្លិបបឹងកេតអង្គរលោក លី វ៉ាហេទ។ នេះជាវណ្ណកម្មរបស់ផលិតកម្មរ៉ុក(Rock Production) ដែលចាប់ផ្តើមថតកាលពីចុងឆ្នាំ២០១៦ និងមានតួសម្តែងល្បីៗជាច្រើនចូលរួមសម្តែងផងដែរដូចជា នាយចឺម អ្នកនាងប៉េងប៉ោង នាយតេឡេ និងបានសម្ពោធចាក់បញ្ចាំងហើយកាលពីថ្ងៃទី១២ ខែឧសភា ចុងសប្តាហ៍នេះ៕