The Prey គឺជាចំណងជើងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលត្រូវបានផលិតឡើងដោយផលិតកម្មកងចក្រភាពយន្ត ដែលធ្លាប់ទទួលបានជោគជ័យលើការផលិតរឿង JAILBREAK ទទួលបានពានរង្វាន់ចំនួន5។ ដោយឡែកសម្រាប់ខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ The Prey នាពេលនេះ ផលិតករបានជ្រើសរើសយក កញ្ញា ឌី សូនីតា ដែលជាតារាស្រីកម្ពុជាតែម្នាក់គត់ឱ្យចូលរួមសម្ដែងរួមគ្នាជាមួយកំពូលតារាល្បីៗចំនួន3ប្រទេស រួមមាន ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសចិន ជាមួយតំណែងជាតួឯកស្រីនៅក្នុងសាច់រឿង។
កញ្ញា ឌី សូនីតា ត្រូវបានក្លាយជាតារាស្រីដ៏សំខាន់នៅក្នុងខ្សែភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ដែលមានចំណងជើងថា “The Prey” ដែលជាខ្សែភាពយន្តបែបស៊ើបអង្កេត វាយប្រហារគ្នាយ៉ាងគក្រើកតាំងពីដើមរហូតដល់ចប់ រវាងក្រុមឧក្រិដ្ឋជនអ្នកទោស និងប៉ូលីស។ នៅក្នុងខ្សែភាពយន្តដ៏អស្ចារ្យនេះផងដែរ កញ្ញា ឌី សូនីតា ត្រូវបានទទួលតំណែងជាតួអង្គស្រីតាមជួយរំដោះប៉ូលីសជនជាតិចិន ដែលសម្ដែងដោយលោក Gu Shang Wei ដែលជាអ្នកប្រដាល់ថ្នាក់ជាតិនៅប្រទេសចិនជាច្រើនឆ្នាំ និងជាតួឯកដ៏ល្បីឈ្មោះនៅក្នុងខ្សែភាពយន្ត BLOOD DESTINY ដែលក្លាយជាអ្នកទោសជាប់គុកនៅប្រទេសថៃ។
ស្រីស្រស់សម្បុរស្រអែម កញ្ញា ឌី សូនីតា បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងដូច្នេះថា “ខ្ញុំពិតជារំភើបមែនទែន ដែលបានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តលំដាប់អន្តរជាតិ ដែលនេះវាជាបទពិសោធថ្មីរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមសម្ដែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន”។ កញ្ញាបានបន្តទៀតថា “ខ្ញុំជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីបងប្អូនទស្សនិកជន ព្រោះបើតាមសាច់រឿងដែលខ្ញុំបានមើលគឺពិតជាល្អបំផុត ហើយម្យ៉ាងទៀតទាំងអ្នកដឹកនាំសម្ដែងអ្នកកាន់ម៉ាស៊ីនថត សុទ្ធតែជាអ្នកជំនាញធ្លាប់ទទួលបានពានរង្វាន់ទាំងអស់”។
លោក Jimmy Henderson ដែលជាអ្នកដឹកនាំរឿង បានឱ្យដឹងថា ឈុតដំបូងដែលត្រូវចេញថតគឺត្រូវនៅក្នុងខេត្តកោះកុង ដែលជាតំបន់ព្រៃភ្នំ និងមានទឹកជ្រោះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា រឿង The Prey នឹងទទួលបានជោគជ័យ ព្រោះផ្អែកតាមបទពិសោធកាលពីពេលកន្លងទៅ ជាពិសេសការទទួលបានជោគជ័យលើការបញ្ចាំងរឿង រឿង JAILBREAK ដែលបានបង្ហាញខ្លួននៅក្នុងសាលមហោស្រពអន្តរជាតិជាង20 រួមជាមួយនឹងការទទួលបានពានរង្វាន់ឆ្នើមចំនួន5។ ដូច្នេះសម្រាប់រឿង The Prey គឺមិនពិបាកក្នុងការគៀងគរប្រជាប្រិយភាពនោះទេ៕