ភ្នំពេញៈ កញ្ញា នាង ប្រាក់សុគន្ធា ដែលជាបេក្ខនារីប្រឡងកម្មវិធី Cambodian Idol រដូវកាលទី2 ដែលមហាជនបានស្គាល់នាងមួយជំហាន និងបានសរសើរអំពីទឹកដមសំឡេងដ៏ក្រអួនក្រអៅរួចហើយតាមរយៈបទ «ម៉ែ» នាពេលច្រៀងប្រឡង ឥឡូវនេះបានក្លាយជាតារាចម្រៀងស្រីថ្មោងថ្មី ប្រចាំផលិតកម្មសាន់ដេ នេះបើតាមអ្វីដែលផលិតកម្មបានបង្ហោះ Official Audio បទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា «កូនស្រី» តាមទំព័រហ្វេសប៊ុករបស់ផលិតកម្ម។
ជាមួយនឹងបទ «កូនស្រី» ដែលមានន័យបកស្រាយពីការតស៊ូ អត់ទ្រាំលំបាករបស់កូនស្រីក្នុងគ្រួសារលំបាកមួយ និងការចាកចេញពីគ្រួសារទាំងវ័យក្មេងដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារដែលជួបទុក្ខលំបាកទាំងក្នុងចិត្តភិតភ័យនោះ ពិតជាបានឆក់យកការចាប់អារម្មណ៍អំពីប្រិយមិត្តអ្នកស្តាប់យ៉ាងខ្លាំង បើទោះបីគ្រាន់តែចេញ Official Audio ក្តី និងបាននាំគ្នាចូលទៅចុច Likes និង comments ដូចព្យុះតែម្តង។
មានអ្នកខ្លះបានសរសេរថា៖ «សាន់ដេបានជើងខ្លាំងមួយហើយ! ខ្ញុំចង់និយាយពីអារម្មណ៍ពិតថា ពិតជាពីរោះខ្លាំងមែនទែន ហើយក៏មានអត្ថន័យចាក់ដល់បេះដូងថែមទៀត សុំគាំទ្រជានិច្ច។ ប្អូនស្រីជា idolក្នុងដួងចិត្តបងតាំងពីថ្ងៃដំបូង បងសុំសរសើរអស់ពីចិត្ត!»។
ចំណែកអ្នកខ្លះទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងសម្រាប់លោក Eno [អ្នកនិពន្ធទំនុកច្រៀង និងMelody] ព្រមទាំងផលិតកម្មសាន់ដេដែលបានផ្តល់ឱកាសដល់ក្មេងស្រីដែលលំបាកម្នាក់ បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួននៅលើឆាកសិល្បៈជាមួយបទចម្រៀងថ្មីដ៏ពីរោះ ខ្ញុំសូមគាំទ្រមួយទំហឹង»។
ខណៈអ្នកខ្លះទៀតបានលើកសរសើរ និងសំណូមពរថា៖ «សូមជួយគាំទ្រស្នាដៃបទចម្រៀងថ្មី និងទឹកដមសំនៀងថ្មីនេះ ព្រមទាំងការតស៊ូរបស់គាត់ផងណា៎? សំឡេងមួយនេះហើយដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកមិនដឹងខ្លួននៅពេលនាងច្រៀងបទ «ម៉ែ»ក្នុងកម្មវិធី Cambodia idol គាំទ្រណា៎ប្អូនស្រី m ur fan។ ពីរោះណាស់ ហើយចូលចិត្តទៀត គាំទ្រគ្រប់បទរបស់ប្អូន ស្រឡាញ់ណាស់ ស្រលាញ់បទហ្នឹងណាស់ ស្ដាប់ហើយមានអារម្មណ៍ថាក្ដុកក្ដួល ហើយអួលដើមក ពេញចិត្តសំឡេងគាត់ណាស់តាំងពីច្រៀងបទ “ម៉ែ” មកម្ល៉េះ»។
គួរបញ្ជាក់ថា កញ្ញា នាង ប្រាក់សុគន្ធា គឺជាបេក្ខនារីប្រឡងកម្មវិធី Cambodian Idol season2 ឆ្នាំ២០១៦កន្លងមក ជាមួយនឹងបងប្រុសបង្កើតគឺលោក នាង ប្រាក់សុគន្ធ មានស្រុកកំណើតមកពីខេត្តបាត់ដំបង ខណៈនាងបានធ្លាក់នៅវគ្គទីមួយ បងប្រុសរបស់នាងបានបន្តទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕