Skip to content

ហានិភ័យ​នៃ​ការដាក់​ប្រាក់​បញ្ញើ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន

កន្លងមក​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​បាន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់​វិញ ដែល​ធ្វើឱ្យមាន​ភាព​ឥត​សណ្ដាប់ធ្នាប់ និង​ធនាគារជាតិ​មានការ​ពិបាក​គ្រប់គ្រង ដូច្នេះ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​អំពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ និង​ចៀសវាង​ការភាន់ច្រឡំ ធនាគារជាតិ​នៃ​កម្ពុជាបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បង្ហាញថា​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ជាង 50ស្ថាប័ន​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថាប័ន​ចំនួន​តែ 7ប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង 7នោះ​រួមមាន៖

1.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់(PRASAC)

2.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​ស៊ិន​ហ្វា​ន់(ខេ​ម​បូ​ឌា)(VISIONFUND (CAMBODIA) LTD)

3.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លី​មី​ធី​ត (HATTHA KAKSEKAR LIMITED)

4.គ្រឹះស្ថាន​ហិរញ្ញវត្ថុ អេ អឹម ខេ (AMK PLC.)

5.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ភីអិលស៊ី (KREDIT PLC)

6.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ខូ អិ​ល ធី ឌី

7.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  អិ​ល​អូ​អិ​ល​ស៊ី(ខេ​ម​បូ​ឌា)ភីអិលស៊ី (LOLC (CAMBODIA) PLC)។

ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ធ្វើឡើង​ក្នុង​គោលបំណង​ជូនដំណឹង​ទៅដល់​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យបាន​ដឹងថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ព័ត៌មាន​មួយចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច​ដែល​បាន​ក្លាយខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាននិង​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន ក្រោមរូបភាព “កិច្ចសន្យា​ខ្ចីប្រាក់” និង​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​ព្រមទាំង​ការផ្តល់​ប្រាក់កម្ចី​ក្រៅច្បាប់។ ដូច្នេះ​ក្រៅពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង7ខាងលើ មិនមាន​គ្រឹះស្ថាន​ផ្សេង​ណា​ទៀត​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ។

ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លី​មី​ធី​ត មានប្រសាសន៍ថា កន្លងមក​ពិតជា​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់មកវិញ​ដូច្នេះ​មែន ហើយ​ដោយសារ​មើលឃើញ​ពី​ភាព​អសកម្ម​ទាំងនេះ ទើប​ធនាគារជាតិ​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត​ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ​កុំឱ្យ​ជឿ​តាម​ការផ្សព្វផ្សាយរបស់គេ ចៀសវាង​កើតមាន​បញ្ហា​ហានិភ័យ​ណាមួយ​ដែលនាំឱ្យ​ខាតបង់​ប្រាក់។

ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ឈានមុខ​មួយ លោក​ឧកញ៉ា​សូម​អំពាវនាវ​ទៅដល់​សាធារណជន ពិសេស​ពលរដ្ឋ​នៅតាម​ជនបទ​កុំឱ្យ​ចាញ់បោក​គេ និង​មុននឹង​សម្រេចចិត្ត​ដាក់​ប្រាក់​បញ្ញើ គឺ​ត្រូវ​រក​ស្ថាប័ន​ណា​ដែលមាន​ទំនុកចិត្ត ពិសេស​មានតែ​ស្ថាប័ន​ទាំង7 ខាងលើ​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​ពលរដ្ឋ។

លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា គ្រឹះស្ថាន​របស់លោក​ក៏​ជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម គ្រឹះស្ថាន​ទាំង7 ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​សាធារណជន ដែល​មកទល់​បច្ចុប្បន្ន មាន​អតិថិជន​ដាក់​ប្រាក់​ប្រមាណ​ជាង 2ម៉ឺន​នាក់​ដែលមាន​ប្រាក់​បញ្ញើ​សរុប​ចំនួន​ជាង370លាន​ដុល្លារ។

ជាមួយគ្នានេះដែរ​លោក សាយ សូ​នី ប្រធាន​នាយក​ប្រតិបត្តិការ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​មានប្រសាសន៍ថា ប្រកាស​នេះ​គឺជា​ការ​រំឭក​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ស្គាល់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ឱ្យ​ច្បាស់​មុននឹង​ដាក់​ប្រាក់​បញ្ញើ ដើម្បី​ចៀសវាង​ការកើតមាន​ហានិភ័យ​នាំឱ្យ​ខាតបង់​ប្រាក់​របស់ខ្លួន​នៅពេល​ក្រោយ ដែល​ករណីនេះ​កន្លងមក​ធ្លាប់​កើតមាន​នៅ​ជនបទ​ដាច់ស្រយាល​រួចមកហើយ ប៉ុន្តែ​មិនទាន់​កើតមាន​នៅក្នុង​ទីក្រុង​ឬ​ទីប្រជុំជន​ធំ​នៅឡើយ ដោយសារតែ​ពលរដ្ឋ​នៅ​ទីក្រុង​មានការ​យល់ដឹង​ច្បាស់​ពី​ការដាក់​ប្រាក់​បញ្ញើ​នេះ។

លោក​ថា កន្លងមក​លោក​ក៏​ធ្លាប់​បានឮ​ព័ត៌មាន​អំពី​ភ្នាក់ងារឥណទាន​ជនបទ​ដើរ​បំផុស​ឱ្យ​ពលរដ្ឋ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន ដោយ​សន្យាថា​នឹង​ផ្តល់​ការប្រាក់​ខ្ពស់​ត្រឡប់​ទៅវិញ​ដែរ។ ប៉ុន្តែ​ក្រោយពី​កើតមាន​បញ្ហា​មិន​សម​ទំនង​នេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បញ្ឈប់​បញ្ហា​អសកម្ម​នេះ ហើយ​ឃើញថា​ទទួលបាន​ចំណុច​វិជ្ជមាន​ស្ទើរ​ទាំងស្រុង​ដោយ​មកទល់​បច្ចុប្បន្ន​នៅមាន​ភ្នាក់ងារឥណទាន​ជនបទ​តិចតួច​បំផុត​ដែល​នៅតែ​ធ្វើ​សកម្មភាព​បែបនេះ។

លោក​បាន​បន្តថា មកទល់​ពេលបច្ចុប្បន្ន ស្ថាប័ន​របស់លោក​ទទួល​បានការ​ទុកចិត្ត​ពី​អតិថិជន​ជាច្រើន ដែល​ដាក់​ប្រាក់​បញ្ញើ​ដល់​ទៅ 55,000នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប​ដល់​ទៅ 978លានដុល្លារ​សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *