Skip to content

បើ​គ្មានអ្វី​ប្រែប្រួល ធនាគារ SMEs នឹង​កើត​នៅ​ឆ្នាំ2019

ភាពបរាជ័យ​លើ​ការដោះស្រាយ​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ម្ចាស់​សហគ្រាស​ក្នុងស្រុក​បាន​ត្អូញត្អែរ​ឥត​ល្ហែ​អំពី​ការខ្វះ​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ទំនងជា​អាច​នឹង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​ជា​ផ្លូវការ​នៅ​ឆ្នាំ2019។ “ដំណើរ​ការកសាង​នីតិវិធី​កំពុង​ត្រូវបាន​រៀបចំ…” នេះ​តាម​ការអះអាង​របស់ ឯកឧត្តម​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ការបង្ហាញ​ពី​ជំហរ​បង្កើត​ធនាគារ SMEs នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អះអាងថា បន្ទាប់ពី​មើលឃើញ​ពី​គម្លាត​ខ្លាំង​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខ្វះ​ការផ្សារភ្ជាប់​រវាង​សហគ្រាស​តូច និង​សហគ្រាស​ធំ​នោះ។ ការបង្ហាញ​ពី​ដំណើរការ​បង្កើត​ធនាគារ​នេះ បាន​ធ្វើឡើង​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ជា​សាធារណៈ​លើកដំបូង​កាលពី​ចុងឆ្នាំ2017។

ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែងថា រដ្ឋ​មិន​ចង់​លួ​កដៃ​ចូលក្នុង​ការបង្កើត​ធនាគារ​មួយ​នេះ​ទេ ប៉ុន្តែ​ក្នុង​ល្បឿន​នៃ​ការអភិវឌ្ឍ​សង្គម​រយៈពេល​ប្រមាណ 20ឆ្នាំ​កន្លងមកនេះ វិស័យ​ឯកជន និង​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​មិនបាន​បំពេញ​គម្លាត​នៃ​ការអភិវឌ្ឍ​នេះ​ទេ ដែល​បណ្តាលឱ្យមាន​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត​ច្រើន និង​សហគ្រាសធំៗក៏មាន​ច្រើន​ដែរ។

ឯកឧត្តម វ​ង្សី វិស្សុត បាន​បញ្ជាក់ថា៖ “ប្រព័ន្ធ​ធនាគារ​យើង​សព្វថ្ងៃនេះ មានតែ​ធំ​បំផុត និង​តូច​បំផុត ប៉ុន្តែ​ធនាគារ​ថ្នាក់កណ្តាល​បែ​ជា​អត់​មាន ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក៏​បែប​ហ្នឹង ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏​បែប​ហ្នឹង។

បើតាម​ប្រសាសន៍ ឯកឧត្តម វ​ង្សី វិស្សុត ធនាគារ SMEs នឹងត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ2019 បើសិន​គ្មានអ្វី​ប្រែប្រួល​ទេនោះ ហើយ​ធនាគារ​នេះ​នឹង​នាំមុខ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​ផ្នែក​ហិរញ្ញវត្ថុ​ឯកជន។ “អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ត្រូវតែ​ពិសេស​ជាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​នាពេល​បច្ចុប្បន្ន។

កាលពី​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 សម្តេច ហ៊ុន សែន​ធ្លាប់បាន​ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឈានទៅ​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចាប់ផ្តើម​ពី​ដើមទុន 100លាន​ដុ​លា្ល​រ​អាមេរិក។

ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​នៅពេលនោះ​ថា គម្រោង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​នេះ គឺ​ដើម្បី​បង្កើន​ការផលិត​ក្នុងស្រុក បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការនាំចេញ ព្រមទាំង​បង្កើន​ឱកាស​ការងារ​កាន់តែច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ។

យោងតាម​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហគ្រាស​ធុន​តូច គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 10នាក់​រហូតដល់ 49នាក់ ជាមួយ​ដើមទុន​ចាប់ពី 1ម៉ឺន​ដុល្លារ​រហូតដល់ 19.9ម៉ឺន​ដុល្លារ រីឯ​សហគ្រាស​ធុន​មធ្យម គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 50នាក់​រហូត 199នាក់ ជាមួយ​ដើមទុន​ចាប់ពី 20ម៉ឺន​ដុល្លារ រហូតដល់​ជិត 1លាន​ដុល្លារ។

យោង​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ការផ្តល់​កម្ចី​ដល់​ផ្នែក​សិប្បកម្ម ឬ​ឧស្សាហកម្ម​កែច្នៃ (កម្មន្តសាល) មាន​ត្រឹមតែ 6.3%ប៉ុណ្ណោះ​នៃ​កម្ចី​ឥណទាន​សរុប​ដែល​បានផ្តល់​ដល់​ផ្នែក​ជាច្រើន​ដូចជា ការជួញដូរ​រាយ​ស្មើ​ការជួញដូរ​ដុំ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សំណង់ ការទិញ​ផ្ទះ​ផ្ទាល់ខ្លួន ការជួញដូរ​អចលនទ្រព្យ សណ្ឋាគារ និង​ភោជនីយដ្ឋាន និង វិស័យ​លម្អិត​ជាច្រើន​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *