ដោយសារតែការវិវឌ្ឍរបស់ពិភពលោក មនុស្សម្នាក់ៗបានចាប់ផ្តើមមានការរវល់ខ្លាំងជាមួយនឹងការងារ ការសិក្សា អាជីវកម្ម និងបច្ចេកវិទ្យា ធ្វើឱ្យពួកគេកាន់តែឃ្លាតឆ្ងាយពីទំនាក់ទំនងដោយផ្ទាល់ជាមួយមនុស្សដទៃ ខណៈគ្រួសារខ្លះទៀតមានការជួបជុំគ្នាតិចបំផុត។
ជាឧទាហរណ៍ជាក់ស្តែង អ្នកស្រាវជ្រាវបាននាំអ្នកទាំងអស់គ្នាឱ្យមើលទៅលើជីវិតស្ត្រីម្នាក់ដែលមានអាយុ 60ឆ្នាំដែលកំពុងមានបញ្ហាផ្នែកផ្លូវកាយ ហើយធ្លាក់ចុះទ្រុឌទ្រោមយ៉ាងឆាប់រហ័ស។ គាត់ប្រហែលជាអាចចាប់ផ្តើមពីអាការឈឺឆ្អឹងខ្នង បន្ទាប់មកឈឺក្បាលម្តងម្កាល ហើយមានអារម្មណ៍ថា សុខភាពរាងកាយចុះទ្រុឌទ្រោមជាបន្តបន្ទាប់។ ពេលខ្លះគាត់បានទៅធ្វើតេស្តសុខភាព ហើយវេជ្ជបណ្ឌិតបែរជារកមិនឃើញអាការដែលខុសប្លែក ឬបញ្ហាផ្នែកសុខភាពរាងកាយនោះទេ តែគាត់នៅតែមានបញ្ហាសុខភាព។
បញ្ហាទាំងអស់នេះប្រហែលជាអាចកើតមានឡើងចំពោះប្រជាជនខ្មែរយើងមួយចំនួនដូចគ្នា ដែលមានអាការមិនស្រួល ឬមិនស្រណុកក្នុងខ្លួន តែពេលទៅដល់មន្ទីរពេទ្យ បែរជារកមិនឃើញមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ។
បន្ទាប់ពីគេបានស្រាវជ្រាវលម្អិតពីប្រវត្តិរបស់អ្នកជំងឺរួចមក គេបានរកឃើញថា គាត់ធ្លាប់ជាមនុស្សដែលបានបាត់បង់ប្តីកាលពី 5ឆ្នាំមុន ហើយរស់នៅតែម្នាក់ឯងតាំងពីពេលនោះរហូតមក ខណៈដែលកូនរបស់គាត់ចំនួន 3នាក់សុទ្ធតែទៅរស់នៅឆ្ងាយពីគាត់ទាំងអស់។ អ្នកជំងឺបានជួបនឹងកូនចៅរបស់គាត់តែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយសម្រាប់មិត្តភ័ក្តិរបសគាត់វិញ គឺបានជួបគ្នាតែក្នុងឱកាសពិសេសៗម្ដងម្កាលតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគាត់ចំណាយពេលនៅផ្ទះតែម្នាក់ឯងច្រើនជាងជួបមនុស្សដទៃ។
ជាការសន្និដ្ឋានក្នុងរឿងនេះ និងលទ្ធផលនៃស្រាវជ្រាវលើអ្នកជំងឺផ្សេងទៀត គេសង្កេតឃើញថា បញ្ហាចុះទ្រុឌទ្រោមខាងផ្លូវចិត្ត និងសុខភាពរាងកាយទាំងអស់នេះ បណ្តាលមកពីការបាត់បង់ទំនាក់ទំនងជាមួយមនុស្សដទៃ និងមានភាពតានតឹងធុញទ្រាន់ក្នុងអារម្មណ៍ (strees & boredom)។ ដោយក្នុងការស្រាវជ្រាវនោះបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលមានភាពឯកា ច្រើនមានបញ្ហាប្រឈមផ្នែកសុខភាពកាយ និងចិត្តខ្ពស់ជាងមនុស្សធម្មតា ហើយឆាប់ចុះទ្រុឌទ្រោមមុនអាយុ។
តាមរយៈការស្រាវជ្រាវនៅសាកលវិទ្យាល័យ Brigham Young University ដែលផ្តោតការសិក្សាលើមនុស្សជាច្រើននាក់ផ្សេងៗគ្នាដែលកំពុងរស់នៅក្នុងស្ថានភាពឯកា និងរស់នៅដាច់ពីគេនោះ បានបង្ហាញឱ្យឃើញថា 50%នៃពួកគេបានស្លាប់មុនអាយុកំណត់។ ភាពឯកា និងការរស់នៅឆ្ងាយពីសង្គម ក៏មានការពាក់ព័ន្ធនឹងបញ្ហាលើសឈាម ឡើងជាតិកូលេស្តេរ៉ូល និងជំងឺតានតឹងធុញថប់អារម្មណ៍ដែរ ប្រសិនបើពួកគេគេងសម្រាកមិនបានគ្រប់គ្រាន់ ដែលងាយនឹងធ្វើឱ្យសុខភាពធ្លាក់ដុនដាបយ៉ាងឆាប់រហ័សជាងមនុស្សដែលមានកម្លាំងចិត្តរឹងមាំទៅទៀត៕