រឿងពិតក្នុងប្រវត្តិសាស្រ្តសង្រ្គាម «ទាហានជប៉ុនលាក់ខ្លួនក្នុងទឹកដីសត្រូវជាង28ឆ្នាំ»ព្រោះមិនដឹងថាសង្រ្គាមលោកលើកទី 2 ចប់ហើយ
ទាហានជប៉ុនម្នាក់លាក់ខ្លួនក្នុងរណ្តៅ 28 ឆ្នាំ!
ជារឿងរ៉ាវដ៏សែនកំសត់ជាទីបំផុតរបស់ “Yokoi Shoichi” ទាហានជប៉ុនដែលរួចជីវិតនៅលើកោះ ហ្គួម អស់រយៈពេលយូរដល់ទៅ 28 ឆ្នាំ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី 2 ដោយមិនបានដឹងថា សង្រ្គាមបានបញ្ចប់ទៅហើយនោះឡើយ។
នៅក្នុងប្រត្តិបត្តិការសឹករបស់ទាហានជប៉ុនក្នុងសម័យសង្រ្គាមលោកលើកទី 2 យ៉ូកូអ៊ិ សូអ៊ិឈិ ជាជាងកាត់ដេរ ដែលត្រូវបានកេណ្ឌទៅប្រយុទ្ធក្នុងកងទ័ពជប៉ុននៅឆ្នាំ 1941 ដោយបានទទួលឋានន្តរស័ក្តិជា ព្រឹន្ទបាលទោ។ គេបានទទួលភារកិច្ចឱ្យចូលទៅវាយលុកកោះ ហ្គួម របស់ទាហានអាមេរិកាំងក្នុងអំឡុងឆ្នាំ 1944 តែកងទ័ពរបស់សហរដ្ឋអាមេរិកបានព័ទ្ធចាប់ទាហានជប៉ុនបានយ៉ាងឆាប់រហ័ស និងជាច្រើននាក់ត្រូវបានសម្លាប់ ដែលធ្វើឱ្យក្រុមរបស់ យ៉ូកូអ៊ិ សូអ៊ិឈិ និងមិត្តទាហាន 10 នាក់ទៀតដកថយចូលទៅក្នុងព្រៃជ្រៅ ដើម្បីពួនគេចខ្លួន តែមិនយូរប៉ុន្មាន ទាហានអាមេរិកាំងក៏រកឃើញយ៉ាងឆាប់រហ័ស ធ្វើឱ្យទាហានជប៉ុនទាំងនោះត្រូវបំបែកគ្នារត់ទៅទីកន្លែងផ្សេងៗទៀតដើម្បីលាក់ខ្លួនជាបន្ត។
យ៉ូកូអ៊ិ សូអ៊ិឈិ និងមិត្តទាហាន 3 នាក់ទៀត បានទៅពួនលាក់ខ្លួនក្នុងបរិវេណមួយជាមួយគ្នា និងរស់នៅក្នុងព្រៃអស់ជាច្រើនឆ្នាំ រហូតដល់ឆ្នាំ 1952 ពួកគេក៏បានឮព័ត៌មានថា សង្រ្គាមបានចប់ហើយ តែក៏នៅតែខ្លាចថា ព័ត៌មាននោះជាកលល្បិចរបស់ពួកអាមេរិកាំង ទើបនៅតែគេចខ្លួន និងសម្ងំរស់នៅក្នុងព្រៃតទៅទៀតដដែល។
និងមិនប៉ុន្មានឆ្នាំតមក មិត្តទាហានទាំង 3 នាក់ក៏ស្លាប់បាត់បង់ជីវិតទៅ ធ្វើឱ្យ យ៉ូកូអ៊ិ សូអ៊ិឈិ ត្រូវរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯង ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននឹកឆ្ងល់ថា តើដោយសារហេតុអ្វី ទើបធ្ចើឱ្យទាហានជប៉ុនមួយរូបនេះនៅមានជីវិត?។
យ៉ូកូអ៊ិ សូអ៊ិឈិ ប្រើពេលវេលាជាង 3ខែក្នុងការជីករណ្តៅសម្រាប់សម្ងំលាក់ខ្លួន ដែលមានជម្រៅចុះទៅក្រោមប្រមាណជា 7 ហ្វុត មានមាត់ផ្លូវចុះទៅទំហំតូច និងអាស្រ័យគម្របមាត់រណ្តៅធ្វើអំពីឫស្សីបិទបាំង ព្រមទាំងបានជីករន្ធបង្ហុយតូចមួយដើម្បីឱ្យខ្យល់អាកាសចេញចូលទៀតផង។ យ៉ូកូអ៊ិ ពួនសម្ងំខ្លួននៅក្នុងទីនោះ និងចិញ្ចឹមជីវិតដោយការចាប់ត្រី កង្កែប ពស់ និងផ្លែឈើព្រៃមកធ្វើជាអាហារ។
រហូតមកដល់ឆ្នាំ 1972 មានអ្នកនេសាទក្នុងតំបន់ 2 នាក់បានប្រទះឃើញទាហានជប៉ុនរូបនេះនៅលើមាត់ច្រាំងនៃដងទន្លេ Talofofo ពេលនោះ ទាហានជប៉ុនម្នាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះខ្លាចត្រូវគេចាប់ខ្លួនយកទៅឱ្យទាហានអាមេរិកាំង គេក៏អង្វរករដោយសុំឱ្យអ្នកនេសាទទាំង 2 នាក់នោះសម្លាប់រូបគេចោលចុះ តែផ្ទុយទៅវិញអ្នកនេសាទទាំង 2 បានជួយសង្រ្គោះយ៉ូកូអ៊ិ និងនាំរូបគេត្រឡប់មកផ្ទះវិញ។
2 សប្តាហ៍ក្រោយមក Yokoi Shoichiត្រូវបានជួយសង្រ្គោះឱ្យបានត្រឡប់ទៅប្រទេសជប៉ុនវិញក្នុងឋានៈជាវិរៈបុរសសង្រ្គាម និងមានជីវិតរស់នៅរហូតដល់អាយុ 82 ឆ្នាំ គេក៏ទទួលមរណភាពទៅ។
ចំណែករណ្តៅសុវត្ថិភាពរបស់ Yokoi Shoichi ពីដំបូងបានទទួលនូវការឃុំគ្រងថែរក្សាទុកជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ទោះជាវាបាក់រលំខូចខាតទៅតាមពេលវេលាហើយក៏ដោយ។ បច្ចុប្បន្នរណ្តៅសុវត្ថិភាពសិប្បនិម្មិតមួយត្រូវបានសាងឡើងទុកជាអនុស្សាវរីយ៍ចំពោះ Yokoi Shoichi និងមិត្តទាហានរបស់គេ 3 នាក់ទៀតនៅក្នុងសារមន្ទីរ Talofofo Falls Resort Park ដែលអនុញ្ញាតឱ្យអ្នកទេសចរចូលទស្សនា និងមានឈ្មោះថា Yokoi Cave៕
ស្រាវជ្រាវដោយ តាវ៉ែនតា