ចិន៖ ថ្មីៗនេះ អាជ្ញាធរចិនបានបង្ក្រាបករណីរត់ពន្ធទូរស័ព្ទ iPhone ចំនួនដ៏ច្រើនសន្ធឹកមួយ ពីទីក្រុងហុងកុងចូលទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេសចិន ដែលសរុបជាទឹកប្រាក់មានរហូតដល់ 80លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
យោងតាមការចេញផ្សាយរបស់ស៊ិនហួ បានឱ្យដឹងថា នេះជាករណីបង្ក្រាបការរត់ពន្ធទូរស័ព្ទ iPhoneក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយដែលមិនធ្លាប់មាន ពីមុនមកឡើយសម្រាប់ប្រទេសចិន ដែលនៅក្នុង នោះមានមនុស្ស 26នាក់ត្រូវបានឃាត់ខ្លួន។ ក្រុមអ្នករត់ពន្ធទូរស័ព្ទ iPhone បានប្រើប្រាស់យន្តហោះ Drone ដឹកទូរស័ព្ទ iPhone ឆ្លងកាត់ព្រំដែនហុងកុង-ចិន ដោយសកម្មភាពនេះត្រូវបានធ្វើឡើងនៅវេលាយប់ពាក់កណ្ដាលអាធ្រាត្រ ដោយក្នុងនោះមានទូរស័ព្ទ iPhone ប្រមាណជា 15,000គ្រឿង ត្រូវបានរត់ពន្ធក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ហុងកុងគឺ ជាទីផ្សារដ៏ធំបំផុតមួយដែលមានករណីរត់ពន្ធទូរស័ព្ទ iPhone ចូលទីផ្សារប្រទេស ចិនច្រើនជាងគេ ដោយកាលពីឆ្នាំ2015 មានបុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីរត់ពន្ធទូរស័ព្ទ iPhone នេះដែរ ដោយនៅពេលនោះ ក្រោយពីធ្វើការឆែកឆេរលើខ្លួនគេរួចមក អាជ្ញាធរបានរកឃើញទូរស័ព្ទ iPhone ចំនួនដល់ទៅ 94គ្រឿង ឯណោះ៕