តារាឆ្នើម Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ដ៏ល្អតាមរយៈការស៊ុតបករំលងក្បាលមួយគ្រាប់ផងដែរ ខណៈដែលក្រុម Real Madrid បានបោះជំហានយ៉ាងកៀកឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ តាមរយៈការផ្តួលក្រុមម្ចាស់ផ្ទះ Juventus 3-0 ក្នុងការប្រកួតជើងទី1 នៃវគ្គ 8ក្រុមចុងក្រោយ។
ស្របពេលជាមួយគ្នានេះ ក្រុម Bayern Munich ក៏បានបោះជំហានឆ្ពោះទៅកាន់វគ្គ 4ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions Leagueផងដែរ ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែបម្រើ Thiago Alcantara បានជួយឱ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Sevilla កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី1 នៃវគ្គ 8ក្រុមចុងក្រោយរបស់ពួកគេនៅលើទឹកដីក្រុមអេស្ប៉ាញ។
Ronaldo បានរកគ្រាប់បាល់បើកឆាកក្នុងទីក្រុង Turin ក្រោយពីលេងបានត្រឹមតែ 3នាទី និងបានបន្ថែមគ្រាប់បាល់ទី2 នៅនាទីទី64តាមរយៈការស៊ុតបាល់បករំលងក្បាលយ៉ាងល្អ ដើម្បីក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទី 10ប្រកួតជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League និងដើម្បីជួយឱ្យរូបគេរកបានគ្រាប់បាល់សរុប 14គ្រាប់ក្នុងយុទ្ធនាការនៅរដូវកាលនេះ។ ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បានរងពិន័យកាតក្រហមនៅនាទីទី66 នៅមុនពេល Ronaldo បានជួយឱ្យ Marcelo បំពេញជ័យជម្នះសម្រាប់ក្រុមខ្លួន និងជួយឱ្យ Real ស្ថិតក្នុងការគ្រប់គ្រងទាំងស្រុង មុននឹងឈានទៅកាន់ការប្រកួតជើងទី2 ក្នុងទីក្រុងម៉ាឌ្រីដ នាថ្ងៃទី11 ខែមេសា ខាងមុខនេះ៕
ប្រភពពី៖ Sky Sports