នៅពេលថ្មីៗនេះ តារាចម្រៀង Original Song កញ្ញា អេដា រួមគ្នាជាមួយលោក សួន ពិសិដ្ឋ បានផលិត និងសម្រិតសម្រាំងស្នាដៃនិពន្ធបទភ្លេងថ្មី ដែលមានចំណងជើងថា « នាំប្រពន្ធដើរលេង » ដែលបានស្ដែងឱ្យអ្នកគាំទ្របានឃើញពីការច្នៃប្រឌិតឧបករណ៍ភ្លេងបុរាណខ្មែរ និងភ្លេងសម័យរួមបញ្ចូលគ្នា ។ ទន្ទឹមនឹងការសាទរអំណរទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 តារាចម្រៀងទាំងពីរដួងនេះ បានរំពឹងទុកថា ចម្រៀងចង្វាក់ប្រជាប្រិយប្រពៃណីខ្មែរមួយនេះ និងអង្រួនដួងចិត្តមហាជនគ្រប់ស្រទាប់វណ្ណៈ បានរាំចម្រៀងលេងសប្បាយទៅតាមគ្រប់ខេត្តក្រុង។
លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទភ្លេងក៏បានលើកឡើងថា « ឆ្នាំនេះនាំប្រពន្ធដើរលេងសិនបានៗ! សាងគុណសម្បត្តិឱ្យច្រើនវិញទើបបានខ្លាចប្រពន្ធទារលែង! ។ បទថ្មីរបស់ខ្ញុំជាមួយកញ្ញាអេដា (ADDA ANGEL MUSIC ) សម្រាប់ចូលរួមឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មី2018យើងនេះ! សាច់រឿងទំនុកច្រៀងកញ្ញាអេដានិងខ្ញុំតាក់តែងឡើងរួមគ្នា ចំពោះបទភ្លេងលក្ខណៈប្រពៃណីខ្មែរយើង ខ្ញុំតែងនិពន្ធជាចង្វាក់ សារ៉ាវ៉ាន់ តាលុង ម៉ាឌីស្សុន ល្បាយលាយជាមួយ ចាប៉ីដងវែង ទ្រ ខ្លុយ ស្គដៃ ស្គយីកេ និងឆៃយ៉ាំទម្រង់ខ្មែរ។ អរគុណបងប្អូនសម្រាប់ការគាំទ្រខ្ញុំទាំងពីរនាក់និងប្រពៃណីវប្បធម៌ខ្មែរយើង»។
ជាមួយគ្នានោះដែរ កញ្ញា អេដា ក៏បានបន្ថែមថា « បទថ្មីពី នាងខ្ញុំ និង បងសួន ពិសិដ្ឋ សហការគ្នាជាលើកដំបូង តោះរាំចង្វាក់ តាលុង ទាំងអស់គ្នា អរគុណសំរាប់ការគាំទ្រ ចា! »។ ចង់ដឹងថា បទ « នាំប្រពន្ធដើរលេង » ជាចង្វាក់តាលុងឆ្នាំ 2018 នេះ រណ្ដំចិត្តប៉ុនណានោះ សូមទស្សនា និងរាំកម្សាន្ដជាមួយវីដេអូខាងក្រោមនេះ៖